BREAKING NEWS
Search

ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ខុសច្បាប់​ពីរ​នាក់ ​ត្រូវ​បាន​ប៉ូលិស​ជំនាញ​ចាប់​បញ្ជូន​ឡើង​តុលាការ

តាកែវ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ខុសច្បាប់​២​នាក់​ ជាមួយនឹង​វត្ថុតាង​ត្រូវបាន​ប៉ូលិស​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្តតាកែវ​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​។

នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​០២​នាក់ ទៅ​សាលាដំបូង​ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បង្ក្រាប​កាលពី​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ត្រពាំង​ត្របែក ឃុំ​ខ្វាវ ស្រុក​សំរោង​ខេត្តតាកែវ​។ ជនសង្ស័យ​ទាំង​២​មាន​ទី​១​ឈ្មោះ ប៉ិច ម៉ៅ អាយុ ២៨​ឆ្នាំ និង​ទី​២.​ឈ្មោះ ប៉ិច ណុប អាយុ ៣០​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។

ដោយឡែក​វត្ថុ​តាង​ដកហូត​បាន​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៨​កញ្ចប់​តូច និង​០១​កញ្ចប់​ធំ ម៉ូតូ​ចំនួន​០៣​គ្រឿង ទូរសព្ទ​ចំនួន​០២​គ្រឿង និង​កាំភ្លើង​កែច្នៃ​ចំនួន​០១​ដើម​ផងដែរ​៕
វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114