BREAKING NEWS
Search

ពលរដ្ឋចាត់ទុកដើមឈើទាល ដែលមានអាយុកាលជាង៣០០ឆ្នាំ ជាទីគោរពរបស់ពួកគាត់

ភ្នំពេញ: ប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានចាត់ទុកដើមឈើទាលមួយដើមដែលដុះកណ្តាលភូមិមានអាយុកាលជាង៣០០ឆ្នាំ ជាទីគោរពរបស់ពួកគាត់។ យោងតាមប្រសាសន៍របស់លោកតា ឌៀប ពិន ដែលលោកតា មានអាយុ៨៩ឆ្នាំជាព្រឹទ្ធាចារ្យម្នាក់នៅច្បារអំពៅបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះថា ដើមឈើទាលនេះមានអាយុមិនតិចជាង៣០០ឆ្នាំនោះទេ ព្រោះកាលពីលោកតានៅវ័យជាកុមារភាពគឺដើមឈើទាលនេះមានទំហ៊ុំដូចសព្វថ្ងៃទៅហើយ។

លោកតាបន្តថា គ្រាន់តែគល់ឈើទាលនេះគឺស្មើនឹង៥ អោបមនុស្សចាស់ហើយកំពស់ជាង២០ម៉ែត្រឯណោះ។ លោកតាក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិក៏ដូចជាអ្នកស្រុកច្បារអំពៅនាំគ្នាសាងសង់ជារោងលោកតាដើម្បីធ្វើជាកន្លែងគោរពបូជា និងរាល់ថ្ងៃឧបោសុទ្ធសិល៍គឺចាស់ៗ តែងទៅអុចធូបមិនដែលខកខានដើម្បីសុំសេចក្តីសុខជារៀងរហូត។

ទាក់ទិនទៅនិងដើមឈើទាលដ៏ធំខាងលើនេះ លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានប្រាប់កម្ពុជាថ្មីតាមរយះទូរសព្ទ័នាព្រឹកថ្ងៃទី៨ ខែកក្កដានេះថា លោកមិនដឹងថាដើមឈើទាលនេះមិនដឹងជាមានអាយុប៉ុន្មានឆ្នាំនោះទេ។ព្រោះចាប់តាំងពីឆ្នាំ១៩៧៩ក្រោយថ្ងៃរំដោះ៧មករាមក គឺលោកបានឃើញដើមឈើទាលនេះមានទំហំដូចសព្វថ្ងៃ។អញ្ចឹងទេមានតែចាស់ៗ ក្នុងភូមិទើបគាត់បានដឹងពីអាយុកាលនេះ។

លោកចៅសង្កាត់បានបន្តថា ដើមឈើទាលដ៏ធំនេះត្រូវបានប្រជាពលរដ្ឋលោកសាងសង់ជារោងលោកតាសំរាប់ធ្វើជាកន្លែងបន់ស្រន់សុំសេចក្តីសុខហើយក៏សាកសិទ្ធិទៀតផង។ដូច្នេះហើយទើបអាជ្ញាធរ និងប្រជាពលរដ្ឋលោកនាំគ្នាថែរក្សាដើមឈើទាលដ៏ធំនេះមិនឲ្យអ្នកណាមកប៉ះពាល់បានឡើយព្រោះជាទ្រព្យធនរបស់ចាស់ៗ ជំនាន់មុនដាំទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ថា នេះជាដើមឈើទាល ដែលគេតែងតែដាំដុះនៅក្នុងបរិវេណទីវត្តអារាម។តែដើមឈើទាលនេះបែជាដាំក្នុងភូមិទៅវិញ៕

អត្ថបទ៖ នរា

ចុចអាន៖ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ថ្ងៃទី​៧​ ខែកក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​២៥៥៣​គ្រឿង