BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​១៤​កូន​ថង់

បាត់់ដំបង ៖ បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ថា​ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ហើយ​ការ​ឃាត់ខ្លួន​នេះ​ ខ​ណៈ​ដែល​ជនសង្ស័យ​រូបនេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​។

សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​បន្ត​ថា ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ​កាលពី​រសៀល​ថ្ងៃទី​០៦​ ខែកក្កដា ​ឆ្នាំ​២០២០​កន្លង​ថ្មីៗ​នេះ​ វេលា​ម៉ោង​១៥​និង​០០​នាទី​ នៅ​ចំណុច​ក្រុមទី​១២​ភូមិ​សំបុក​អក​ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​។ ហើយ​ការ​បង្ក្រាប​ករណីនេះ​ដោយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​សហការ​ជាមួយ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​បទល្មើស​ជាក់ស្តែង​។

សមត្ថកិច្ច​បន្ត​ថា ​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​ឈ្មោះ​សេង គឹម​សុង ​ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ ​រស់នៅ​ភូមិ​សំបុក​អក​ ឃុំ​កំពង់​ព្រៀង ​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។

ក្រោយ​ការ​បង្ក្រាប​សមត្ថកិច្ច​បា​ន​ដកហូត​វត្ថុ​តាង​មួយចំនួន​មាន​ដូច​ជា ម្សៅ​ក្រាម ​ពណ៌​ស​ថ្លា​ ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា​ចំនួន​១៤​ថង់​ទម្ងន់​៣,១៧​ក្រាម ​ទាំង​សំបក​ថង់​សង្ស័យ​មាន​សារធាតុ​ញៀន​,​ទូរ​សព្ទ​ដៃ​២​គ្រឿង​,​ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​រួម​នឹង​សម្ភា​រៈ​ប្រើប្រាស់​មួយចំនួន​។

ក្រោយពី​មានការ​សាកសួរ​ពី​សមត្ថកិច្ច​ជំនាញ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​បទល្មើស​ដូច​ការចោទប្រកាន់​ពី​សមត្ថកិច្ច​មែន​។

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​បន្ត​ការសាកសួរ​ដោយ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ ក្រោយពី​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​បញ្ជូន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​មកកាន់​ការិយាល័យ​នៃ​ស្នងការ​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​ទៅ​តុលាការ​៕
សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114