BREAKING NEWS
Search

កម្មករនិយោជិកជាង៣៥០០នាក់ទៀត ទទួល​ប្រាក់ឧបត្ថម្ភ​

ភ្នំពេញ៖ ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បន្ត​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​និយោជិក​ ចំនួន​៣៥៣៦នាក់ នៃ​រោងចក្រ​ សហគ្រាសចំនួន១៩ នៃ​វិស័យ កាត់ដេរ​ និង​វិស័យ ទេសចរណ៍​ ដែល​ត្រូវ​បាន​​ព្យួរ កិច្ច​សន្យា ការងារ​ ដោយសារតែ​ឥទ្ធិពល​ នៃជំងឺកូវីដ១៩។

​យោង​តាម​សេចក្ដីជូនដំណឹង​របស់ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោម​រោងចក្រ ​សហគ្រាស​១៩ មាន​រោងចក្រ​ស្ថិតក្នុងវិស័យកាត់ដេរចំនួន «១២រោង​ចក្រ​ និងសហគ្រាសក្នុងវិស័យ​ទេសចរណ៍​ ចំនួន៧ ។

ក្រសួងការងារ ឲ្យដឹងថា ចំពោះប្រាក់ឧបត្ថម្ភនេះ​រាជរដ្ឋាភិបាល​ ធ្វើឡើង​តាមរយៈ​ធនាគារវីង ដែល​ផ្ញើសារ​ចូល​ទៅ​ក្នុងទូរស័ព្ទដៃរបស់​កម្មករ​និយោជិក​ ដែលបានផ្តល់ឲ្យក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​និងសហ​គ្រាស នាពេលកន្លងមក។

ប្រាក់​ឧបត្ថម្ភ​នេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និង​អាស្រ័យ​លើចំនួនថ្ងៃ នៃ​ការព្យួរ​កិច្ចសន្យា​ការងារ ក្នុង​នោះ​ចំនួន៦០,៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃ ដល់១០ថ្ងៃ។

ចំនួន១២១,៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃ ដល់២០​ថ្ងៃនិងចំនួន១៦២,០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់១ខែ។

ដើម្បី​ចៀសវាង​ការលំបាក ក្នុងការបង្វិល​ថវិកា​សងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាស​សុំចូល​ធ្វើការ មុនកាលកំណត់ នៃរយៈពេលព្យួរ​កិច្ចសន្យា​ការងារ នោះ​ប្រាក់ឧបត្ថម្ភ​ នឹងត្រូវចែកចេញជា២ដង សម្រាប់​បងប្អូនដែលព្យួរកិច្ចសន្យាការងារចាប់ពី ២១ថ្ងៃ ដល់១ខែ និងត្រូវបែងចែកជា៤ដង សម្រាប់បងប្អូន​ដែលព្យួរកិច្ច សន្យាការងាររយៈពេល២ខែ ដោយក្នុង១ដង ស្មើនឹងថវិកាចំនួន ៨១,០០០រៀល (២០ដុល្លារអាមេរិក)។

ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាខកខាន មិនបានទៅបើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបាន​សារតាមទូរសព្ទ​ពីធនាគារឯក​ទេស​វីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ គឺត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​ និងទូរសព្ទ ដែលទទួល​បានសារ​​ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត និងមិន​តម្រូវ​ឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីង ឡើយ ។

គួរបញ្ជាក់ថា នេះជាលើកទី៩ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិក​ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ទាំង វិស័យ​កាត់ដេរ និង​វិស័យ​​ទេសចរណ៍៕

អត្ថបទ ៖ សំអឿន

ចុចអាន ៖ អាជ្ញាធរ​មូលដ្ឋាន​នឹងប្រឈមមុខប្រសិន​រកឃើញ​ករណីមិនប្រក្រតីលើការផ្តល់ប្រាក់ជូនពលរដ្ឋ​ក្រីក្រ