BREAKING NEWS
Search

ក្រសួង​អប់រំ​ស្នើសុំ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បើក​សាលារៀន​ ដែល​មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​ក្នុង​ខែ​សីហា

​ភ្នំពេញ​ ៖ ​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​អប់រំ​ នឹង​ស្នើសុំ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​អនុញ្ញាត​ឲ្យ​ដំណើរការ​សាកល្បង ដំណាក់កាល​ទី​១ សាលារៀន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​មួយ​ចំនួន​តូច ក្នុង​កំឡុង​ខែសីហា ឆ្នាំ​២០២០​។

​លោក​បាន​បន្ត​ថា ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួបពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ លើ​កត្តា​សុខុមាលភាព សង្គម សេដ្ឋកិច្ច និង​ការ​លើកកម្ពស់​វិនិយោគ​។ យោង​តាម​ស្មារតី​ប្រជុំ​អន្តរក្រសួង ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ស្នើសុំ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល នូវ​វិធានការ​ចាំបាច់​សម្រាប់​ការ​បើក​ដំណើរការ​សាលារៀន​ដំណាក់កាល​ទី​១​រួមមាន៖ គ្រឹះស្ថានសិក្សា​ត្រូវ​ចុះ​កិច្ច​សន្យា​ទទួលខុសត្រូវ​លើ​ការ​អនុវត្តន៍​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ដូចជា​ ការ​អនុវត្តន៍​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​លើក​កម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ​កូ​វីដ​-១៩, ការរៀបចំ​បរិស្ថាន​សាលារៀន និង​ថ្នាក់រៀន​ឲ្យ​ស្របតាម​ស្តង់ដារ​សុវត្ថិភាព​សុខភាព​សិក្សា​, ការ​រក្សា​គម្លាត​សុវត្ថិភាព​, ការ​វាស់​កម្ដៅ​បុគ្គល​ជាប្រចាំ​, និង​ការ​លាងដៃ​ជាប្រចាំ ការ​ពាក់​ម៉ាស​។ ល​។ គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ត​ការអប់រំ​តាម​គន្លង​ថ្មី​÷ រៀន​ក្នុង​ថ្នាក់​ខ្លះ រៀន​អន​ឡាញ​ខ្លះ តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ការ​យល់​ព្រម​ពី​មាតាបិតា​។ គ្រឹះស្ថានសិក្សា​ត្រូវ​រៀបចំ​ក្រុមការងារ​ទទួលបន្ទុក​សុវត្ថិភាព​សុខភាព​សិក្សា ដើម្បី​ត្រួតពិនិត្យ​ជាប្រចាំ ក្រោម​ការដឹកនាំ​របស់​ប្រធាន​គ្រឹះស្ថានសិក្សា និង​ម្ចាស់​ភាគហ៊ុន​។ គ្រឹះស្ថានសិក្សា​ ត្រូវ​តម្រូវ​ឲ្យ​មានការ​ធ្វើតេស្ត​ពិនិត្យ​សុខភាព និង​រក​មេរោគ​កូ​វីដ​-១៩ សម្រាប់​បុគ្គលិក​អប់រំ និង សិស្សានុសិស្ស​។​-​គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ត​វិធានការ​តម្រូវ​នានា​។ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ឺង​ម៉ាត់​លើ​ការ​អនុវត្តន៍​របស់​គ្រឹះស្ថានសិក្សា​។ ​ផ្អែក​តាម​បទពិសោធន៍ និង​ការវាយតម្លៃ​ការអនុវត្ត​ដំណាក់កាល​ទី​១ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា​អាច​កំណត់​បាន នូវ​ជំ​ហ៊ាន​បន្តបន្ទាប់​សម្រាប់​ដំណាក់កាល​ទី​២ និង​ទី​៣៕
អត្ថបទ៖ ​សំអឿន
សូមចុចអាន៖​​ រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងធនធានរូបវ័ន្ត ក៏ដូចជាវិធានការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩