BREAKING NEWS
Search

៦ខែឆ្នាំនេះខ្យល់កន្ត្រាក់បានកើតឡើង១៥៥លើកបណ្តាលឲ្យមនុស្សស្លាប់៤នាក់និងរងរបួស៤៣នាក់

ភ្នំពេញ៖លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងនៅព្រឹកថ្ងៃទី៩កក្កដានេះថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០២០នេះខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៥៥លើកនៅទូទាំងប្រទេសបណ្តាលឲ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន៧១១ខ្នងនិងខូចខាតមធ្យមចំនួន៤៥០៥ខ្នងខូចខាតសាលារៀននិងអគារផ្សេងៗចំនួន៤៨កន្លែង និងបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់និងរងរបួសចំនួន៤៣នាក់។

បើតាមលោក ឃុន សុខា ក្នុងចំណោម១៥៥លើនោះកើតឡើងនៅខេត្តបាត់ដំបងច្រើនជាងគេគឺមានចំនួន១៩លើកបណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន១៥១៨ខ្នងនិងរបួសមនុស្ស៥នាក់។ខេត្តឧត្តមានជ័យកើតឡើងចំនួន១៥លើកបណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន២៧៩ខ្នងនិងរបួសមនុស្ស​៧នាក់។​ ខេត្តសៀមរាបកើតឡើងចំនួន១៤លើកបណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន៤០២ខ្នងនិងរបួសមនុស្ស៤នាក់។ខេត្តបន្ទាយមានជ័យកើតឡើងចំនួន១១លើកបណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន៦៣៦ខ្នងនិងខេត្តកំពង់ស្ពឺកើតឡើងចំនួន៩លើកបណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន៦០៨ខ្នង។

លោកបានបន្ថែមទៀតថា ប្រជាពលរដ្ឋ៤នាក់ស្លាប់ដោយដារខ្យល់កន្ត្រាក់គឺនៅខេត្តព្រៃវែង១នាក់ ខេត្តពោធិសាត់១នាក់និងខេត្តព្រះសីហនុ២នាក់។ចំនួនខ្យល់កន្ត្រាក់៦ខែឆ្នាំ២០២០នេះ មានការថយចុះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នា២០១៩កន្លងទៅតែចំនួនអ្នកស្លាប់មានចំនួនប្រហាក់ប្រហែលគ្នា។

លោកបានលើកឡើងរបាយការណ៍មកបញ្ជាក់ទៀតថា រយៈពេល៦ខែឆ្នាំ២០១៩ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៣៣ លើក នៅរាជធានី-ខេត្តទូទាំងប្រទេសដោយការខូចខាត ផ្ទះរលំ និងខូចធ្ងន់ធ្ងរ ១,១៩៣ ខ្នង, របើកដំបូល និងខូចខាតមធ្យមចំនួន ៩,៨១៩ ខ្នង, របើកដំបូលសាលារៀន និងទីចាត់ការ ៦២ អគារ ,រលំអគារសាលារៀនចាស់ ១ ខ្នងនិងសាលាមតេ្តយ្យ ១ ខ្នង, និងខូចខាតអគារផ្សេងៗមានអគាររដ្ឋបាល មណ្ឌលសុខភាព, រោងម៉ាស៊ីនកិនស្រូវ, ឃ្លាំងស្តុកកសិផល, ព្រះវិហារ, សាលាឆាន់ និងសាលាឆទានសរុប ៣៥ កន្លែង។ដំណាំកសិកម្មខូចខាតចេក ៦០ ហិកតា ធុរេន ៤២៣ ដើមមៀនប៉ៃលិន ២,៧០០ ដើម និងស្វាយចន្ទីរ ១៧០ ដើមនិងខូចខាតតូបលក់ដូរចំនួន ៦១ តូបនិងធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះស្លាប់ ៤ នាក់ និងរបួស ៧៧ នាក់៕

អត្ថបទ៖ សំអឿន

ចុចអាន៖ ក្រសួង​អប់រំ​ស្នើសុំ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បើក​សាលារៀន​ ដែល​មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​ក្នុង​ខែ​សីហា