BREAKING NEWS
Search

ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​៧​នាក់ ​​ពាក់ព័ន្ធ​ករណី ចាប់​ជនជាតិ​ជន​ចិន​ដូចគ្នា​បង្ខាំង​ជំរិត​ទារ​ប្រាក់

ព្រះសីហនុ​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២០នេះ លោក​បាន​បញ្ជាក់​ថា កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិ​ការ​ចុះ​ទៅ​បង្ក្រាប ករណី​ជនជាតិ​ចិន​មួយ​ក្រុម ពាក់ព័ន្ធ​បទល្មើស ចាប់​បង្ខាំង និង​ជំរិត​ទារ​ប្រាក់​ពី​ជន​ជាតិ​ចិន​ដូចគ្នា​ម្នាក់ ស្ថិតនៅ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។

ដោយ​ក្នុង​ប្រតិបត្តិការ​នេះ ​លោក​បាន​ដឹកនាំ​កម្លាំង​កង​រាជ​អាវុធហត្ថ​ចំនួន​៣០​នាក់ ក្រោម​ការ​សម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ​។​ ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​បាន​រំដោះ​ជនរងគ្រោះ​និង​ចាប់​បាន​ជន សង្ស័យ ចំនួន​៧​នាក់ ក្នុង​នោះ​មាន​ស្រី្ត​ម្នាក់​។​

​ជនសង្ស័យ​ទាំង​៧​នាក់​រួមមាន​៖ ​ទី​១.ឈ្មោះ Cao Ya Qi ភេទ​ស្រី អាយុ​២១​ឆ្នាំ​។​ ទី​២. ឈ្មោះ Yang Jing ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។​ ទី​៣. ឈ្មោះ Xie Ji Liu ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​ ទី​៤. ឈ្មោះ Cai Lei Lei ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។​ ទី​៥. ឈ្មោះ Ou Qiang ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។​ ទី​៦. ឈ្មោះ Zhu Shou Jiang ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ ទី​៧. ឈ្មោះ Li Jun ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។

ដោយឡែក ជនរងគ្រោះ​ ដែល​ត្រូវ​បាន​រំដោះ​បាន​មានឈ្មោះ Luo Ping​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ជនជាតិ​ចិន​។​ ក្រោយ​ប្រតិបត្តិការ​កម្លាំង​អាវុធហត្ថ​ បាន​ដកហូត​វត្ថុតាង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​រួមមាន​៖ ​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-9891, ​ម៉ូតូ ចំនួន​០១​គ្រឿង ម៉ាក PCX ពណ៌​ស គ្មាន​ស្លាក​លេខ, ថ្នាំ​គ្រាប់​ពណ៌​ក្រហម ចំនួន​០២​គ្រាប់ និង​ម្សៅ​ស​ថ្លា ចំនួន​០១​កញ្ចប់ (​សង្ស័យ​ជា​ថ្នាំញៀន​), ត្រា​ក្រហម ចំនួន​០៨​ត្រា, កាត​ធនាគារ ចំនួន​៥៤​សន្លឹក, ខ្នោះដៃ​ចំនួន​០៣, ម៉ាស៊ីន​ផ្លុំ​សក់​ចំនួន​០១, វ៉ា​លី ចំនួន​០២ (​តូច​០១ និង​ធំ​០១), ទូរស័ព្ទ​ដៃ ចំនួន​០៦​គ្រឿង, ​ដំបង​ឆក់ ចំនួន​០១​ដើម, ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​និង​ឯកសារ​មួយ​ចំនួន, ឧបករណ៍​សម្រាប់​ឆែក​ទិន្នន័យ​ធនាគារ​មួយ​ចំនួន​, លិខិតឆ្លងដែន​ចំនួន​០៣​ច្បាប់, ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន, កាបូបដៃ​ចំនួន​០១, ​ស៊ីម​ទូរស័ព្ទ​មួយ​ចំនួន, ​អត្តសញ្ញាណប័ណ្ណ​មួយ​ចំនួន, ឈើចាក់ធ្មេញ ចំនួន​០១​ដុំ, ឧបករណ៍​ឆែក​ទិន្នន័យ​ធនាគារ ចំនួន​១៣ គ្រឿង​។

បច្ចុប្បន្ន​ជនជាប់សង្ស័យ​ចំនួន​៧​នាក់​ខាងលើ ត្រូវ​បាន កម្លាំង​ជំនាញ​កង​រាជ​អាវុធខេត្ត​ធ្វើការ សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​
អត្ថបទ៖ កោះពស់
សូមចុចអានឥទ្ធិពល​គ្រឿងញៀន​ កូន​តិរច្ឆាន ​ទាញ​កាំបិត​ខ្វែវ​ ដេញ​កាប់​ម្ដាយ​