BREAKING NEWS
Search

ការផ្តល់សាច់ប្រាក់ដំណាក់កាលទី២​ នឹង​ចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា

ភ្នំពេញ៖ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន ​រដ្ឋមន្ត្រី​ក្រសួងផែនការ បានឲ្យដឹងថា ​ទិន្នន័យ​គ្រួសារក្រីក្រ ដែលរាជ​រដ្ឋាភិបាល ​ កំពុង​ដំណើរការ​ឧបត្ថម្ភ​សាច់ប្រាក់ ​​ជាង ៥៦០,០០០គ្រួសារ (ជុំទី១)ស្ទើរ​តែទទួល​បាន​ថវិកា​ដំ​ណាក់កាលទី១ ទាំងអស់គ្នា​។

លោកទេសរដ្ឋមន្រ្តី បានបន្តថា គ្រួសារដែលទទួលបានការ​ឧបត្ថម្ភនេះ កំពុងនៅជុំទី១ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ខណៈគ្រួសារដែលទទួលបានការ​ឧបត្ថម្ភ​ នេះ កំពុងសប្បាយរីករាយ និង ថ្លែងអំណរគុណចំ​ពោះ​រាជរដ្ឋាភិបាល ដែលបានគិតគូពី​សុខទុក្ខ​ និង ការលំបាករបស់ពួកគាត់។

ទន្ទឹមនឹងការឧបត្ថម្ភសាច់ប្រាក់ដំណាក់កាលទី១ បានបញ្ចប់ ការផ្តល់ក្នុងដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើម​នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវ​ប្រើប្រាស់​ទិន្នន័យ​បច្ចុប្បន្នភាព​ ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០ ដែលជាការបូក​បញ្ចូល​គ្នា នៃគ្រួសារក្រីក្រនៅជនបទ និង ទីប្រជុំជន ដែល​ទិន្នន័យ​គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ (បណ្តោះអាសន្ន) មានគ្រួសារក្រីក្របានកើនចំនួន ២៤ ៩១៥គ្រួសារ ។

យ៉ាងណាក៏ដោយ ​រដ្ឋមន្ត្រី​ក្រសួងផែនការ បានលើកឡើងថា ​សម្រាប់​ទិន្នន័យ​បឋមអំពីបញ្ហា ដែលខេត្ត​ចំនួន​១៣ បានផ្តល់មក ត្រូវបានដោះស្រាយរួចរាល់ផងដែរ ដែលក្នុងនោះរួមមាន៖

១.បណ្ណអស់សុពលភាព មានចំនួន ១៨៥ ករណី

២.អ្នកកាន់បណ្ណដែលមានជីវភាពប្រសើរឡើង មានចំនួន ២,៣៤១ ករណី (នៅសល់តែ២៣០ករណីកំពុងកាន់បណ្ណ)

៣.អ្នកក្រដែលមិនមានបណ្ណ មានចំនួន ៥៩៩ ករណី

៤.បណ្ណរហែក ឬបាត់ មានចំនួន២,៧៥៣ ករណី

សូមបញ្ចាក់ថា រាជ​រដ្ឋាភិបាលកម្ពុជា បាន​បញ្ចេញថវិកាចំនួន ១២៥លាន ដុល្លារ ​ដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩ ដោយ១ខែ ត្រូវចំណាយអស់២៥លានដុល្លារ នឹងត្រៀម​បញ្ចេញថវិកាបន្ថែមទៀត ប្រសិនបើជំងឺកូវីដ១៩ នៅអូសបន្លាយរយៈពេលយូរទៀត​ ៕

ចុចអាន ៖ មេប៉ូលិសជាតិ ​ស្នើ​ឲ្យពិនិត្យ និងផ្ដល់លទ្ឋភាពលើ​យានយន្ត​កែច្នៃដឹកផលកសិកម្ម

​​