BREAKING NEWS
Search

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ ​គ្របដណ្ដប់​លើ​ស្រុក​ចំនួន​៤​ បណ្តាល​ឲ្យ​លំនៅដ្ឋាន​ពលរដ្ឋ​ខូច​ខាត​មួយ​ចំនួន​ និង​របួស​ក្មេង​ស្រី​ម្នាក់​ បាក់​ដៃ​

បាត់ដំបង ៖ យោង​តាម​របាយការណ៍​សមត្ថកិច្ច​ដែល​កម្ពុ​ជាថ្មី​ទទួល​បាន​កាលពី​រសៀល​ថ្ងៃទី​០៨​ ខែ​កក្កដា ​ឆ្នាំ​២០២០​ បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃ​ទី​០៧​​កក្កដា​ មាន​ភ្លៀង​ធ្លាក់​១​មេ ​លាយ​ឡំ​ខ្យល់​កន្ត្រាក់​ ​គ្របដណ្ដប់​លើ​ស្រុក​ចំនួន​០៤​ ក្នុង​ខេត្ត​បាត់ដំបង​ បង្ក​ឲ្យ​​ប៉ះពាល់​ដល់​លំនៅឋាន​ពលរដ្ឋ ​មួយ​ចំនួន​រង​ការខូចខាត ​និង​ក្មេង​ស្រី​ម្នាក់​ ​របួស​បាក់​ដៃ​ផង​ដែរ​។

​ក្នុង​របាយការណ៍​ដដែល​បញ្ជាក់​ថា ស្រុក​ទី​១​ ​ក្នុងស្រុក​បាណន់​ កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​ចំណុច​ភូមិ​ក្រពើ​ជើង មាន​ករណី​ខ្យល់​កន្ត្រាក់ ​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​របើក​ដំបូល​។​ ​ម្ចាស់ផ្ទះ​ទី​១​-ឈ្មោះ​អ៊ុច ពេ​ត​ ភេទ​ស្រី ​អាយុ​៦៤​ឆ្នាំ​ នៅ​ភូមិ​ក្រពើ​ជើង ​ឃុំ​ភ្នំ​សំពៅ​ របើក​ដំបូល​រោង​ម៉ាស៊ីន ​ទំហំ​៨​ម​x២០​ម​ អស់​ស័ង្កសី​ប្រវែង​០៤​ម៉ែត្រ​ចំនួន​១០០​សន្លឹក​។​ ម្ចាស់ផ្ទះ​ទី​២​-ឈ្មោះ​យឹម​ កែវ​ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ​នៅ​ភូមិ​ក្រពើ​ជើង ​ឃុំ​ភ្នំ​សំពៅ​ ផ្ទះ​ទំហំ​៥​ម​x៦​ម របើក​ដំបូល​អស់​មួយ​ចំហៀង​ ស្មើ​ស័ង្កសី​៤.៥​ម​១០​សន្លឹក​។​

របាយការណ៍​ដដែល​បន្ត​ថា​ ក្នុង​ថ្ងៃ​ដដែល​ កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី ​នៅ​ក្នុង​ស្រុក​រតនៈ​មណ្ឌល​ ត្រង់​ចំណុច​ត្រដក់​ពង ភូមិ​កណ្ដាលស្ទឹង ​ឃុំ​អណ្តើក​ហែប​ មាន​ភ្លៀង​មួយ​មេ​ធំ ​លាយ​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឲ្យ​ដួល​រលំ​ផ្ទះ​០១​ខ្នង ​ទំហំ​១០​ម​x១០​ម​ ដំបូល​ប្រក់​ស័ង្កសី ​ជញ្ជាំង​បាំង​ឈើ​ក្រោម​ធ្វើ​អំពី​ថ្ម​ ដែល​ម្ចាស់ផ្ទះ​មានឈ្មោះ​ ព្រំ​ យ៉ាំង​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​និង​កូនស្រី​០១​នាក់​ ឈ្មោះ​នី​ ដា​រី ​អាយុ​០៣​ឆ្នាំ​ បាន​របួស​បាក់​ដៃ​ស្តាំ​។​

ក្នុង​ថ្ងៃ​ដដែល កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ នៅ​ចំណុច​ឃុំ​ឃ្លាំង​មាស​ ក្នុងស្រុក​បវេល ​មាន​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​ គ្របដណ្ដប់​លើ​ភូមិ​ចំនួន​២ ​គឺ​ភូមិ​ព្រៃធំ ​និង​ភូមិ​ត្រពាំង​ក្បាលស្វា​បណ្ដាលឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង ​ដោយ​របើក​ដំបូល ​និង​របើក​ស្លាក​សាលារៀន​បឋមសិក្សា​ព្រៃធំ​២​ផ្ទាំង​ផង តែ​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ។​

ចំណែក​នៅ​ស្រុក​រុក្ខ​គី​រី ​ក្នុង​ថ្ងៃ​ដដែល​ខាងលើ​ កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បាសាក់​ របើក​ដំបូល​ផ្ទះ​អស់​ចំនួន​០៤​ខ្នង​ផ្ទះ​ តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ​។

​បច្ចុប្បន្ន​ អាជ្ញាធរ​ និង​សមត្ថកិច្ច ​កំពុង​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ ដើម្បី​ឲ្យ​ពួកគាត់​បាន​ផ្ទះ​រស់នៅ​ឡើងវិញ​។ ចំណែក​ក្មេង​រង​គ្រោះ​បាក់​ដៃ​ម្នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​៕​
អត្ថបទ ៖ សៅ សារិទ្ធ​

សូមចុចអាន ៖ ស្រវឹង ប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច ត្រូវ​អ្នកភូមិ​ប្រទះឃើញ ​ប្ដឹង​សមត្ថកិច្ច ឃាត់ខ្លួន​ទាំង​យប់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114