BREAKING NEWS
Search

កូនឈើ​ព្រៃ​លិច​ទឹក​៤​ម៉ឺន​ដើម ត្រូវ​បាន​ដាំ​ស្តារ​ព្រៃ​ឡើងវិញ​ នៅ​លើ​ផ្ទៃដី​៤០​ហិកតា

សៀមរាប ​៖ ​កូនឈើ​ព្រៃឈើ​លិច​ទឹក​ចំនួន​៤​ម៉ឺន​ដើម ត្រូវ​បាន​ដាំ​ដុះ​ស្តារឡើងវិញ នៅ​លើ​ផ្ទៃដី​៤០​ហិកតា ក្នុង​តំបន់​៣ នៃ​ភាគ​ខាងជើង​បឹង​ទន្លេសាប​។ ការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​នេះ​គឺជា​សកម្មភាព​មួយ​នៃ​គម្រោង​រេ​ដ​បូក​សាកល្បង កំពុង​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​ដែល​គាំទ្រ​ថវិកា​ដោយ​គម្រោង​ភាពជា​ដៃគូ​កាបូន​ព្រៃឈើ (FCPF)​។

ការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប ដោយមាន​ការចូលរួម​ដោយ​ព្រះសង្ឃ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​សហគមន៍​នេសាទ​សសរស្ដម្ភ។

​លោក ព្រឹន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​លើក​ឡើង​ថា ការ​ដាំ​កូនឈើ​នៅ​តំបន់​ព្រៃ​លិច​ទឹក​នេះ​ជា​និម្មិត​រូប​មួយ​ពញ្ញាក់​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​សសរស្ដម្ភ សហគមន៍​មុខ​បែន បាន​ដាំ​កូនឈើ​នេះ ក្រោម​ការឧបត្ថម្ភ​របស់​គម្រោង​ភាពជា​ដៃគូ​កាបូន​ព្រៃឈើ (FCPF)​នៃ​ក្រសួងបរិស្ថាន​។

នាយកដ្ឋាន​អភិរក្ស​នៃ​រដ្ឋបាល​ជលផល​បាន​ផ្ដួចផ្ដើម​ដាំ​កូនឈើ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​នេះ​ នៅ​លើ​ផ្ទៃដី​៤០ ហិច​តា ស្មើ និង​៤​ម៉ឺន​ដើម មាន​ប្រភេទ​ពូជ​កូនឈើ ដើម​រាំង កូនទោល កូន​ចឹក​កែង កូន​ទាស់ កូនកន្សែង កូន​ត្អូរ ជាដើម។

លោក​បានបញ្ជាក់​បន្តថា ការដាំ​ស្តារ​ឡើងវិញ​នេះ គឺ​នៅ​លើ​ផ្ទៃដី​ដែល​ទទួលរង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​នា​រដូវប្រាំង​៣​ឆ្នាំ កន្លង​មក​ដែល​ទទួលរង​នូវ​ភាពរាំងស្ងួត នា​រដូវប្រាំង​កន្លងមក និង​យើង​បាន​ចូលរួម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយ​ចូលរួម​ថែរក្សា អភិរក្ស នូវ​ព្រៃ​លិច​ទឹក ស្តារ​ធនធានធម្មជាតិ​របស់​យើង​ឡើងវិញ ដើម្បី​ជា​ជម្រក​ពង​កូន​សម្រាប់​មច្ឆាជាតិ​នៅ​រដូវ​ទឹក​ឡើង​។

លោក ថា​ន់ ហឹ​ក អភិបាលរង​ស្រុក​ពួក បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋ​ជាច្រើន ដែល​បាន​ចូលរួម​នៅក្នុង​ការ​ដាំ​កូនឈើ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​នៃ​ភាគ​ខាងជើង​បឹង​ទន្លេសាប​នេះ បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ ជាមួយនឹង​គម្រោង​នេះ ដែល​និង​ជួយ​ឲ្យ​មាន​ការ​ការពារ និង​អភិរក្ស​ព្រៃ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​នេះ និង​រក្សា​បានជា​កេរ្តិ៍ដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ជា សំអាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​នាយក​គម្រោង​រេ​ដ​បូក នៃ​ក្រសួងបរិស្ថាន មានប្រសាសន៍​លើកឡើង​ថា គម្រោង​នៃ​ការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​នេះ ស្ថិត​នៅ​ក្រោម​ការ​គាំទ្រ​របស់​គម្រោង​រេ​ដ​បូក​កម្ពុជា​។

គម្រោង​នេះ​គឺជា​គម្រោង​មួយ​ ដែល​បាន​កំពុងតែ​អនុវត្តន៍ និង​ការកាត់បន្ថយ​នូវ​ការបាត់បង់​និង​រិចរិល​ព្រៃឈើ ហើយ​ជា​ការ​ចាំបាច់​គម្រោង​ពិនិត្យ​ទៅលើ​តំបន់​ណា​ដែល​មាន​សភាព​រិចរិល ឬក៏​បាត់បង់​។

លោក​លើកឡើង​បន្ត​ថា នៅក្នុង​តំបន់​នេះ​គឺជា​តំបន់ ព្រៃ​លិច​ទឹក ហើយ​ប្រជា​សហគមន៍​មូលដ្ឋាន ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក គាត់​បាន​យល់ដឹង​ច្រើន​អំពី​ប្រយោជន៍​រួម​នៅ​ការ​ថែរក្សា​ការពារ​ព្រៃ​លិច​ទឹក​នេះ ដែល​ធ្វើ​ឲ្យ​គាត់​មានបំណង​និង​ស្តែង​ចេញ​នូវ​ផែនការ​សកម្មភាព​ក្នុង​ការ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​នូវ​សកម្មភាព​នៃ​ការ​ដាំ​កូនឈើ​នៅ​តំបន់​ព្រៃ​លិច​ទឹក​នេះ​សំរាប់​ជា​ប្រយោជន៍​រួម​ទៅ​អនាគត​។

លោក​បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា ព្រៃ​លិច​ទឹក​គឺជា​កន្លែង​មួយ​ដែលជា​តំបន់​អភិរក្ស​របស់ តំបន់​ទំនាប​បឹង​ទន្លេសាប ហើយ​កន្លែង​អភិរក្ស​នេះ គឺ​គេ​អភិរក្ស​ជីវៈ​ចម្រុះ​ទាំង​នៅក្នុង​ទឹក និង​ទាំង​នៅលើ​គោក​ ហើយ​អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​នេះ គឺ​សហគមន៍​ប្រជាជន​មូលដ្ឋាន​តែម្តង​។

លោក​បាន​លើក​ឡើង​បន្ត​ថា មច្ឆាជាតិ​ទាំងអស់​ ដែល​រស់នៅ​បាន​គឺ​ពឹងផ្អែក​ទៅលើ​ព្រៃ​លិច​ទឹក​នេះ ដែល​បាន​បន្សល់​សត្វ​ច្រើន ហើយ​អ្វី​ដែល​បាន​មាន​សល់​រហូតមកដល់​សព្វថ្ងៃនេះ គឺ​បាន​ដោយសារ​ព្រៃ​លិច​ទឹក​នេះ​៕
បន្ទាយក្តី

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114