BREAKING NEWS
Search

និស្សិត​ខ្មែរ​ចេញ​ពី​ថៃ ​៩នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​​រកកូវីដ-១៩​

ក្រុងប៉ោយប៉ែត៖​យ៉ាង​ហោច​ណាស់​​មាន​​​និស្សិត​ខ្មែរ​ប្រុស​ស្រី​ចំនួន ​៩នាក់ (ប្រុស​ចំនួន​៦​នាក់ ​ស្រី៣នាក់​) បាន​បញ្ចប់​ការ​សិក្សា​រ​បស់ខ្លួននៅឯប្រទេសថៃបាន​ធ្វើ​ដំណើរ ​​​មកកាន់​មាតុ​ប្រទេសវិញ​តាម​ច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែតនៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​កក្កដា​នេះ។​​

មន្ត្រី​ចត្តាឡីស័ក​នៅ​ឯ​ច្រកទ្វារ​អន្តរជាតិប៉ោយ​ប៉ែត បាន​នាំ​​និស្សិត​ទាំង​នោះ​​ឲ្យ​ឡើង​លើ​រថយន្ត​ពេទ្យ​ ហើយ​បញ្ជូន​មក​ត្រួត​ពិនិត្យ​សុខភាព​បន្ត​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត និង​ដាក់​ឱ្យ​​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​​បី​ថ្ងៃ​​ តេស្តកំហាក​រក​កូវីដ-១៩​។ ​

តាម​ការ​លើក​ឡើងរបស់ក្រុមនិស្សិតទាំងនោះបានបង្ហើបឲ្យកម្ពុជាថ្មីដឹងថា ពួកគាត់ទាំង ៩នាក់ គឺបានទៅសិក្សានៅសាកលវិទ្យាល័យផ្សេងៗគ្នានៅក្នុងប្រទេសថៃ មានការសិក្សារយៈពេល ២ ឆ្នាំ ឯខ្លះទៀតត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ ​ពួកគាត់ត្រូវបញ្ចប់ការសិក្សាយូរណាស់មកហើយ ប៉ុន្តែ​ដោយ​មាន​ការកើតឡើងនូវជំងឺរាតត្បាតកូវីដ១៩នៅលើពិភពលោក ដូច្នេះ​ប្រទេស​ថៃ​ក៏​មាន​ការ​ឆ្លងនូវជំងឺនេះផងដែរ រហូតឈានទៅដល់ការដាក់ប្រទេសស្ថិតក្នុងគ្រាមានអាសន្នទៀតផង ទើប​ធ្វើឲ្យគាត់មានការលំបាកធ្វើដំណើរមកប្រទេសកម្ពុជាវិញ​។

​ថ្ងៃ​នេះ​បាន​សម្រេច​ចិត្ត​នាំ​គ្នា​ធ្វើ​បែប​បទ​ហើយវិលមកប្រទេសកម្ពុជាវិញតាមរថយន្តហើយចូលមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទៅស្រុកកំណើតរបស់ពួកគាត់វិញ​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​សុខភាព​ពី​មន្ត្រីចត្តាឡី​ស័ក​ថៃ​គ្រប់​គ្រាន់​ទើប​អាច​ធ្វើដំណើរមកបានរហូតមកដល់ទឹកដីរបស់ខ្លួន ។

លោក សរ​ វុទ្ធី មន្ត្រីចត្តាឡីស័កប្រចាំការនៅឯច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់កម្ពុជាថ្មីថា ថ្មីៗនេះ​ក្រសួងនិងមន្ទីរសុខាភិបាលបាន​តម្រូវឲ្យមានការត្រួត​ពិនិត្យយ៉ាង​ហ្មត់​ចត់​លើ​ពលរដ្ឋខ្មែរណា​ដែល​ចេញពីប្រទេសជិតខាងមកស្រុកកំណើតវិញ ដោយ​ដាក់​ពួក​គាត់​ឲ្យ​នៅដាច់​ដោយឡែក​​ហើយ​យកកំហាករបស់គាត់ទៅពិនិត្យ​ ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ។

លោកបានបន្តទៀតថា ក្រោយពេលមានការប្រកួតពិនិត្យសុខភាពរបស់ក្រុមនិស្សិតទាំង ៩នាក់​ហើយ​​​ មិន​រក​ឃើញថា មានអ្វីឆ្លងនោះ​ គេ​នឹង​អនុញ្ញាត​ឲ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ជា​មិន​ខាន ​ប៉ុន្តែ​បើ​សិន​ជា​មាន​ការឆ្លងនូវបុគ្គលណាមួយនោះ ខាង​មន្ត្រីសុខាភិបាល​អាច​នឹង​ទុក​ពួក​គាត់​ព្យាបាល​រហូតដល់ជាទើប​ឲ្យទៅផ្ទះវិញ។

អត្ថបទ៖ ពៅ​ រី

ចុចអាន៖ ក្រសួង​ការងារ​ នឹង​បង្រៀន​ឲ្យ​រោងចក្រ​សហគ្រាស ​ចេះ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ត្រៀម​ពេល​មាន​គ្រោះអាសន្ន​ ទាក់ទិន​ទៅ​នឹង​ជំងឺ​កូ​វីដ​-១៩