BREAKING NEWS
Search

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័ត​កម្ចី​២៥០​លាន​ដុល្លា ដើម្បី​គាំទ្រ​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹង COVID -19

ភ្នំពេញ​ ៖ ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa បាន​អះអាង​ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃទី​០៨ ខែកក្កដា បាន​អនុម័ត​កម្ចី​ចំនួន​២៥០​លាន​ដុល្លា ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា (COVID-19) តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព បង្កើន​ជំនួយ​សង្គម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ព្រមទាំង​ផ្តល់​ការគាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម ដែល​រួមមាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​ផងដែរ ហើយ​ការ​គាំទ្រ​នេះ នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ ឥទ្ធិពល​អវិជ្ជមាន នៃ​ជំងឺ​រាតត្បាត​នេះ​។

​លោក Masatsugu Asakawa បន្ថែមថា “​កម្ពុជា​មានកំណត់​ត្រា​នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ ប៉ុន្តែ COVID-19 គំរាម​ធ្វើ​ឲ្យ​ថយចុះ នូវ​ការ​រីកចម្រើន​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ​ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា​ស្ត្រី​និង​កម្មករ​ចំណាកស្រុក​។ កម្ចី​នេះ​ជា​ផែនការ​ចូលរួម​រយៈពេល​វែង​របស់ ADB ដែល​ផ្តោតទៅលើ ការគាំទ្រ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​និរន្តរភាព​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​”​។

ចំណែក​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ COVID-19 ដោយសារ​សេដ្ឋកិច្ច​បើកចំហ មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត និង​ប្រជាពលរដ្ឋ​ចល័ត​ច្រើន​។ ADB រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់ចុះ​ក្នុង​រង្វង់​-៥,៥​ភាគរយ ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការ​ថយចុះ​នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​សំលៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ តិចជាង​មុន និង​ការ​ចុះថយ​នៃ​សកម្មភាព​សំណង់​។ ហានិភ័យ​នៃ ការធ្លាក់ចុះ​នេះ​អាច​នឹង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ ១,៣​លាន​នាក់ ទៀត​ធ្លាក់​ក្នុង​ភាពក្រីក្រ​។

កាលពី​ខែមីនា កម្ពុជា​ប្រកាស​ដំណើរការ ការឆ្លើយតប​ស៊ីជម្រៅ ទៅនឹង COVID-19 ជាមួយនឹង​កញ្ចប់​ថវិកា​វិធានការ​ដំបូង​សរុប​៨១៥,៧​លាន​ដុល្លា ដែល​ស្មើនឹង​៣,២ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប រំពឹងទុក​សម្រាប់​ឆ្នាំ​២០២០​។ ទាំងនេះ​រួមបញ្ចូល​នូវ​ការគាំទ្រ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ត្រៀម​បង្ការ ការកើនឡើង​នៃ​ករណី COVID-19 ហើយ​សម្រាប់​កម្មករ និង​សហគ្រាស ដែល​រួមមាន​ការចាក់​បញ្ចូល​ដើមទុន​១៥០​លាន​ដុល្លា ដើម្បី​គាំទ្រ​ធនាគារ​ដែល​ផ្តល់​កម្ចី ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​។ កញ្ចប់​ថវិកា គាំទ្រ​នេះ​រួមមាន​៣០០​លាន​ដុល្លា សម្រាប់​ការ​ផ្តល់ជំនួយ​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ដែលមាន​ក្នុង​បញ្ជី​ទិន្នន័យ របស់​រាជរដ្ឋាភិបាល​។ បញ្ជី​ទិន្នន័យ (IDPoor) នេះ​មាន​បញ្ចូល​គ្រួសារ​ក្រីក្រ ២,៤​លាន​គ្រួសារ ហើយ​កំពុង​ត្រូវបាន​បញ្ចូល​បន្ថែម​គ្រួសារ​ដែល​រង​ប៉ះពាល់​ដោយ COVID-19​។

បើ​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី កម្មវិធី​គាំទ្រ​ការចំណាយ និង​ឆ្លើយតប​សកម្ម​ទៅនឹង COVID-19 របស់ ADB (​ដែល​ហៅ​កាត់​ថា CARES) ត្រូវបាន​ផ្តល់​ថវិកា​តា​មរយៈ​ជម្រើស​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត COVID-19(​ហៅ​កាត់​ថា CPRO) ក្រោម​ការ​ជ្រោមជ្រែង​របស់ ADB ដើម្បី​ដោះស្រាយ ដំណើរ​សេដ្ឋកិច្ច​មិន​ប្រក្រតី ។ CPRO ផ្តួចផ្តើមឡើង តាមរយៈ​ជំនួយ​របស់ ADB ដែល​ត្រូវបាន​ពង្រីក​រហូតដល់ ២០​ពាន់​លាន​ដុល្លា កាលពី​ថ្ងៃទី​១៣ ខែមេសា សម្រាប់​សមាជិក​ជា ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​។

កម្មវិធី​នេះ​រួមបញ្ចូល​នូវ​ក្រប​ខ័​ណ្ធ​ចូលរួម​របស់​ប្រទេស​ដែល​ទទួលបាន​ការគាំទ្រ ដើម្បី​ធានាថា​រដ្ឋាភិបាល និង ADB បន្ត​កិច្ចពិភាក្សា​គោលនយោបាយ ជុំវិញ​ការអនុវត្ត និង​តាមដាន ការឆ្លើយតប​ទៅនឹង COVID-19 របស់​កម្ពុជា​។ ក្របខ័ណ្ឌ​នេះ​ក៏​រួមមាន​ការប្រឹក្សា​យោបល់​ជាមួយ​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​។ កម្មវិធី​នេះ​ក៏​ផ្សារភ្ជាប់​ទៅនឹង​សកម្មភាព​គាំទ្រ​បច្ចុប្បន្ន​របស់ ADB សម្រាប់​កំណែ​ទម្រង់ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​តម្លាភាព ព្រមទាំង​បង្កើន​ប្រសិទ្ធ​ផល ក្នុងការ​បង្កើត​គោលនយោបាយ​និង​ថវិកា ការតាមដាន​ការចំណាយ និង​សវនកម្ម។

កម្មវិធី CARE នេះ​ត្រូវ​បាន​បង្កើត​ឡើង ដោយមាន​ការ​សម្របសម្រួល ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​បំពេញបន្ថែម​ទៅ​នឹង​ការ​គាំទ្រ​របស់ ADB បច្ចុប្បន្ន​ដើម្បី​ផ្គត់ផ្គង់ ឧបករណ៍​ត្រួតពិនិត្យ​សីតុណ្ហភាព សម្រាប់​ប៉ុស្តិ៍​ត្រួតពិនិត្យ អន្តរជាតិ និង​ធានា​ការផ្តល់ បច្ចុប្បន្នភាព ទៀងទាត់ ដល់​វេ​ប​សាយ​ក្រសួង សុខាភិបាល​ដែល​បង្ហាញ​របាយការណ៍​តាមដាន COVID-19 និង​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗ រាល់ថ្ងៃ​។ វា​គឺជា ផ្នែក​មួយ នៃ​សក្តានុពលភាព ដ៏​រឹងមាំ​នៃ​គម្រោង​វិនិយោគ និង​ជំនួយ​បច្ចេកទេស ដែល​ផ្សារភ្ជាប់​ទៅនឹង យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​កម្ពុជា របស់ ADB ឆ្នាំ​២០១៩-២០២៣ ហើយនឹង​គាំទ្រ ដល់​ការ​ស្តារឡើងវិញ​ក្រោយពី​ការ​រាតត្បាត​នៃ COVID-19៕

កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114