BREAKING NEWS
Search

បុរស​អ្នក​ដាប់​ខ្យង​សមុទ្រ​ម្នាក់​ លង់ទឹក​ស្លាប់​ នៅ​ក្រោម​កំពង់ផែ​

ព្រះសីហនុ​ ៖ បុរស​អ្នក​ដាប់​ខ្យង​សមុទ្រ​ម្នាក់ បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹក ​ខណៈ​ចុះទៅ​ក្រោម​ផែ​ថ្ម​ស្ទឹងហាវ​។ ករណី​នេះ​ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​ គេ​បាននាំគ្នា​ចុះជួយ​រក​ដែរ ​ប៉ុន្តែ​រក​ជនរងគ្រោះ​មិន​ឃើញ​ទេ​។​

ហេតុការណ៍​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ​ថ្ងៃ​ទី​៨​ ខែ​កក្កដា ​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោម​កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ ស្ថិតនៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ​ ​ខេត្ត​ព្រះសីហនុ​។​

លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ដដែល​ សព​ជនរងគ្រោះ គេ​បាន​រក​ឃើញ​អណ្ដែត​ទឹក​នៅ​ក្បែរ​ចំណុច​កើតហេតុ ក្នុង​ក្រុម​៦ ​ភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ អង់ បុល ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ មុខរបរ​នេសាទ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​អំបិល ឃុំ​ត្រពាំង​អំបិល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។ បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុម​៦ ភូមិ​៤ ឃុំ​ទំនប់រលក ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

សាកសព​ជនរងគ្រោះ ​បន្ទាប់ពី​លើកឡើង​ពី​ទឹក​ហើយ គេ​ឃើញ​មាន​ស្នាម​ឈាម​នៅ​ជាប់​ត្របកភ្នែក​ខាងឆ្វេង​។ ​តែ​បើ​ទោះបី​ជា​បែបនេះ​ក៏ដោយ​ចុះ ករណី​នេះ​ នគរបាល​អធិការដ្ឋាន​ស្រុក​ស្ទឹងហាវ​បាន​ចុះ​ពិនិត្យ​សព និង​ធ្វើ​កោសល្យវិច័យ​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក ពិត​ប្រាកដ​មែន ដោយ​មិន​ជាប់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​នោះ​ទេ​។​

បច្ចុប្បន្ន​ សាកសព ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
អត្ថបទ ៖ ស៊ុយ ចាន់​ធា​

សូមចុចអាន ៖ ឆមាស​ទី​១​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ជាង​៥​ពាន់​ករណី​ ចាប់​យក​​ជាង​២​រយ​គីឡូក្រាម​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114