BREAKING NEWS
Search

មិន​ឲ្យ​ចាញ់​បរទេស​ ស្ពាន​អាកាស​ថ្មើរ​ជើងសាងសង់​​ថ្មីៗ​​លេង​ម៉ូដឌីហ្សាញ​កាន់​តែ​ស្អាត ទាក់ភ្នែក

សាលារាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​ពីរ​ទៀត ​ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ និង​កាត់បន្ថយ​គ្រោះ​ថ្នាក់​របស់​ពលរដ្ឋ។

ស្ពាន​ទាំង​ពីរ​នេះស្ថិតនៅ​លើ​ដង​បណ្តោយ​មហាវិថី​ម៉ៅ សេទុងដែល​ស្ពាន​ទាំង​ពីរនេះមាន​ការ​ឌីហ្សាញ​ប្រកប​ដោយ​សិល្បៈ និង​ភាព​ទាក់ភ្នែក​ខុស​ពី​គម្រោង​ស្ពាន​មុនៗ។

ស្ពានអាកាសថ្មើរជើងផ្សារដើមគ

ស្ពានអាកាសថ្មើរជើងផ្សារដើមគ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែធ្នូ ២០១៩។ ស្ថិតនៅលើមហាវិថី ម៉ៅសេទុង ម្តុំផ្សារដើមគ ការដ្ឋានសាងសង់បានបញ្ចប់ទាំងស្រុង មានបណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង ៣ម៉ែត្រ។ ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​មួយ​ទៀត​របស់​រាជធានភ្នំពេញ រង់ចាំដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះ។

ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក

ស្ពានអាកាសនេះក៏បានបើកការដ្ឋានសាងសង់ ស្របពេលជាមួយការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគ។ មានទីតាំងស្ថិតចំណុចប្រសព្វភ្លើងស្តុបសាលាសន្ធរម៉ុក ស្ពាន​នេះគ្រោង​បញ្ចប់ក្នុងរយៈពេល៦ខែ ពោលគឺរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ តែ​បើ​មាន​ការងារ​ជាក់ស្តែង​ហាក់​យឺត​ជាង​ផែនការ។

ស្ពានអាកាសថ្មើរជើង “តេជោសន្តិភាព”

ស្ពានអាកាសថ្មើរជើង “តេជោសន្តិភាព” ជាគម្រោងស្ពានអាកាសដំបូងគេនៅខេត្តកំពង់ស្ពឺ ដែលបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃ ២៩ ខែធ្នូឆ្នាំ២០១៩។ មានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ ចំណាយថវិកាសាងសង់អស់ប្រមាណ ៣៤ម៉ឺនដុល្លារ។

ស្ពានអាកាសថ្មើរជើងជម្ពូរវ័ន្ត

ស្ពានអាកាសថ្មើរជើងជម្ពូរវ័ន្ត សាងសង់​ចំនួនពីរកន្លែង បានដាក់ឲ្យប្រើប្រាស់នៅថ្ងៃ ០៥ ខែឧសភាឆ្នាំ ២០១៧។ ស្ពាននេះឆ្លងកាត់ផ្លូវជាតិលេខ ៤ ស្ថិតនៅចំណុចផ្សារជម្ពូរវ័ន គឺជាស្ពានអាកាសថ្មើរជើងដំបូងគេនៅកម្ពុជា មានបណ្តោយប្រវែង ៥០ ម៉ែត្រ ទទឹង ៣,៥០ ម៉ែត្រ និងកម្ពស់ ៦ ម៉ែត្រ។

ស្ពានអាកាសថ្មើរជើងនាងគង្ហីង

ជាគម្រោងស្ពានអាកាសថ្មើរជើងដែលបំពាក់ដោយជណ្តើរយន្តដំបូងបំផុត ត្រូវបានមន្ទីរសាធារណការសហការជាមួយក្រុមហ៊ុន Oversea Cambodia Investment Corperation (OCIC)។ ស្ថិតនៅចំតំបន់ប្រជំជនដែលមានមនុស្សរស់នៅអ៊ូអរ ស្ពានអាកាសថ្មើរជើងនាងគង្ហីង បានសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាសាធារណៈកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩៕