BREAKING NEWS
Search

ការផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនៅរាជធានី ដំណើរការទៅដោយរលូន មានតម្លាភាពនិងសម្រេចបានជាង៩០ភាគរយហើយ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានអៈអាងថា ដំណើរការផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រនៅរាជធានី ភ្នំពេញបានប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងគ្មានការកឹបកេងសាច់ប្រាក់ពីជនក្រីក្រ និងជនងាយរងគ្រោះឡើយ ដើម្បីធានាការដោះស្រាយជីវភាពជូនពួកគាត់ពិតប្រាកដ។

លោកឃួង ស្រេង បានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្ត ដំណើរការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនិង​ជន​​ងាយរង​គ្រោះ​​នៅក្នុងវិបត្តិជំងឺកូវីដ-១៩ ដោយមានការប្រុងប្រយ័ត្នជាទីបំផុត ពោលគឺមិនអោយក្រុមការងារពាក់ព័ន្ធប្រព្រឹត្តិបាតុភាពមិនប្រក្រី ណាមួយកើតឡើងឡើយ ដូចជាគ្មានការជ្រើសរើសសាច់ញាតិរបស់ខ្លួនឯង ឬគ្មានការកឹបកេងលុយរបស់ជន ក្រីក្រជាដើម។ លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងនេះ បានធ្វើ ឲ្យដំណើរការងារផ្តល់សាច់ប្រាក់នេះបានព្រឹត្តិទៅដោយរលូន ហើយទទួលការគាំទ្រពីប្រជាពលរដ្ឋ។

ចំណុចនេះយើងបានហាមប្រាមហើយ ដោយអោយពិនិត្យឡើងវិញចំពោះគ្រួសារអ្នកមានសមត្ថកិច្ច អ្នកមាន​សិទ្ធិវិនិច្ឆ័យ​ថា​អ្នកនេះក្រ អ្នកនោះក្រ ហើយបើដាក់គ្រួសាររបស់ខ្លួនគឺវារស៊ើបណាស់ ចឹងកិច្ចការ នេះយើងបានប្រជុំទៅអាជ្ញាធរខណ្ឌសង្កាត់ទំាង១០៥ មិនឲ្យមានមនោសញ្ចេតនាដាក់សាច់ញាតិរបស់ខ្លួនឡើយ ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឲ្យដឹងថា មកដល់ត្រឹមព្រឹកថ្ងៃទី៩ ខែកក្កដានេះ រាជធានីភ្នំពេញសម្រេចបាន៩៣ភាគរយហើយលើដំណើរការដំណើរការ ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រប្រមាណជាង១ម៉ឺន៨ពាន់បណ្ណ ពោលគឺនៅសល់តែ ជាង៦០០បណ្ណទៀតប៉ុណ្ណោះដែលមិនទាន់ទទួល។

ការអះអាងនិងបញ្ជាក់ខាងលើនេះរបស់លោកឃួង ស្រេងនិងលោកស្រីមុំ ចាន់ដានី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ កក្កដា ២០២០ នៅសាលារាជធានីភ្នំពេញ។ គួរបញ្ជាក់ថា សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់សាច់ ប្រាក់ឧបត្ថម្ភដល់ជនក្រីក្រ និងជនងាយរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ចំនួន៥៦ម៉ឺនគ្រួសារកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ក្នុងដំណាក់កាលទី១ ហើយដំណាក់កាលទី២គ្រោងនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដែលជាការបូកបញ្ចូលគ្នានៃគ្រួសារក្រីក្រនៅជនបទ និង ទីប្រជុំជន ដែលទិន្នន័យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ មានគ្រួសារក្រីក្របានកើនចំនួន ២៤ ៩១៥គ្រួសារ ៕

អត្ថបទ៖ ស្រីរ័ត្ន

ចុចអាន៖ ៦ខែឆ្នាំនេះខ្យល់កន្ត្រាក់បានកើតឡើង១៥៥លើកបណ្តាលឲ្យមនុស្សស្លាប់៤នាក់និងរងរបួស៤៣នាក់