BREAKING NEWS
Search

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ ៖ រយៈពេល​៦​ខែ រណា​យន្ត​ជាង​២​ពាន់​គ្រឿង ត្រូវបាន​រឹបអូស​ក្នុង​បទល្មើស​ព្រៃឈើ

ភ្នំពេញ​ ៖ យ៉ាងហោចណាស់​រណា​យន្ត​សរុប​២៣៦៩​គ្រឿង ត្រូវបាន​រឹបអូស​ក្នុង​បទល្មើស​ព្រៃឈើ​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២០​នេះ ហើយ​ក្នុង​នោះ អន្ទាក់​ចាប់​សត្វព្រៃ​សរុប​ចំនួន​២០១៧៩​អន្ទាក់ ក៏​ត្រូវ​បាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ​ផង​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នក​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ហើយ​ចំនួន​បទល្មើស​នេះ​មានការ​ថយចុះ​ច្រើន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។

ការ​លើក​ឡើង​របស់​លោក នេត្រ ភក្ត្រា បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ចុះ​បំពេញ​ទស្សនកិច្ច នៅ​ស្នាក់ការ​ល្បាត ទប់ស្កាត់​ការកាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​របស់​មន្ត្រី​អង្គការ​សម្ព័ន្ធ​មិ​ត្ដ​សត្វព្រៃ នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា នេះ​។

បើតាម​លោក នេត្រ ភក្ត្រា ការ​រឹបអូស​មានការ​កើនឡើង​នេះ បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​និង​មន្ត្រី​នៃ​អង្គការ​ដៃ​គ​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​។

លោក​បញ្ជាក់​ថា បទល្មើស​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់ បទល្មើស​លួច​កាប់​ឈើ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេងទៀត ហើយ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ក៏ដូចជា​បរបាញ់ និង​ជួញដូរ​សត្វព្រៃ ត្រូវបាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ជំនុំ​ជម្រះក្តី​តាម​នីតិវិធី និង​បានធ្វើ​ការផាកពិន័យ​អន្តរកាល ព្រមទាំង​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត បទល្មើស​បំពាន​ធនធានធម្មជាតិ​បន្តទៀត​។

ចំណែក​លោក អេ​ដា​ដ លេ​ហ្ទឺ​រ (Eduard Lefter) មន្ត្រី​គ្រប់គ្រង​ផ្នែក​ច្បាប់​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ថ្លែងថា អង្គការ​សម្ព័ន្ធ​មិ​ត្ដ​សត្វព្រៃ​បាន​នឹង​កំពុងធ្វើការ​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០១​មក ដោយបាន​ផ្ដល់ជំនួយ​បច្ចេកទេស ដើម្បី​ពង្រឹង​តំបន់ការពារធម្មជាតិ កែលម្អ​ជីវភាព​រស់នៅ​ដែល​អាស្រ័យ​លើ​ព្រៃឈើ សង្គ្រោះ​សត្វព្រៃ​ពី​ព្រាន​និង​ពី​ការជួញដូរ និង​ការពារ​តំបន់​ជួរ​ភ្នំក្រវាញ ដែលជា​ព្រៃឈើ​ទី​ជម្រាល​ប្រភព ទឹក ប្រភព​ជីវចម្រុះ និង​ជា​ទ្រព្យធន​សេដ្ឋកិច្ច​ធំជាងគេ​របស់​ប្រទេស​កម្ពុជា​៕
កោះ​កែវ

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114