BREAKING NEWS
Search

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ច្រានចោលព័ត៌មានទាក់ទង សង្វៀនជល់មាន់ និងអាប៉ោង បិទហើយបើកវិញ

ព័ត៌មានចាស់ចែករំលែកឡើងវិញ និងការចោទប្រកាន់ថា បិទសង្វៀនជល់មាន និងអាប៉ោងហើយ បើកឡើងវិញ គឺជាព័ត៌មានមិនពិតតែប៉ុណ្ណោះ។ សេចក្ដីអះអាងនេះ ធ្វើឡើងតាមរយៈ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយលើផេក នៅយប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សូមធ្វេីការបកស្រាយបំភ្លឺ ចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា «សង្វៀនជល់មាន់ និងអាប៉ោងនៅសង្កាត់ស្ទឹងមានជ័យទី៣ បិទហេីយបេីកវិញ» ជាក់ស្តែងមិនមានការបេីកឡេីងវិញឡេីយ ហេីយទីតាំងនេះ ត្រូវបានបង្ក្រាបតាំងពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០មកម្ល៉េះ ដោយបានចាប់ឃាត់ខ្លួនបានជាច្រេីននាក់។ ម្យ៉ាងវិញទៀតដោយនៅក្នុងភូមិសាស្ត្រនេះមានដីឡូទុកទំនេរចោលច្រេីនហេីយស្ងាត់ ដែលមានភាពងាយស្រួលដល់ក្រុមជល់មាន់ចល័ត ដែលតែងតែឆ្លៀតលួចលេងនៅតាមដីឡូទាំងនោះ ពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែក្រោមការតាមដានជាប្រចាំរបស់សមត្ថកិច្ច តែងតែតាមរក និងបង្ក្រាបជានិច្ច ។

ដោយបានឃេីញការចុះផ្សាយព័ត៌មានមួយចំនួនថាមានល្បែងជល់មាន់នៅភូមិទ្រា៤ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយត្រី ឯម ភារី បានដឹកនាំកម្លាំងចុះមកដីឡូទុកចោលមួយកន្លែងនៅភូមិទ្រា៤ បានឃេីញមានស្នាមដីឈូសឆាយលួចឆ្មក់ជល់មាន់ តែពេលកម្លាំងទៅដល់មិនឃើញមានលេងទេ មិនមានអ្វីដូចជាការហ៊ុមព័ទ្ធលេងឡើយ គឺមានតែដីទទេ ប្រហែលជាក្រុមនេះ ទេីបលួចឆ្មក់លេង។ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍តែងតែតាមដានជាប្រចាំ និងត្រៀមបង្ក្រាបជានិច្ចបេីពិតជាមានករណីជល់មាន់មែននោះ ។

«យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណៈជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា យើងខ្ញុំសូមអំពាវនាវ ដល់សាធារណ:ជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន»៕

 

 

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជថានីភ្នំពេញ