BREAKING NEWS
Search

នាយករដ្ឋមន្រ្តីកូតឌីវ័រទទួលមរណភាពបន្ទាប់ពីចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តី

នាយករដ្ឋមន្រ្តីកូតឌីវ័រលោក Amadou Gon Coulibaly បានទទួលមរណភាពកាលពីថ្ងៃពុធក្នុង​វ័យ៦១ឆ្នាំបន្ទាប់ពីបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពោលគឺត្រឹមតែខែប៉ុណ្ណោះមុនការបោះ​ឆ្នោតប្រធានាធិបតីដែលលោកគ្រោងនឹងចូលរួមប្រកួតប្រជែង។

លោក Coulibaly គឺជាបេក្ខជនរបស់សម្ព័ន្ធភាព RHDP ដែលកំពុងកាន់អំណាចនៅក្នុងការ​បោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅខែតុលា។ លោកត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ២០១៧។

លោកនាយករដ្ឋមន្រ្តីមិនស្រួលខ្លួនក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ហើយត្រូវបានគេ​បញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែក្រោយមកគាត់ត្រូវបានគេប្រកាសថា ទទួលមរណភាព។

លោក Coulibaly បានវិលត្រឡប់មកប្រទេសអាហ្វ្រិកខាងលិចមួយនេះវិញកាលពីសប្តាហ៍មុន​បន្ទាប់ពីស្នាក់នៅប្រទេសបារាំងរយៈពេល២ខែដើម្បីទទួលការព្យាបាលជំងឺបេះដូង។

មរណភាពរបស់លោកបានបង្កើតភាពមិនប្រាកដប្រជាដ៏ធំធេងចំពោះការបោះឆ្នោតនៅក្នុងប្រទេសដែលបានវិលត្រឡប់មករកភាពប្រក្រតីវិញបន្ទាប់ពីភាពចលាចលនយោបាយនិងសង្គ្រាមស៊ីវិលកម្រិតទាបមួយនេះ។

លោក Coulibaly ត្រូវបានតែងតាំងជាបេក្ខជនសម្រាប់គណបក្សរបស់លោកប្រធានាធិបតី Alassane Ouattara កាលពីដើមខែមីនាបន្ទាប់ពីលោក Ouattara បានបញ្ចប់ការរំពឹងទុករយៈ​ពេលច្រើនខែហើយបាននិយាយថា លោកនឹងមិនឈរឈ្មោះប្រកួតប្រជែងសម្រាប់អាណត្តិទី៣ដ៏ចម្រូងចម្រាសនោះទេ៕ AFP

ដោយ៖ វណ្ណវណ្ណ