BREAKING NEWS
Search

មេធាវី​ពន្យល់​ផ្លូវច្បាប់​ពី​ការធ្វើដំណើរ​ចេញពី​លំនៅឋាន​របស់​លោក កឹម សុខា ទៅ​មើល​ចំការ​នៅ​ខេត្ត​ត្បូងឃ្មុំ

ភ្នំពេញ ​៖ លោកស្រី ម៉េង សុភា​រី ដែល​ជា​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​អះអាង​ពី​ការ​ធ្វើ​ដំណើរ​ចេញពី​លំនៅឋាន​របស់លោក កឹម សុខា ទៅ​មើល​ចំការ​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្មីៗ​នេះ ដោយបាន​បញ្ជាក់​ថា លោក កឹម សុខា បាន​គោរព​កាតព្វកិច្ច នៃ​សេចក្តីសម្រេច​របស់​តុលាការ ហើយ​មិនមែនជា​ការដើរ​ចេញពី​បន្ទាត់​ក្រហម​ឡើយ​។

លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ហើយ​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទសន្ទិដ្ឋិភាព​ជា​មួយ​បរទេស ឬ​បទ​ក្បត់ជាតិ​នោះ កាលពី​ថ្ងៃទី​០៥ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ បាន​ចាក​ចេញពីផ្ទះ​ជា​លើកដំបូង ទៅកាន់​ចំការ​របស់ខ្លួន ដែល​ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ដំណើរ​នេះ​អមដោយ​មេធាវី​មួយរូប គឺ​លោក ចាន់ ចេ​ន ហើយ​ក្នុងនោះ​ក៏មាន​សហការី​ផងដែរ​។ ការចាកចេញ​ទៅ​ចំការ​នេះ បានធ្វើ​ឲ្យ​មនុស្ស​មួយចំនួន ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​ស្និទ្ធ​ជាមួយ​លោក សម រង្ស៊ី បាន​បើក​ការវាយប្រហារ​យ៉ាងខ្លាំង ដោយ​អះអាងថា លោក កឹម សុខា បានធ្វើ​ហួស​ពី​បន្ទាត់​ក្រហម ដែល​កំណត់ដោយ​តុលាការ​។​

ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោកស្រី ម៉េង សុភា​រី បាន​ពន្យល់ថា ដើម្បី​ជៀសវាង​ការយល់​ខុស ឬ​យល់​ច្រ​លំ ឬ​មានការ​ចោទប្រកាន់​ខុស ដោយសា​មិន​យល់ ឬ​មិនដឹង​ចំពោះ​ការធ្វើដំណើរ​ចេញពី​លំនៅដ្ឋាន​របស់លោក កឹម សុខា ក្នុងនាម​ជា​មេធាវី​របស់លោក កឹម សុខា បាន​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​កែប្រែ​កាតព្វកិច្ច​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​មួយចំនួន កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​សម្រេច​អោយ​លោក​កឹម សុខា ជាប់​កាតព្វកិច្ច​៣​ចំណុច​រួមមាន ទី​១. មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែន​រាជាណាចក្រ​កម្ពុជា​។ មានន័យថា លោក កឹម សុខា អាចធ្វើ​ដំណើរ​បាន​នៅ​ទូទាំងប្រទេស​កម្ពុជា លើកលែងតែ​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ទី​២. មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​។ មានន័យថា ទោះជា​លោក កឹម សុខា មាន​សិទ្ធិ​ធ្វើដំណើរ​នៅ​ទូទាំងប្រទេស​កម្ពុជា​ក៏ដោយ តែ​លោក​មិនអាច​ធ្វើ​សកម្មភាព​នយោបាយ​បានឡើយ និង​ទី​៣. ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។​

លោកស្រី ម៉េង សុភា​រី បញ្ជាក់ទៀតថា ចំណុច​ដែល​ហាម​មិនអោយ​ជួប​ជនបរទេស​ត្រូវបាន​លុបចោល ហេតុនេះហើយ​ទើប​កន្លងមក បណ្តា​ទូត​បាន​អញ្ជើញ​មកជួប​លោក កឹម សុខា ដល់​គេហដ្ឋាន ចាប់តាំងពី​មាន​សេចក្តីសម្រេច​កែប្រែ​កាតព្វកិច្ច​ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។
ជាមួយគ្នា​នោះ លោក កឹម សុខា មិនទាន់មាន​សាលក្រម ឬ​សាលក្រម​ស្ថាពរ​សម្រេច​ផ្តន្ទាទោស​ពីបទ​ក្បត់ជាតិ​ទេ​។ ដូច្នេះ​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​ណា​ដែល​មិនទាន់មាន​សាលក្រម​ផ្តន្ទាទោស​ជា​ស្ថាពរ ជន​នោះ​នៅតែ​ចាត់ទុកជា​ជន​គ្មាន​ទោស​។ ហេតុនេះ រហូតមកដល់​បច្ចុប្បន្ន​លោក កឹម សុខា មិនមែនជា​ជន​ក្បត់ជាតិ​ឡើយ​។ សរុបមក​ការធ្វើដំណើរ​របស់លោក​កឹម សុខា មិនមែនជា​ការដើរ​ចេញ​ពី​បន្ទាត់​ក្រហម​អ្វី​ឡើយ​។​

លោក ផែង ហេង ដែលជា​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដែរ​នោះបាន​បន្ថែមថា បើ​គ្រាន់តែ​យល់ច្រឡំ គឺ​ងាយ​ពន្យល់​ទេ ឆាប់​យល់​។ តែបើ​ធ្វើជា​មិន​យល់​នោះ ពិបាក​ហើយ​។ ខ្មែរ​មាន​ពាក្យ​មួយ​ឃ្លា​ថា “​ដាស់​មនុស្ស​ដេកលក់​ងាយ​ភ្ញាក់ តែបើ​ដាស់​អ្នកធ្វើ​ពុត​ដេកលក់ គឺ​ដាស់​មិន​ភ្ញាក់​ទេ​”​។​

ដោយឡែក​លោក ចាន់ ចេ​ន ដែលជា​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដែរ​នោះបាន​លើកឡើងថា លោក​កឹម សុខា មិនមែនជា​ទណ្ឌិត ឬ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​ក្បត់ជាតិ​នោះទេ ហើយ​ពេលនេះ មិនមាន​ច្បាប់​ណា ដែល​ហាម​លោក កឹម សុខា មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​នោះទេ គឺ​គេ​ហាម​មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស​តែប៉ុណ្ណោះ​។ ដូច្នេះ​ការដើរ​ហើរ ឬ​ចេញទៅ​ខាងក្រៅ​ផ្ទះ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស វា​ជា​សេរីភាព​របស់លោក​កឹម សុខា ។

គួររំលឹកថា ជាង​៣​ឆ្នាំ​ហើយ ដែល​លោក កឹម សុខា មិនបាន​ចុះទៅ​មូលដ្ឋាន គិត​ចាប់ពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ គឺ​គ្រា​ដែល​រូបលោក​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​អស់​១​ឆ្នាំ មុននឹង​ផ្ទេរ​មក​ឃុំ​នៅក្នុង​ផ្ទះ​វិញ​នៅ​ឆ្នាំ​២០១៨​។ លោក កឹម សុខា បាន​ត្រឹម​ជួប​មន្ត្រី​ទូត និង​បរទេស​នានា នៅក្នុង​គេហដ្ឋាន ប៉ុណ្ណោះ​ក្រោយ​មាន​ការដក​បម្រាម​ចេញ​ក្រៅ​ផ្ទះ ហើយ​អនុញ្ញាតឱ្យ​លោក​អាច​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ និង​មន្ត្រី​អតីត​បក្ស​ក្តី​។ សំណុំរឿង​លោក កឹម សុខា ត្រូវបាន​តុលាការ​បើក​សវ​នា​ជំនុំជម្រះ​ផងដែរ ប៉ុន្តែ​សវ​នា​ត្រូវបាន​ផ្អាក​បណ្ដោះអាសន្ន ដោយសារ បញ្ហា​ជំងឺ​កូ​វីដ​-១៩។

ទាក់ទង​បញ្ហា​នេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​មិនទាន់​អាច​សុំ​ការ​ពន្យល់​បានទេ ប៉ុ​ន្តែ​លោក​ធ្លាប់​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថា លោក កឹម សុខា អាច​ចេញ​ក្រៅ​ជួប​គ្រប់​អ្នកនយោបាយ និង​សហការី​របស់លោក​ពីមុនៗ ក៏ដូចជា​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​ផងដែរ​លើកលែងតែ​ចេញ​ក្រៅប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា រាល់​ជំនួប​ទាំងនោះ លោក កឹម សុខា មិនត្រូវ​និយាយ ឬ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114