BREAKING NEWS
Search

បុរសម្នាក់​ ឡើង​ផ្សារ​ដែក​ដំបូល​ប៉ះ​ខ្សែកាប​អគ្គិសនី​ឆ្លង​ចរន្ត​ បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​

បាត់ដំបង ៖ ជាង​ផ្សារ​ដែក​ម្នាក់​ ត្រូវ​បាន​រងគ្រោះ​២​ដំណាក់​កាលដែល​មិនអាច​ជួយសង្គ្រោះ​បាន​ខណៈ​ការ​រង​គ្រោះ​ទី​១​ត្រូវ​ចរន្តអគ្គិសនី​ឆ្លង​ឆក់​និង​រងគ្រោះ​ទី​២​ធ្លាក់​មក​ដី​បណ្តាល​ឲ្យ​របួស​ម្តង​ទៀត​ក៏​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាមៗ​តែម្តង​។

ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃទី​០៧​ ខែកក្កដា ​ឆ្នាំ​២០២០​នេះ ​វេលា​ម៉ោង​០៩និង១០​នាទី​ព្រឹក​ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​០៧​ភូមិ​សាលា​បាឡាត់​ សង្កាត់​អូរ​ម៉ា​ល់​ ក្រុង​/​ខេត្តបាត់ដំបង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ​វ៉ន មករា ​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​រំចេក​១​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង ​ខេត្តបាត់ដំបង​ មាន​មុខរបរ​ជា​ជាងសំណង់​។ សមត្ថកិច្ច​បន្ត​ថា​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ដោយសារ​ជនរងគ្រោះ​ទៅ​ស៊ីឈ្នួល​សង់រោង​លក់ទំនិញ​ឲ្យ​ឈ្មោះ​វី រ៉ា​ភេទស្រី​ អាយុ​៣៧​ឆ្នាំ ​នៅ​ក្រុមទី​១៤​ភូមិ​អូរ​ចារ ​សង្កាត់​អូរ​ចារ ​ក្រុង​បាត់ដំបង ពេល​កំពុង​ផ្សារ​ដែក​នៅលើ​ដំបូល​បាន​លើកដែក​ទៅ​ប៉ះ​នឹង​ខ្សែកាប​អគ្គិសនី​ក៏​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ភ្លើង​ឆក់​ធ្លាក់​ចុះមក​ដី​ស្លាប់​តែម្តង​។

ក្រោយពី​ជនរងគ្រោះ​បាន​ធ្លាក់​ដល់​ដី​ភ្លាមៗ​នោះ​ ក្រុម​ជាង​នាំគ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​គ្រូពេទ្យ​ប្រាប់​ថា ​ជនរងគ្រោះ​ត្រូវបាន​ស្លាប់​មុនពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ​ទៅហើយ​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
សៅ សារិទ្ធ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114