BREAKING NEWS
Search

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ ៖​ មន្ទីរពេទ្យ​កាល់ម៉ែត ជា​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​និង​ជា​គំរូ ដែល​មាន​កម្រិត​បច្ចេកវិទ្យា​ខ្ពស់​ជាងគេ

​ភ្នំពេញ​ ៖ ​ជានិច្ចកាល​ក្នុងនាម​ក្រសួងសុខាភិបាល តែង​ចុះ​ពិនិត្យ​និង​ស្វែងយល់​អំពី​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ម​នី្ទ​រ​ពេទ្យ ម្យ៉ាង​ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ពេទ្យ កម្មករ​សំណង់ ដើម្បី​ជំរុញ​ការសាងសង់​នេះ ឲ្យ​ដំណើរការ​បាន​លឿន រហ័ស និង​រឹងមាំ​។

លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ចុះ ពិនិត្យ និង​វាយតម្លៃ​ការសាងសង់​អគារ​របស់​ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត និង​សំណេះសំណាល​ជាមួយ​បុគ្គលិក​សុខាភិបាល នា​ព្រឹក​ថ្ងៃទី​៧ កក្កដា​ឆ្នាំ​២០២០​នេះ​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បញ្ជាក់​ទៀត​ថា មន្ទីរពេទ្យ​កាល់ម៉ែត ជា​មន្ទីរពេទ្យ​ថ្នាក់ជាតិ​និង​ជា​គំរូ ដែលមាន​កម្រិត​បច្ចេក​វិទ្យា​ខ្ពស់​ជាងគេ ក៏​ជាម​នី្ទ​រ​ពេទ្យ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានបញ្ជាក់​ទៀតថា​ គិត​មកដល់ពេលនេះ​សម្រេចការ​សាងសង់​បាន​ជាង​៤០​ភាគរយ និង​រួចរាល់​ក្នុង​ឆ្នាំ​២០២២ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជិត​៤០​លាន​ដុល្លារ​អាមេរិក​។ អាគារ​នេះ​មាន​ផ្នែក​ប្រ​ពោ​ធន​កម្ម ចំនួន​៣០​បន្ទប់ សម្រាប់​ផ្តល់​សេវាកម្ម​ជូន​អ្នកជំងឺ​ដែល​ធ្ងន់ៗ ពិសេស​អគារ​សាងសង់​ថ្មី មាន​សមត្ថភាព​ដាក់​អ្នកជំងឺ​បាន​ពី​៥០០ ទៅ​៦០០​គ្រែ​ប៉ុន្តែ​ក្នុង​គម្រោង​ប្រហែលជា​៤០០​គ្រែ​ប៉ុណ្ណោះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀត​ថា ​ក្រោយ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២២ ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត និង​ក្លាយ​ជាម​នី្ទ​រ​ពេទ្យ​ដែលមាន​និយាម​ប្រហាក់ប្រហែល​នឹង​ស្តង់ដារ​អន្តរជាតិ ព្រោះ​សព្វថ្ងៃ​យើង​មាន​ផ្នែក​មហារីក ផ្នែក​ប្រព័ន្ធ​ប្រាសាទ ហើយ​ការពង្រីក​នេះ គឺជា​ការ​បន្ថែម​ផ្នែក​ស​ង្ក្រោះ​បន្ទាន់​និង​គាំទ្រ​ដល់​សេវា​បន្ថែមទៀត ដូចជា​ជំងឺ​រ៉ាំរ៉ៃ ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​៕
រស្មី

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114