BREAKING NEWS
Search

អ្នកឆ្លងកូវីដនៅហ្វីលីពីនកើនលើស៥ម៉ឺននាក់បន្ទាប់ពីកត់ត្រាករណីថ្មី២,៥៣៩ករណី

ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសហ្វីលីពីនបានកើនលើស៥០,០០០នាក់ហើយគិតត្រឹមថ្ងៃពុធខណៈប្រទេសមួយនេះបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

ក្រសួងសុខាភិបាលបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន២,៥៣៩នាក់ដែលធ្វើឲ្យចំនួនការឆ្ល​ងសរុបរបស់ប្រទេសនេះកើនដល់៥០,៣៥៩នាក់ដោយក្នុងនោះមានអ្នកស្លាប់១,៣១៤នាក់។

ចំនួនអ្នកផ្ទុកវីរុសនៅហ្វីលីពីនគឺឈរនៅលំដាប់ទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកប្រធានាធិបតី Rodrigo Duterte បានបន្ធូរបន្ថយការរឹតត្បិតដ៏តឹងរ៉ឹងនៅក្នុងរដ្ឋធានីរបស់​ហ្វីលីពីនដែលមានប្រជាជនជាង១២លាននាក់កាលពីថ្ងៃទី១ខែមិថុនាបន្ទាប់ពីសេដ្ឋកិច្ចបាន​ធ្លាក់ចុះនៅក្នុងត្រីមាសទីមួយដែលជាការធ្លាក់ចុះលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។

ប្រទេសឥណ្ឌូនេស៊ីដែលរងគ្រោះខ្លាំងជាងគេដោយរោគរាតត្បាតក្នុងតំបន់នេះក៏បានចាប់ផ្តើមសកម្មភាពអាជីវកម្មឡើងវិញផងដែរកាលពីខែមុនថ្វីបើការឆ្លងបន្តកើនឡើងខ្ពស់ក៏ដោយ។

ក្រៅពីការបាត់បង់ការងារក្នុងស្រុកយ៉ាងច្រើនដោយសារតែការរឹតត្បិតនិងការបិទអាជីវកម្ម ហ្វី​លីពីនកំពុងពុះពារដើម្បីដោះស្រាយជាមួយប្រជាជនរបស់ខ្លួនរាប់ម៉ឺននាក់ដែលបានវិលត្រឡប់មកប្រទេសវិញបន្ទាប់ពីបាត់បង់ការងារនៅក្រៅប្រទេស។

អាជ្ញាធរបានបិទអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងម៉ានីលរយៈពេលមួយសប្តាហ៍ក្នុងខែឧសភាដើម្បីទុកពេលវេលាឲ្យមណ្ឌលធ្វើចត្តាឡីស័កមានភាពទូលាយបន្ទាប់ពីត្រូវបានកកកុញដោយកម្មករដែលវិលត្រឡប់មកវិញជាង២៤,០០០នាក់៕ AP

ដោយ៖ វណ្ណវណ្ណ