BREAKING NEWS
Search

លោក ប្រាក់ សុខុន ជួប​សំណេះ សំ​ណា​ល​ជាមួយ​កងទ័ព​មួក​ខៀវ ដែល​ត្រៀម​បំពេញបេសកកម្ម​នៅ​ម៉ាលី

កំពង់ស្ពឺ​ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ជួប​សំណេះសំណាល ជាមួយ​កង​វិស្វកម្ម​ព្រលានយន្តហោះ​លេខ​៩៧២ និង​កង​កំទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​៨៨២ ដែល​ត្រៀម​ទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌​នៅ​ប្រទេស​ម៉ាលី​។

​ពិធី​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ខេត្តកំពង់ស្ពឺ ដោយមាន​ការចូលរួម​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​បរ ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​មួយចំនួន​ផងដែរ​។

នៅក្នុង​ពិធី​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ពិនិត្យ​បន្ទប់​ច​ត្តាឡឺ​ស័ក ដល់​កម្លាំង​មួក​ខៀវ​កម្ពុជា ដែល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​មកវិញ​នៅ​ថ្ងៃទី​១០ ខែ​កក្ក​ដា ឆ្នាំ​២០២០ និង​ជូន​ដំណើរ​កង កម្លាំង​មួក​ខៀវ​នាំមុខ​៨០​នាក់ នឹង​ចេញដំណើរ​ទៅ​បេសកកម្ម​អង្គការ​សហ​ប្រជា ជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី នៅ​ថ្ងៃទី​៨ ខែ​កក្ក​ដា ឆ្នាំ​២០២០ ផងដែរ​។​

​គួរ​ជម្រាប​ថា នៅ​ថ្ងៃទី​១០ ខែកក្កដា ខាង មុខ​នេះ កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​៨០ នាក់ ដែល​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី នឹង​វិល​ត្រឡប់មក​មាតុភូមិ​វិញ​ផងដែរ​។

តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា ចូលរួម​បំពេញបេសកកម្ម​អង្គការ សហប្រជាជាតិ នៅ​ប្រទេស​ចំនួន​៩ ដែលមាន​កម្លាំង​សរុប ៦៧៤២​នាក់ ក្នុងនោះ​មាន​កម្លាំង​នារី​ចំនួន​៣៦២​នាក់ ទៅកាន់​បេសកកម្ម​ចំនួន​១១ ក្នុងប្រទេស​ចំនួន​៩ រួមមាន សាធារណរដ្ឋ​ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, ឆាដ​, ស៊ី​រី​, សាយ​ប្រឹស​, ម៉ាលី​, លី​បង់​, អាហ្វ្រិក​កណ្តាល និង​យ៉េ​មែន​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114