BREAKING NEWS
Search

មន្រ្តីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រីច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរីលើករណីការប្រព្រឹត្តអំពើអនាចាររបស់សង្ឃលួនសុវ៉ាត

ភ្នំពេញ៖ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាអនុប្រធានប្រចាំការអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកទិតសុធាបានច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរីដោយអះអាងថាវិទ្យុបរទេសនិយាយភាសាខ្មែរមួយនេះជាវិទ្យុគ្មានវិជ្ជាជីវៈនិងក្រមសីលធម៌និងតែងតែផ្សព្វផ្សាយជាប្រចាំនូវព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាតាមរយៈការអុជអាលញុះញង់បំបែកបំបាក់ដុតកម្តៅបំផ្លើសបំភ័ន្តបំភ្លៃជាពិសេសការលាបពណ៌

ប្រតិកម្មរបស់លោកទិតសុធាបានធ្វើឡើងក្រោយវិទ្យុអាស៊ីសេរីបានផ្សាយថាក្រុមបច្ចេកវិជ្ជាព័ត៌មានថាហ្វេសប៊ុកបង្ហោះវីដេអូចោទប្រកាន់ព្រះអង្គលួនសុវ៉ាតបង្កើតឡើងដោយក្រុមបម្រើការក្នុងអង្គភាពប្រតិកម្មរហ័សវិទ្យុនេះបានលើកឡើងថាអ្នកជំនាញខាងបច្ចេកវិជ្ជាព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះនិងសំឡេងអះអាងថាវីដេអូយ៉ាងតិចចំនួន៤ដែលចោទថាជាសំឡេងរបស់ព្រះសង្ឃលួនសុវ៉ាតបង្ហោះលើគណនេយ្យហ្វេសប៊ុកឈ្មោះលួនសុវ៉ាតនិងលើទំព័រហ្វេសប៊ុកមួយឈ្មោះSrey Da Chi-Kraeng គឺជាស្នាដៃប្រឌិតរបស់ក្រុមលោកទិត្យសុធាអនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានបង្កើតឡើងកាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០។ផ្អែកលើវីដេអូនេះគណៈសង្ឃខេត្តសៀមរាបកាលពីថ្ងៃទី៣មិថុនាបានប្រកាសឱ្យចាប់ផ្សឹកព្រះអង្គលួនសុវ៉ាតដែលគង់មិនអចិន្ត្រៃយ៍នៅវត្តស្លែងភូមិព្រីងឃុំជីក្រែងស្រុកជីក្រែងចេញពីបព្វជិតដោយចោទថាព្រះអង្គបានប្រព្រឹត្តិខុសវិន័យសង្ឃដោយសេពមេថុនធម្មការរួមភេទ។

សេចក្ដីសម្រេចនេះធ្វើឡើងក្រោយពេលថេរសភាសង្ឃខេត្តសៀមរាបបានពិនិត្យមើលវីដេអូ និងសារសំឡេងសន្ទនាស្នេហាដែលសភាសង្ឃយល់ថាជាសំឡេងរបស់ព្រះសង្ឃលួនសុវ៉ាតជាមួយស្ត្រី២នាក់ជាម្ដាយនិងកូនស្រី។

ទាក់ទងបញ្ហានេះលោកទិតសុធាបានធ្វើការបដិសេធចោលទាំងស្រុងនូវការផ្សាយរបស់វិទ្យុបរទេសនេះ និងថាជាវិទ្យុគ្មានវិជ្ជាជីវៈនិងគ្មានក្រមសីលធម៌ជាអ្នកសារព័ត៌មានដែលតែងតែផ្សព្វផ្សាយជាប្រចាំនូវព័ត៌មានដែលមានគោលដៅច្បាស់លាស់ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាតាមរយៈការអុជអាលញុះញង់បំបែកបំបាក់ដុតកម្តៅបំផ្លើសបំភ័ន្តបំភ្លៃជាពិសេសការលាបពណ៌ដូចជាការផ្សាយនៅយប់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០អំពីករណីការប្រព្រឹត្តអំពើអនាចាររបស់សង្ឃលួនសុវ៉ាតជាដើម។

លោកទិតសុធាបញ្ជាក់យ៉ាងនេះថាខ្ញុំសូមបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់និងការលាបពណ៌មួលបង្កាច់របស់វិទ្យុនេះដែលបំពុលនិងបំភ័ន្តថាអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបង្កើតហ្វេសប៊ុកបង្ហោះវីដេអូចោទប្រកាន់ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាលួចលាក់រវាងសង្ឃលួនសុវ៉ាតសេពកាមជាមួយបណ្តាស្រីកំណាន់…”លោកបន្តថានៅពេលដែលវិទ្យុមួយនេះផ្សព្វផ្សាយដោយចោទប្រកាន់ថាអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សជាអ្នកបង្កើតនូវវីដេអូបែកធ្លាយនេះវិទ្យុនេះមិនបានស្តាប់នូវការសារភាពរបស់សង្ឃលួនសុវ៉ាតនៅក្នុងសម្ភាសន៍ជាមួយវិទ្យុបរទេសមួយផ្សេងទៀតដែលផ្សាយជាភាសាខ្មែរដែរកាលពីថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២០ដែលបាននិយាយថា“…សំឡេងនោះជារបស់ខ្លួន(លួនសុវ៉ាត) ពិតប្រាកដមែន…”

លោកទិតសុធាអះអាងទៀតថាវិទ្យុបរទេសផ្សាយជាភាសាខ្មែរនេះគួរតែមានសេចក្តីក្លាហានលើកទឹកចិត្តនិងជំរុញឱ្យសង្ឃលួនសុវ៉ាតមកបកស្រាយនិងការពារខ្លួនដោយផ្ទាល់នៅចំពោះមុខថេរសភាសង្ឃខេត្តសៀមរាបដែលបានសំរេចប្រកាសផ្សឹកភិក្ខុលួនសុវ៉ាតចេញពីភេទជាបុព្វជិតកាលពីថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០នោះបើសង្ឃលួនសុវ៉ាតពិតជាមាសសុទ្ធមិនខ្លាចភ្លើងមែន

អនុប្រធានប្រចាំការអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកទិតសុធាបញ្ជាក់ថានៅកម្ពុជាបច្ចុប្បន្នមានប្រជាជនរួមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជាង១០លាននាក់ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់ដែលបាននិងកំពុងប្រើប្រាស់នូវបណ្តាញផ្សព្វផ្សាយសង្គម Online ដោយសេរីហើយរាជរដ្ឋាភិបាលកម្ពុជាក៏មិនដែលបានបិទសិទ្ធិសេរីភាពមិនឱ្យប្រជាពលរដ្ឋបង្កើតគណនីFacebookផ្ទាល់ខ្លួន ដើម្បីទទួលព័ត៌មានផ្សព្វផ្សាយនិងចែកចាយព័ត៌មានឬវីដេអូតាមOnline នោះដែរហើយបេសកកម្មនិងការងារជាចម្បងរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សគឺរក្សានិងការពារកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅលើកកម្ពស់អត្តសញ្ញាណជាតិអធិបតេយ្យជាតិឯករាជភាពនិងគោលការណ៍នីតិរដ្ឋក៏ដូចជាការផ្សព្វផ្សាយនិងអប់រំសាធារណមតិជាតិនិងអន្តរជាតិអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលកសាងនិងសម្រេចបានជូនជាតិនិងប្រជាជនកម្ពុជា៕

កោះកែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114