BREAKING NEWS
Search

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ក្នុង​កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន តាមរយៈ​ប្រព័ន្ធ Virtual Conference

ភ្នំពេញ​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន តាមរយៈ​ប្រព័ន្ធ Virtual Conference ដោយមាន​វត្តមាន​ចូលរួម​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​អាស៊ាន​ទាំង​០៩ ប្រទេស​ផ្សេងទៀត ហើយ​កិច្ចប្រជុំ​នេះ ឡើង​ឡើង​នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​បើតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ គឺជា​ការជួបប្រជុំ​លើកដំបូង​តាមរយៈ​ប្រព័ន្ធ Virtual Conference ដោយមាន​ការសម្របសម្រួល​ពី​កងទ័ពជើងគោក​ប្រ៊ុយណេ ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​កម្មវិធី​បាញ់កាំភ្លើង​ដៃ​កងទ័ពជើងគោក​អាស៊ាន (ASEAN Armies Rifles Meet) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​សម្រាប់​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ រួមទាំង​ការពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​បញ្ហា​ប្រឈម​រួមគ្នា គឺ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ពិភពលោក និង​អាស៊ាន​កំពុង​ជួបប្រទះ​។​



ក្នុង​បរិបទ​នៃ​ការពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​វិធានការ​នានា ដែល​រដ្ឋាភិបាល និង​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន​នីមួយៗ​បាន​អនុវត្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ មេបញ្ជាការ​កងទ័ពជើងគោក នៃ​ប្រទេស​អាស៊ាន​ទាំង​១០ បានលើកឡើង​អំពី​តម្រូវការ​នៃ​ការជួយ​គ្នា​ទៅវិញទៅមក​រវាង​កង​ទ័ពជើងគោក​អាស៊ាន​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ តាមរយៈ​ការពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​វិធានការ​ឆ្លើយតប​ទាំងឡាយ ដែល​សមស្រប​។​

មេបញ្ជាការ​កងទ័ពជើងគោក នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ក៏បាន​ឯកភាពគ្នា​ក្នុងការ​ផ្អាក​ការរៀបចំ​កម្មវិធី​បាញ់កាំភ្លើង​ដៃ​កងទ័ពជើងគោក​អាស៊ាន (ASEAN Armies Rifles Meet) ឆ្នាំ​២០២០ ដោយ​សម្រេច​រៀបចំ​តែ​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន (ASEAN Chiefs of Army Multilateral Meeting) តាមរយៈ​ប្រព័ន្ធ Virtual Conference នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ​។

ទន្ទឹមនឹងនេះ មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន ក៏បាន​ឯកភាពគ្នា​ក្នុង​ការដែល​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ និង​កម្មវិធី​នានា​របស់​កងទ័ពជើងគោក​អាស៊ាន​សម្រាប់​ឆ្នាំ​២០២១​ផងដែរ​៕
កោះ​កែវ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114