BREAKING NEWS
Search

នាយកប្រតិបត្តិក្រុមហ៊ុនមួយ ត្រូវបានតុលាការសម្រេចឱ្យរួចផុតពីបទ ចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសឆបោក

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានផ្តល់ភាពយុត្តិធម៌ និងសុក្រឹត្យបំផុតដល់លោក ឡូ ឫទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន អ៊ាម៉្លូ អ៊ីមផត អិចផត ឯ.ក ដោយបានសម្រេចឱ្យរួចផុតពីបទចោទប្រកាន់ពាក់ព័ន្ធបទល្មើសឆបោក ហើយបានប្រកាសសាលក្រមជាសាធារណៈកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ។ ជាការពិត យោងតាមសេចក្តីសម្រេចរបស់តុលាការនេះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា លោក ឡូ ឫទ្ធី គឺជាជនស្មោះត្រង់ និងជាអ្នកជំនួញសុច្ចរិតមួយរូប ហើយក៏មិនមានពាក់ព័ន្ធនឹងការឆបោកណាមួយតាមការអះអាងរបស់ដើមបណ្តឹងឡើយ ។

ផ្ទុយទៅវិញដើមបណ្តឹងរដ្ឋប្បវេណឺរឈ្មោះ អ៊ូច លក្ខិណា បានធ្វើការប្តឹងលោក ឡូ ឫទ្ធី ទាំងគ្មានមូលដ្ឋានផ្លូវច្បាប់គ្រប់គ្រាន់ និងដើម្បីធ្វើការទម្លាក់កំហុសមកលើលោក ឡូ ឫទ្ធី ទាំងស្រុង ក្នុងគោលដៅធ្វើឱ្យសាធារណជនមានការភាន់ច្រឡំមកលើលោក ឡូ ឫទ្ធី ថា ជាជនបោកប្រាស់ និងនាំឱ្យមានការប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរជាខ្លាំង ។

ជាក់ស្តែងក្រោយពីតុលាការចេញសេចក្តីសម្រេចខាងលើរួចមកឈ្មោះ អ៊ូច លក្ខិណា បានចុះផ្សាយព័ត៌មានរិះគន់ថា សេចក្តីសម្រេចរបស់តុលាការធ្វើឡើងដោយមានភាពអយុត្តិធម៌ និងមានភាពមិនប្រក្រតី ដែលសកម្មភាពនេះ មានចេតនាធ្វើឱ្យសាធារណជនបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និង ជាបទល្មើសមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌមាត្រា ៥២៣ផងដែរ ។ ដោយឡែកតាមរយៈការស្រាវជ្រាវ និងពិភាក្សាដេញដោលកន្លងទៅតុលាការយល់ឃើញថា សំណុំរឿងនេះគឺជាវិវាទពាណិជ្ជកម្ម ឬផ្នែករដ្ឋប្បវេណ៏សុទ្ធសាធ ដែលកើតចេញមកពីទំនាក់ទំនងគតិយុត្ត នៃការមិនអនុវត្ត កិច្ចសន្យា និងមិន​មែន​ជារឿងព្រហ្មទណ្ឌនោះឡើយ ។

ជាការពិតឈ្មោះ អ៊ូច លក្ខិណា មិនបានធ្វើការសហការ ក្នុងការអនុវត្តកិច្ចសន្យាឡើយដើម្បីអាចឈានទៅដល់ការបង្កើតលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន អ៊ាម៉្លូ អ៊ីមផត អិចផត ឯ.ក ។ ម៉្យាងវិញទៀត ដើម្បីបញ្ចូលឈ្មោះ អ៊ូច លក្ខិណា ជាសមាជិកភាគហ៊ុនបាននោះ គឺតម្រូវឱ្យសមាជិកភាគហ៊ុនថ្មីធ្វើការយល់ព្រមចុះ ហត្ថលេខាលើលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន ។ ប៉ុន្តែជាក់ស្តែងឈ្មោះ អ៊ូច លក្ខិណា មិនបានចូលរួមអនុវត្តឡើយ ទោះបីជាលោក ឡូ ឫទ្ធី បានបញ្ជូននូវឯកសារលក្ខន្តិកៈថ្មីតាមរយៈប្រៃសនីយ៍ ឬយកទៅជួបផ្ទាល់ក៏ដោយ ។ ជាហេតុនាំឱ្យដំណើរការ នីតិវិធីតម្កល់លក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន នៅក្រសួងពាណិជ្ជកម្ម ត្រូវបានជាប់គាំង។

យ៉ាងណាមិញ ឈ្មោះ អ៊ូច លក្ខិណា តែងតែព្យាយាមបង្កើតអង្គហេតុផ្សេងៗ ដើម្បីអាចដាក់បន្ទុក ហើយធ្វើការប្តឹងទៅតុលាការព្រហ្មទណ្ឌពីបទឆបោក ក្នុងគោលបំណងចង់ឱ្យលោក ឡូ ឫទ្ធី ជាប់ពន្ធនាគារ និងអាចដណ្ដើមបានអាជីវកម្មដាច់មុខបានដោយងាយ តាមរយៈការបង្កើតក្រុមហ៊ុន ឃីង ដាយមិន វើល ឯ.ក (KING DIMOND WORLD Co., Ltd.) ដែលមានកម្មវត្ថុអាជីវកម្ម ដូចគ្នាទាំងស្រុងនឹងក្រុមហ៊ុន អ៊ាម៉្លូ អ៊ីមផត អិចផត ឯ.ក (EAMLO IMPORT EXPORT CO., Ltd. ) របស់លោក ឡូ ឫទ្ធី ។

ជាងនេះទៅទៀត ជាចេតនាទុច្ចរិតបស់ឈ្មោះ អ៊ូច លក្ខិណា បង្ហាញឱ្យឃើញថា ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លើសំណុំរឿងខាងលើរួចមក ក៏មានបណ្តាញសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋានមានចំណងជើងថា “តុលាការបានកាត់ទោសលោក ឡូ ឫទ្ធី ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ ចំនួន ១៥០,០០០ ដុល្លារ (មួយរយ ហាសិបពាន់ដុល្លារអាមេរិក) ៕

អត្ថបទ៖តារា​វុទ្ធ

ចុចអាន៖ ស្ត្រី​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លូន ករណី​លួច​ស្នាក់នៅ​ខុសច្បាប់​ក្នុង​ក្រុង​សៀមរាប