BREAKING NEWS
Search

ធនាគារជាតិ​នៃ​កម្ពុជា​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០

ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា សែន​សុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លិ​ក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​។

យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ធនាគារជាតិ​បានអោយដឹងថា​សេដ្ឋកិច្ចពិភពលោក​កំពុង​ទទួលរង​ផល​ប៉ះ ពាល់ ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល ជំងឺ កូ​វីដ ១៩ ហើយ សេដ្ឋកិច្ចកម្ពុជា​ក៏បាន ទទួល ឥទ្ធិពល​អវិជ្ជមាន​នេះ​ផងដែរ ជាពិសេស វិស័យ ទេសចរណ៍ កម្មន្តសាល និង​សំណង់​។

រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ ជាមួយគ្នានេះ វិធានការ​គាំទ្រ​ចំពោះ​វិស័យ​ដែល​ប៉ះពាល់​និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ត្រូវបាន​ដាក់​ជា​បន្តបន្ទាប់ ដែល​បាន​កាត់បន្ថយ​ផលប៉ះពាល់​និង​រក្សា​និរន្តរភាព​នៃ​អាជីវកម្ម​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ជញ្ជីងទូទាត់​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​អតិរេក ដោយសារ លំហូរ​ចូល​គណនី​ហិរញ្ញវត្ថុ​នៅតែ​អាច​ផាត់ទាត់​ការកើនឡើង​ឱនភាព​គណនី​ចរន្ត​ដែល​បណ្តាលមកពី ការធ្លាក់ចុះ​ចំណូល​ពី​ទេសចរ និង​ប្រាក់​បង្វែរ​របស់​ពលក​រ​ក្រៅប្រទេស​។ ទុនបម្រុង​អន្តរជាតិ​រក្សាបាន កម្រិត​ខ្ពស់ ដែល អាច​ធានា​ការ​នាំចូល​ទំនិញ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់ ប្រមាណ ១០​ខែ ខ្ពស់ជាង​កម្រិត​អប្បបរមា សម្រាប់​ប្រទេស កំពុងអភិវឌ្ឍន៍​គួរ​មាន (៣​ខែ​)​។

អតិផរណា រួមមាន កម្រិត ទាប​ក្នុង​អត្រា ២,៥% ដោយសារ ការ ធ្លាក់​ថ្លៃ​ក្រុម​ទំនិញ​និង​សេវា​ពាក់ព័ន្ធ នឹង​ប្រេងឥន្ធនៈ ដែល​បាន បន្ថយ​សម្ពាធ​នៃ​កំណើន​ថ្លៃ​ក្រុម ម្ហូបអាហារ​។ ជាមួយគ្នានេះ អត្រា ប្តូរប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​បាន កើនឡើង​បន្តិច​។ រូបិយវត្ថុ​ទូទៅ (M2) មាន​កំណើន ១១,៥% ទាប​ជាង​កំណើន​ក្នុង​គ្រា​ដូចគ្នា​ឆ្នាំមុន (២៣,៤%) ជា​ចម្បង បណ្តាល មកពី​កំណើន​ទាប​នៃ​ប្រាក់​បញ្ញើ​ជា រូបិយ ប័ណ្ណ (៧,២%) ដោយសារ​ការថយចុះ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ទោះបីជា ប្រាក់​បញ្ញើ​ជា​រៀល​បាន​បន្ត​កើនឡើង​ខ្ពស់ (៤១%) ក៏ដោយ​។

ចំពោះ ការ អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា បាន​ទម្លាក់ អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​លើ​ប្រាក់​បញ្ញើ​និង​កម្ចី​អ​និវាសជន​មក​ត្រឹម ៧% ដែល​អាច​ផ្តល់​សន្ទនីយ​ភាព​បន្ថែម​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។ អត្រា​ការ ប្រាក់​លើ​មូល​ប​ត្រ អាច​ជួញដូរ​បាន (NCD) និង​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ក៏ត្រូវ បាន​បន្ទាប​ចាប់ ពី​ខែមីនា​មក ដើម្បី បង្កើន កម្រិត សន្ទនីយ ភាព​ក្នុង ប្រព័ន្ធ ធនាគារ និង​កាត់បន្ថយ ថ្លៃដើម លើ​ប្រាក់កម្ចី​ជា​រៀល ។ ការចេញផ្សាយ NCD ចារឹក​ជា​រៀល​បាន​កើនឡើង ២៧,២% ( ៥,១ ទ្រី​លាន រៀល​) និង​ជា​ដុល្លារ​អាមេរិក​កើន ១១,៨% (១៣,៤ ប៊ី​លាន​ដុល្លារ​អាមេរិក​)​។ ចំណែកឯ​ប្រតិបត្តិការ LPCO ត្រូវបាន​ធ្វើឡើង​ចំនួន ១២​លើក ដោយ​ទំហំ​ទឹក ប្រាក់ ដេញថ្លៃ​ឈ្នះ​បាន​កើនឡើង ៥៦,៤% (២,៨ ទ្រី​លាន​រៀល​)​។​

វិស័យ​ធនាគារ​បន្ត​មាន​វឌ្ឍនភាព​ប្រកបដោយ​ទំនុកចិត្ត និង​បានរួម​ចំណែក​យ៉ាងសកម្ម គាំទ្រ សកម្មភាព​សេដ្ឋកិច្ច ដោយ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​កើនឡើង ១៧,៤% (​ដល់ ២០៤% នៃ​ផ​.​ស​.​ស​.) ឥណទាន​កើន ១៩,៦% (១៣២% នៃ​ផ​.​ស​.​ស​.) ហើយ​ប្រាក់​បញ្ញើ​កើន ១២,៣% (១១៣% នៃ​ផ​.​ស​.​ស​.)​។ ទន្ទឹមនេះ បណ្តាញ ប្រតិបត្តិការ និង សេវា ហិរញ្ញ វត្ថុ ត្រូវបាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយ​ចំនួន​ទីស្នាក់ការ​និង​សាខា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ ទូទាំង ប្រទេស​បាន​កើន​ដល់ ២.៤៦៥ ម៉ាស៊ីន​ដក​និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ (ATM) មាន​ចំនួន ៣.០៨១ គណនី​ប្រាក់​បញ្ញើ​អតិថិជន​កើន​ដល់​ប្រ មាណ ៨,២ លាន​គណនី និង គណនី​ឥណទាន កើន​ដល់ ៣,២ លាន​គណនី​។ ស្រប​ពេលដែល ហានិភ័យ ចំពោះ សេដ្ឋកិច្ច បាន កើនឡើង ការតាមដាន ហានិភ័យ មក លើ វិស័យ ធនាគារ ក៏ត្រូវ​បាន ពង្រឹង​ជាប្រចាំ បន្ថែម​លើ​ការត្រួតពិនិត្យ​ផ្អែកលើ ហានិភ័យ​និង​ទស្សនៈ​អនាគត ។ វិធានការ​គាំទ្រ​ក្នុង​វិស័យ​ធនាគារ​ចំពោះ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ រួមមាន​៖ i/- ការទម្លាក់​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​ដែល​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវ​រក្សា​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ក្រោយ​ទទួលបាន​ប្រាក់​បញ្ញើ​អតិថិជន​និង​កម្ចី​ពី​បរទេស ii/- ការពន្យារ​ការអនុវត្ត​ការពង្រឹង​ទ្រនាប់​ដើមទុន​បន្ថែម និង​ការទទួលស្គាល់​ប្រាក់ចំណេញ​ក្នុង​ត្រីមាស​ក្នុងការ​គណនា​ដើមទុន និង iii/- ការផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ តាមរយៈ​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា​។ លើស ពីនេះ ធនាគារ ជាតិ​នៃ​កម្ពុជា បាន លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​កិច្ចការពារ​អតិថិជន ដោយ បាន​សហការ ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ជ្រាប ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់ សាធារណជន ការផ្សព្វផ្សាយ​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅតាម មូលដ្ឋាន ការដោះស្រាយ បណ្តឹង​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​គម្រោង ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ ជាដើម​។


ជាមួយនឹង ការរីក ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ត្រូវបានធ្វើ​ទំនើបកម្ម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ សមរម្យ ។ ប្រព័ន្ធ​បាគង​និង​ប្រព័ន្ធ រី​ថែ​ល​ផេ ត្រូវបាន ដាក់ឱ្យ ដំណើរការ​បឋម ហើយ​គ្រោង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុងពេល ឆាប់ៗ ខាងមុខ​។

ទន្ទឹមនេះ ស្តង់ដា QR កូដ កំពុង​ត្រូវបាន​អភិវឌ្ឍ​ក្នុង​គោលដៅ​សម្រួល​ដល់​ការទូទាត់​ឆ្លង​គ្នា​រវាង​គ្រឹះស្ថាន ផ្តល់​សេវា​ទូទាត់​និង​ការអនុវត្ត គម្រោង​ភ្ជាប់​ការទូទាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់​។​
ធនាគារ ជាតិ​នៃ​កម្ពុជា បាន​បន្ត​គ្រប់ គ្រង ចរាចរណ៍ សាច់ ប្រាក់ ប្រកប ដោយ ប្រសិទ្ធភាព និង សុវត្ថិភាព ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន ទូទាំងប្រទេស​។ ការ ប្រើប្រាស់ ប្រាក់ រៀល បាន កើនឡើង គួរឱ្យកត់សម្គាល់​នា​ឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០​នេះ ដែល ឆ្លុះ បញ្ចាំង​ដោយ កំណើន រូបិយវត្ថុ ក្នុង ចរាចរណ៍ (៣៦,៤%) និង​កំណើន​សមាមាត្រ ឥណទាន​ជា​រៀល ដល់ ១៣% នៃ ឥណទាន​សរុប ។ ស្របតាម​គោលនយោបាយ​លើកកម្ពស់ ការ ប្រើប្រាស់​ប្រាក់រៀល ក្រដាសប្រាក់​ចាស់ ទក់ និង​រហែក ត្រូវបាន ប្រមូល និង​ជំនួស មកវិញ ដោយ​ក្រដាស​ប្រាក់រៀល​ថ្មី ដែល មាន សោភ័ណភាព និង​គុណ ភាព ខ្ពស់​។

ជាមួយគ្នានេះ ការធ្វើ​សវនកម្ម និង​អធិការកិច្ច​ត្រូវបាន​អនុវត្ត​ជាប្រចាំ ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ គុណភាព​សេវា​ធនាគារ កណ្តាល និង ការគ្រប់គ្រង​ហានិភ័យ​នានា​។ ធនធាន មនុស្ស ត្រូវ បាន បន្ត​អភិវឌ្ឍ​ជា​អាទិភាព ដោយ​បច្ចុប្បន្ន មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ចំនួន ១.៧០៨ នាក់ ជាមួយនឹង​ការពង្រឹង​សមត្ថភាព​ជំនាញ​និង​ឯកទេសកម្ម​។ ក្នុង​ក្របខ័ណ្ឌ កិច្ច សហប្រតិបត្តិការ អន្តរ ជាតិ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចុះហត្ថលេខា លើ វិសោធនកម្ម​កិច្ចព្រមព្រៀង ពហុ​នីយកម្ម​គំនិត ផ្តួចផ្តើម ឈៀង​ម៉ៃ (CMIM) ដើម្បី ពង្រឹង យន្តការ បណ្តាញ សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្រោម​ក្របខ័ណ្ឌ អាស៊ាន​+៣ សំដៅ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់ និង​បាន​បំពេញ​តួនាទី​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ គណៈកម្មាធិការ ជាន់ខ្ពស់​អាស៊ាន (SLC) ដោយ ជោគ ជ័យ​។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការ​ពហុភាគី និង​ទ្វេភាគី​ផ្សេងទៀត​ក៏ត្រូវ​បាន​ពង្រឹង ជាប្រចាំ​ផងដែរ​។



ដោយឡែក អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា (​ស​.​ហ​.​ក​) បាន​ពង្រឹង​កាតព្វកិច្ច​ប្រឆាំង​ការ សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​របស់​បុគ្គល​រាយការណ៍ ព្រមទាំង​ផ្តល់​អនុសាសន៍​ជូន​បុគ្គល​រាយការណ៍ ដើម្បីឱ្យ​ការរាយការណ៍​មាន​គុណភាព​កាន់តែ​ប្រសើរ និង​ទាន់ពេលវេលា​។ ស្របតាម​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០១៩-២០២៣ ច្បាប់ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ត្រូវបានធ្វើ​បច្ចុប្បន្ន​កម្ម​និង​ដាក់ឱ្យ​ប្រើប្រាស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ លើសពីនេះ ស​.​ហ​.​ក បាន​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង ដៃគូ​អន្តរជាតិ​នានា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី ក្នុង​គោលដៅ​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ការ សម្អាត ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​រួមចំណែក​រក្សា​សុវត្ថិភាព​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​។​
​យោងតាម​ការ​ព្យាករ​របស់​រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០​អាច​ធ្លាក់ចុះ ដល់ -១,៩% ប៉ុន្តែ​អាច​ងើបឡើង​មកវិញ​នៅ​ឆ្នាំ​២០២១ នៅ​អត្រា ៣,៥% ប្រសិនបើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ត្រូវបាន​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ទោះយ៉ាងណា ពិភពលោក​នៅ​ប្រឈម​នឹង​ភាពមិនច្បាស់លាស់​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​នេះ​។ នៅ​ចំពោះមុខ​បញ្ហា​ទាំងនេះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​អនុវត្ត​វិធានការ​គាំទ្រ​តាម​ការចាំបាច់ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សំដៅ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច និង​ជំរុញ​កំណើនសេដ្ឋកិច្ច​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114