BREAKING NEWS
Search

សូម​មេត្តា​កុំ​មើល​រំលង​ការ​រាករូស​រ៉ាំរ៉ៃ វា​អាច​ជា​ផល​រំខាន​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​

ការ​រាគ​រ៉ាំរ៉ៃ ជា​បញ្ហា​មួយ​ដែល​ក្រុម​វេជ្ជបណ្ឌិត​យើង​តែងតែ​បាន​ជួបប្រទះ​ជា​ញឹកញាប់​។​ និយមន័យ​ពិតប្រាកដ ​នៃ​ការ​រាគ​រ៉ាំរ៉ៃ​នេះ គឺជា​ការ​រាគ​ដោយ​លាមក​មាន​សភាព​ជ្រាយ (Semi liquide) ឬក៏​ទឹក​សុទ្ធ (liquide) ដែល​មាន​រយៈពេល​លើស​ពី​២១​ថ្ងៃ​ឡើង​ទៅ​។​

ក​) មូលហេតុ​ ៖
កត្តា​បង្ក​ឲ្យ​មានការ​រាគ​រ៉ាំរ៉ៃ​ គឺ​មាន​ច្រើន ហើយ​ពេលខ្លះ​ គឺ​តម្រូវ​ឲ្យ​មាន​ការពិនិត្យ និង​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ក៏ដូចជា​បច្ចេកទេស​វេជ្ជសាស្ត្រ​លក្ខណៈ​ឯកទេស​ផង​ដែរ​ដូចជា ៖​
– ជំងឺ​រលាក​ពោះវៀនធំ​ដោយ​មេរោគ​ឆ្លង (colite infectieuse) ក្នុង​នោះ​ក៏​មាន​ជំងឺរបេង​ពោះវៀនធំ​ផង​ដែរ​
– ជំងឺ​រលាក​ពោះវៀនធំ​ដោយ​គ្មាន​មេរោគ​ឆ្លង (colite inflamatoire)
– ជំងឺ​ខ្សោយ​ពោះវៀន ឬ​ពោះវៀន​ដើរ​ខុសធម្មតា (troubles fonctionnels intestinaux)
– មាន​ដុំ​សាច់​ដុះ​នៅក្នុង​ពោះវៀនធំ (​មហារីក​ពោះវៀនធំ​)
– ជំងឺ​ឡើង​ជាតិពុល​ នៃ​ក្រពេញ​បំពង់ក (hyperthyroidie)
– ជំងឺ រាគ​នៅលើ​អ្នកជំងឺ​អេដស៍ ដែល​ភាគ​ច្រើនជាងគេ​នោះ​ គឺ​បង្កឡើង​ដោយ​ពពួក​ផ្សិត​នៅ​ពោះ វៀន​ធំ​
– ពពួក​ប៉ារ៉ាស៊ីត (​ព្រូន តេនញ៉ា អាមីប ជាដើម​។​ល​។​)
– វា​ក៏​អាច​បណ្តាលមកពី​ការ​ពិសា​ឱសថ​មួយចំនួន​ផងដែរ (​ជាពិសេស​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​។​ល​។​)

ខ​) រោគសញ្ញា​ ៖
រោគសញ្ញា​ដែល​អាច​មាន​អម​មក​ជា​មួយ​ការ​រាករូស​រ៉ាំរ៉ៃ​មានៈ​
– ក្តៅ​ខ្លួន រងា​ញាក់​
– ឈឺ​ចុកចាប់​ក្នុង​ពោះ​
– លាមក​មាន​លាយ​ឈាម សំបោរ ឬ​ខ្ទុះ​
– ស្រក​ទម្ងន់​លឿន និង​ខុសពី​ធម្មតា​
– អស់កម្លាំង ល្ហិតល្ហៃ​
– ស្លេកស្លាំង ចុះ​ឬ​បាត់​គ្រាប់​ឈាមក្រហម​
– មាន​ដុំ​ពោះ ដែល​យើង​អាច​ស្ទាប​ទៅ​ប៉ះ​
– ការខ្វះ ឬ​ខ្សោះ​ជាតិ​ទឹក គឺ​យើង​កម្រ​នឹង​កើតមាន​ណាស់​ចំពោះ​ការ​រាករូស​រ៉ាំរ៉ៃ​នេះ​។​ល​។​

គ​) ការធ្វើ​រោគវិនិច្ឆ័យ​ ៖
ការ​រាគ​រ៉ាំរ៉ៃ យើង​អាចធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​ ៖
– ការសាកសួរ​ដោយ​លំអិត​អំពី​ប្រវត្តិ​ជំងឺ និង​រោគសញ្ញា​ផ្សេងៗ​ដែល​អម​ជាមួយ​ជំងឺ​
– ការពិនិត្យ​ឈាម និង​លាមក​
– ការពិនិត្យ​អេកូ​ពោះ ឬក៏​ការថត​ស្កេន​ពោះ (CT-Scan)
– ការបណ្ដុះ​មេរោគ​ក្នុង​លាមក (coproculture)
– ការឆ្លុះ​សុង​មើល​ពោះវៀនធំ និង​ការវិភាគ​កោសិកា​របស់​ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជា​វិធី​តែមួយ​គាត់​សម្រាប់​ធ្វើ​រោគ​វិនិឆ្ឆ័យ​បាន​យ៉ាង​ល្អ​ប្រសើរ ចំពោះ​ករណី​រាគ​រ៉ាំរ៉ៃ​នេះ​។​

ឃ​) ការព្យាបាល​ ៖
ចូល​ចងចាំ​ដែរ​ថា ការ​រាករូស​រ៉ាំរ៉ៃ​នេះ​វា​មិនមែនជា​ជំងឺ​នោះទេ វា​គឺជា​រោគសញ្ញា​ដែល​បង្កឡើង​ដោយ​ជំងឺ និង​មូលហេតុ​ដូចដែល​បាន​ជម្រាបជូន​ពី​ខាងលើ​។ ដូច្នេះហើយ​ចំពោះ​ការព្យាបាល គឺ​តម្រូវ​ឲ្យ​យើង​ដឹង​មូលហេតុ​ពិតប្រាកដ​ថា​មកពី​អ្វី ហើយ​ការព្យាបាល​ឲ្យ​ចំ​មូលហេតុ​ទាំងនោះ​ហើយ ទើប​ជា​ការ​ព្យាបាល​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។​

អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​ដូច​ការ​រៀបរាប់​ខាងលើ គួរ​គប្បី​ជួប​ពិគ្រោះ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯក​ទេស និង​ជំនាញ​ផ្នែក ថ្លើម​-​ក្រពះ​-​ពោះវៀន នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ទទួល​នូវ​សេវា​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕
អត្ថបទ ៖ ​រស្មី​

សូមចុចអាន ៖ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114