BREAKING NEWS
Search

ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី៦ ខែកក្កដា មានអ្នកដំណើរតាមផ្លូវអាកាសចូលកម្ពុជាជាង១៧០០០នាក់

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមាន​ប្រសាសន៍​នៅ​រសៀលថ្ងៃទី៦ ខែកក្កដា នេះថា ចាប់តាំងពីកម្ពុជាបានបើកឲ្យ​ជនបរទេស​ចូលឡើងវិញ​កាលពីថ្ងៃទី២០​ខែឧសភា ឆ្នាំ២០២០មក រហូតមកដល់ថ្ងៃទី៦ ខែ​កក្កដា​ ឆ្នាំ២០២០នេះ មាន​ជនបរទេស​ និងខ្មែរចំនួន​១៧១៦៤នាក់ហើយ បាន​ធ្វើដំណើរ​ចូលមកប្រទេសកម្ពុជា ក្នុងនោះមានជនជាតិខ្មែរចំនួន២០៥៤នាក់​។

លោកស្រី បានបន្តថា ក្នុងចំណោមជនបរទេសជាង១៥០០នាក់ ភាគច្រើនជាជនជាតិចិន ដែលមកពីប៉េកាំង សៀងហៃ និង​គ័តតុង​ ដែលមកធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផ្សេងៗនៅ​កម្ពុជា តែ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់រាជរដ្ឋាភិបាល គឺ​តម្រូវ​ឲ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា មិនមានឆ្លងជំងឺកូវីដ១៩ ត្រូវមានប្រាក់ធានា​រ៉ាប់រង​សុខភាព៥ម៉ឺនដុល្លារ និងត្រូវ​តម្កល់​ប្រាក់​នៅព្រលានយន្តហោះ ចំនួន៣ពាន់ដុល្លារ ​សម្រាប់​ចំណាយ​ទៅលើការ​ធ្វើតេស្ត​ ការធ្វើ​​ចត្តាឡឺស័ក​ និង​មធ្យោបាយ​ដឹកជញ្ជួនជាដើម។

លោកស្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ថែមទៀតថា ក្នុងករណីដែល​អ្នកដំណើរ​បរទេស​ទាំងនោះ មានឆ្លងជំងឺ​កូវីដ១៩ ក្រសួង​តម្រូវ​អោយអ្នកដំណើរត្រូវតម្កល់ប្រាក់៣០០០ដុល្លារបន្ថែមទៀត សម្រាប់​ព្យាបាលជំងឺ​នៅមន្ទីរពេទ្យ ដោយសារ​ប្រាក់​ធនារ៉ាប់ចំនួន៥ម៉ឺនដុល្លារ ដែលជនបរទេសមាននៅមិនទាន់អាចបើកប្រើប្រាស់បាននៅឡើយទេ ដែល​ការងារនេះក្រសួងកំពុងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុងស្រុក ដើម្បីធ្វើយ៉ាងណាអាចយកថវិកា​ធានារ៉ាប់រង​ដែលជនបរទេសមានអាចប្រើប្រាស់នៅកម្ពុជាបាន។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានបន្ថែមទៀតថា ក្នុងករណីអ្នកដំណើរបរទេសមិន​មានរកឃើញ​ឆ្លងកូវីដ​១៩ទេ គឺក្រសួងនឹងបង្វិលថវិកាទាំងដែលនៅសេសសល់ត្រឡប់​ទៅម្ចាស់ដើមវិញក្រោយពេល​ធ្វើ​ចត្តាឡឺស័ក​៥ ថ្ងៃ ដោយអ្នកដំណើរអាចទៅទទួលនូវថវិកាដែល​សល់នៅធនាគារអេស៊ីលីដា ធនាគារអាស៊ីចំកាត់ និងនៅ​ធនាគារកាណាឌីយ៉ា។

លោកស្រី បានបញ្ជាក់ដែរថា ចំពោះពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីក្រៅប្រទេសវិញ គឺមិនតម្រូវ​ឲ្យមាន​ដូច​ជនបរទេសនោះឡើយ ហើយការធ្វើ​តេស្ត​និងការស្នាក់នៅធ្វើ​ចត្តាឡឺស័ក​ គឺជាបន្ទុករបស់រដ្ឋាភិបាល ​ដូចជា​​ផ្ដល់​អាហារ៣ពេល កន្លែងស្នាក់នៅដែលមាននៅវិទ្យាល័យ​ជម្ពូវ័ន​ មូលដ្ឋានទ័ពអាកាស មណ្ឌលសុខភាពចាក់​អង្រែ និងសាលាសម្តេច ហ៊ុន សែន ​ពោធិ៍ចិនតុង​។

លោកស្រី បានឲ្យដឹងទៀតថា ក្នុងចំណោមជនបរទេស និងខ្មែរចំនួន១៧១៦៤នាក់នោះ មានតែ​១៨នាក់​ប៉ុណ្ណោះ​ មានឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ខែកក្កដានេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ​១៩ចំនួន១៤១នាក់ ​ក្នុងនោះមានអ្នកជា​​សះស្បើយ​ចំនួន១៣១ និងនៅសល់១០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
​​
អត្ថបទ ៖ សំអឿន

ចុចអាន៖ កម្ពុជា ទទួលប្រាក់​តម្កល់​ពីអ្នកដំណើរបរទេសសរុប​៩លានដុល្លារ