BREAKING NEWS
Search

សហគមន៍ទឹកធ្លាក់អន្លង់​ស្វាយ បង្កើត​កសិទេសចរណ៍ដាំដំណាំកសិកម្មបែបទំនើប ដើម្បីបម្រើ​ភ្ញៀវទេសចរណ៍

ខេត្តកំពង់ឆ្នាំង៖ លោក នុត ហេង ប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្លង់​ស្វាយ បានអោយដឹងថា ពេលនេះភាគីខាងវិទ្យាស្ថានប្រាយហូមនៅខេត្តកំពង់ឆ្នាំង បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមប្រឹក្សាឃុំក្បាលទឹក ស្រុកទឹកផុស ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់ទេសចរណ៍រយះពេល២០ឆ្នាំ ជាមួយសហគមន៍។

ក្នុង​នោះ​បានដាំដុះដំណាំ​កសិកម្មរួមមាន ដើមធូរេន ដើមប័រ និងដើមកាហ្វេ បានប្រមាណជាង៣០០ដើម នៅលើដីប្រមាណ៣ហិកតា និងក៏បានធ្វើគ្រោងឆ្អឹងកញ្ចុស សំរាប់ភ្ញៀវទេសចរណ៍មកលេងកំសាន្តបានមួយចំនួនផងដែរ ។

លោកប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្លង់​ស្វាយបានបន្តថា នៅក្នុងគម្រោងអភិវឌ្ឍន៍ភាគីដៃគូអភិវឌ្ឍន៍ នឹងរៀបចំឲ្យមានមជ្ឈមណ្ឌលកម្មសិក្សាកសិកម្មទំនើប តំបន់កសិទេសចរណ៍សម្រាប់និស្សិតធ្វើកម្មសិក្សា ធ្វើការស្រាវជ្រាវ និងសម្រាប់សហគមន៍អនុវត្តផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ផងដែរ។ ក្នុងនោះក៏ត្រូវ រៀបចំទីតាំងកសិទេសចរណ៍ធម្មជាតិ ទេសចរណ៍ការច្នៃ ធ្វើខ្ទមឬបន្ទប់ហូបស្តេរសម្រាប់ស្នាក់កំសាន្ត និងដើម្បីបង្រៀននិស្សិតឲ្យអនុវត្តផ្ទាល់ នឹងសម្រាប់ភ្ញៀវទេសចរចូលកំសាន្តហើយក៏ត្រូវបង្កើតថ្នាក់រៀនកសិកម្មទំនើប ដើម្បីអនុវត្តផ្ទាល់សម្រាប់យុវជន យុវនារី ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រៀបចំបង្កើតកសិដ្ឋានបង្ហាញ តាមបែបកសិកម្មទំនើប ដើម្បីឲ្យកសិករអនុវត្តតាម មានដូចជាចិញ្ចឹមឃ្មុំ ចិញ្ចឹមសត្វព្រៃ ដាំដើមផ្កា ដាំឬស្សីទំពាំង ដាំដើមល្មើ ជាដើម ។ នៅក្នុងកម្រោង វិទ្យាស្ថានប្រាយហូមក៏មា នគម្រោងផ្ដល់អាហារូបករណ៍៥០%នៃថ្លៃសិក្សា រយៈពេល០៤ឆ្នាំដល់សិស្សឃុំក្បាលទឹកចំនួន១០នាក់ជារៀងរាល់ឆ្នាំផងដែរ ។

 

ចំពោះទិសដៅរបស់គម្រោង គឺកែប្រែតំបន់ព្រៃភ្នំឲ្យទៅជាតំបន់កសិទេសចរណ៍ មានភ្ញៀវទេសចរណ៍ជាប្រចាំ មានដំណាំឧស្សាហកម្ម និងការធ្វើកសិកម្មតាមបែបទំនើបនៅពេញតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង។ បង្កើតតំបន់ទេសចរណ៍តាមជ្រលងអូរ សម្រាប់ការលេងទឹក សម្រាកកំ សាន្ត មើលសួនបន្លែ សួនផ្កា ផ្លាស់ប្ដូរពីការដាំចេកទៅជាចំការកាហ្វេ ប័រ ធូរេន ល្មើ ដូរពីចម្ការដាំស្រូវទៅជាចម្ការដាំបន្លែ ដាំផ្កាបែបទំនើប ដែលមានប្រភពទឹកហូរពីភ្នំមិនដាច់ ដើម្បីបានប្រាក់ចំណូលទ្រទ្រង់និសិត្សកម្មសិក្សា និងប្រជាពលរដ្ឋក្នុងសហគមន៍ ។

លោកប្រធានសហគមន៍ក៏បានបញ្ជាក់ផងដែរថា តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយមានប្រភពទឹកហូរពីលើភ្នំឱរ៉ាល់មិនដាច់ទាំវស្សានិប្រាំង ដែលបង្កលក្ខណៈងាយស្រួលដល់ការដាំដុះដំណាំកសិឧស្សាហកម្មទទួលបានផលល្អប្រសើរ ។ សហគមន៍សង្ឃឹមថា នៅពេលគម្រោងអភិវឌ្ឍន៍បានដំណើតការតាមកាគ្រោងទុក នោះភ្ញៀវទេសចរណ៍និងមានមកលេងកំសាន្តជាប្រចាំ ដែលអាចធ្វើអោយជីវភាពប្រជាពល រដ្ឋនៅក្នុងសហគមន៍បានប្រសើរឡើង ។ ដោយឡែកនៅពេលបញ្ចប់គម្រោងរយះពេ ល២០ឆ្នាំ រាល់ហេដ្ឋារចនាសម្ពន្ធ័ដែលបានកសាងនិងអភិវឌ្ឍន៍ ភាគីវិទ្យាស្ថានប្រាយហូម នឹងប្រគល់អោយសហគមន៍គ្រប់គ្រងវិញទាំងអស់ ពេលនោះនឹងផ្តល់លទ្ធភាពអោយសហគមន៍ម្ចាស់ការធ្វើការអភិវឌ្ឍន៍រកប្រភពចំណូលដោយខ្លួនឯងបានល្អប្រសើរ ៕

កំពង់ឆ្នាំង(ឈៀង ថារិទ្ធ )