BREAKING NEWS
Search

សហរដ្ឋអាមេរិកគំរាមបញ្ឈប់ការផ្តល់ជំនួយដល់ប្រទេសបួគីណាហ្វាសូជុំវិញការសម្លាប់រង្គាលរបស់កងទ័ព

សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានគំរាមដកជំនួយផ្នែកសន្តិសុខពីប្រទេសបួគីណាហ្វាសូ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងទ័ពរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះទទួលខុសត្រូវចំពោះការសម្លាប់រង្គាលមនុស្សក្រៅប្រព័ន្ធច្បាប់ចំនួន ១៨០ នាក់ ។

របាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានរកឃើញថា សាកសពបុរសដែលភាគច្រើនមកពីក្រុមជនជាតិដើមភាគតិច Fulani ត្រូវបានបញ្ចុះនៅក្នុងរណ្តៅដ៏ធំមួយដោយប្រជាជននៅភាគខាងជើងទីក្រុង Djibo ចន្លោះខែមេសា និងឧសភា ។

របាយការណ៍បាននិយាយកាលពីថ្ងៃពុធថា មនុស្សជាច្រើនត្រូវបានគេចងបិទភ្នែក និងចងដៃរបស់ពួកគេនៅខាងក្រោយខ្នងរួចបាញ់ចំក្បាល ។

ក្រុមឃ្លាំមើលអន្តរជាតិបាននិយាយថា “ភ័ស្តុតាងដែលអាចរកបានបង្ហាញពីការចូលរួមរបស់កងសន្តិសុខរដ្ឋាភិបាលក្នុងការសម្លាប់ក្រៅប្រព័ន្ធតុលាការនេះ” ។

លោក Tibor Nagy អ្នកការទូតកំពូលរបស់អាមេរិកប្រចាំនៅទ្វីបអាហ្វ្រិកបានហៅរបាយការណ៍របស់អង្គការ HRW ថា “ជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកមិនអាចបន្តដោយគ្មានសកម្មភាពឡើយ” ។

លោកបានសរសេរលើបណ្តាញសង្គម Twitter ថា “អាជ្ញាធរបួគីណាហ្វាសូត្រូវតែធ្វើអ្វីបន្ថែមទៀតដើម្បីការពារការរំលោភទាំងនេះ និងទទួលខុសត្រូវចំពោះជនល្មើស” ។

លោក J. Peter Pham ប្រេសិតអាមេរិកប្រចាំតំបន់ Sahel នៃទ្វីបអាហ្វ្រិកបានបន្ទរតាមការអំពាវនាវនេះដោយសរសេរទៀតថា “ប្រសិនបើគ្មានសកម្មភាពរហ័ស និងហ្មត់ចត់ទេនោះការរំលោភទាំងនេះធ្វើឲ្យភាពជាដៃគូជាមួយសហរដ្ឋអាមេរិកស្ថិតក្នុងគ្រោះថ្នាក់” ។

ចាប់តាំងពីការបះបោររបស់ក្រុមជីហាដបានឆ្លងកាត់ព្រំដែនពីប្រទេសម៉ាលីក្នុងឆ្នាំ ២០១៥ ដែលបង្កជាជម្លោះរវាងក្រុមជនជាតិភាគតិចតាមផ្លូវនោះជម្លោះនេះបានសម្លាប់មនុស្សជាង ១,១០០ នាក់ និងបានបង្ខំឲ្យមនុស្សជាងមួយលាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅប្រទេសបួគីណាហ្វាសូ ។

ស្ថានទូតសហរដ្ឋអាមេរិកនៅរដ្ឋធានី Ouagadougou នៃប្រទេសបួគីណាហ្វាសូបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ និងការរំលោភបំពានក៏ដូចជាការសម្លាប់ក្រៅប្រព័ន្ធតុលាការដែលកំពុងកើតមាន និងកើនឡើងដោយក្រុមសន្តិសុខបួគីណាហ្វាសូ ៕ AFP

វត្តមានរបស់កងទ័ពអន្តរជាតិនៅប្រទេសបួគីណាហ្វាសូបានបរាជ័យក្នុងការបញ្ឈប់ក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍ ។ (រូប AFP)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត