BREAKING NEWS
Search

សហរដ្ឋអាមេរិកផ្ដល់រង្វាន់១.៦ពាន់លានដុល្លារដល់ក្រុមហ៊ុន Novavax សម្រាប់​ការផលិតវ៉ាក់សាំងកូវីដ១៩

កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានផ្តល់ថវិកាចំនួន១.៦ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍនិងផលិតវ៉ាក់សាំងជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Novavax ដែលនេះជាចំនួនច្រើនបំផុតដែលត្រូវបានផ្តល់ឲ្យក្រោមគម្រោង Operation Warp Speed។

ដោយឡែក សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ខ្លួនបានផ្តល់ប្រាក់ចំនួន៤៥០លានដុ​ល្លារដល់ក្រុមហ៊ុន Regeneron សម្រាប់​ការធ្វើតេ​ស្តពិ​សោធន៍និ​ង​ការព្យាបាល​ជំងឺកូវីដ១៩។

នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រសួងសុខាភិបាលនិងសេវាមនុ​ស្ស (HHS) និងក្រសួងការពារជាតិ ក្រុមហ៊ុន Novavax បានយល់ព្រមផ្តល់វ៉ាក់សាំងរបស់ខ្លួនចំនួន​១០០លានដូសនៅត្រឹមចុងឆ្នាំនេះ។

លោក Stanley Erck ប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា “យើងមាន​កិត្តិយសណាស់ដែលបានចាប់ដៃគូជាមួយគម្រោងប្រតិបត្ដិការ Operation Warp Speed ​​ក្នុង​ការអភិវឌ្ឍន៍វ៉ាក់សាំងរបស់យើងឆ្ពោះទៅមុខជាបន្ទាន់ក្នុងការស្វែងរកការការពារដ៏សំខាន់ដល់ប្រជាជននៃប្រទេសរបស់យើង”។

ការសាកល្បងដំណាក់កាលទី៣ដែលជាដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងរបស់ខ្លួនដែល​មានឈ្មោះ NVX-CoV2373 គ្រោងនឹងធ្វើឡើងនៅរដូវស្លឹកឈើជ្រុះនេះ។

ចំនួនទឹកប្រាក់ដែលផ្តល់ឲ្យក្រុមហ៊ុន Novavax ដោយសហរដ្ឋអាមេរិកគឺខ្ពស់ជាងទឹកប្រាក់​១.២ពាន់លានដុល្លារដែលបានផ្តល់ឲ្យវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដែលកំពុងត្រូ​វបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca។

ក្រោមប្រតិបត្តិការរបស់ Operation Warp Speed, ​​សហរដ្ឋអាមេរិកមានគោលបំណងផ្តល់វ៉ាក់​សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធិភាពរាប់លានដូសសម្រាប់ជំងឺកូវីដ១៩នៅក្នុងឆ្នាំ២០២១៕ AFP

ដោយ៖ វណ្ណវណ្ណ