BREAKING NEWS
Search

នគរបាលចរាចរណ៍ជាង១០០នាក់ ចូលរួមប្រជុំដកពិសោធន៍ការងារ និងទទួលផែនការបន្តចុះពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

​ភ្នំពេញ៖ មន្ត្រីនគរបាល​ចរាច​រ​រាជធានី​ភ្នំពេញ​១៤០​នាក់​បាន​ចូលរួម​ប្រជុំ​ដកស្រង់​បទពិសោធន៍​ការងារ​ចរាចរណ៍ និង​ទទួល​ផែនការ​បន្ត​ចុះ​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យមាន​ប្រសិទ្ធភាព ក្នុង​ការធានា​សុវត្ថិភាព អាយុជីវិត​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ ។​

​រាជធានី​ភ្នំពេញ ក្រោយពី​ការចាប់ផ្តើម​បើក​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​រយៈពេល​០២​ខែ​មកនេះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវគេ​មើលឃើញថា​បាន​កាត់បន្ថយ​មួយចំនួន​ខ្លះ​ប៉ុណ្ណោះ ប៉ុន្តែ​រាជធានី​ភ្នំពេញ​នៅតែមាន​បញ្ហា​ប្រឈម​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន​បើ​ប្រៀបធៀប​នៅតាម​បណ្តា​ខេត្ត​នានា ។ កិច្ចប្រជុំ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ស្នងការរង លោកនាយ​ការិយាល័យ​ជំនាញ លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​លើកឡើងថា ជុំវិញ​នៃ​យុទ្ធនាការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក អនុវត្តតាម​អនុក្រឹត្យ​លេខ​៣៩ វាយតម្លៃ​ខ្ពស់​មន្ត្រីនគរបាល​ចរាច​រ​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ចុះ​បំពេញភារកិច្ច​យ៉ាង​យកចិត្តទុកដាក់ គឺមាន​ចំណុច​វិជ្ជមាន​ច្រើនជាង​អវិជ្ជមាន ។ ជាពិសេស​មន្ត្រីនគរបាល​ចរាចរ​ភាគច្រើន​បាន​កែប្រែ​ឥរិយាបថ ទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ ដោយមាន​ការសរសើរ​ពី​ថ្នាក់​នាំ​និង​ពី​មហាជន ប៉ុន្តែ​នៅមាន​មន្ត្រី​តិចតួច​ប៉ុណ្ណោះ នៅមាន​អាកប្បកិរិយា​មិន​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​រង​ការរិះគន់ និង​បាន​ណែនាំ​មន្ត្រី​នោះ​ត្រូវ​កែប្រែ​ទង្វើ​ខុសឆ្គង​ទាំងនោះ ព្រមទាំង​បាន​លើកទឹកចិត្ត​កម្លាំង​នគរបាល​ចរាចរ​បន្ត​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​កុំឱ្យ​កើតមាន​អំពើហិង្សា ។​

​ឯកឧត្តម ឧ​ត្ត​ម​ឧ​ត្ត​មេ​នី​យ៍​ឯក ស ថេត ក៏បាន​ណែនាំ​ដល់​មន្ត្រីនគរបាល​ចរាច​រ​មុននឹង​ហៅ​ផាកពិន័យ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​នូវ​បទល្មើស​ណាមួយ ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​នោះ​សិន ដើម្បី​កុំឱ្យ​មានការ​ឈ្លោះប្រកែក​ត​វ៉ា​គ្នា​នាំឱ្យ​បង្ក​ជា​បាតុភាព​មិនល្អ ។​

​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ មន្ត្រីនគរបាល​ចរាច​រ ប្រចាំការ​ត្រួតពិនិត្យ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​គោលដៅ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ និង​លោក​ស្នងការរង​មួយចំនួន ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ដែល​កើតឡើង​នៅពេល​ចុះ​បំពេញភារកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពិភាក្សា និង​ដោះស្រាយ ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​នៃ​ការចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​តម្លាភាព ប្រសិទ្ធភាព សុវត្ថិភាព និង​អនុវត្តតាម​គោលការណ៍​ច្បាប់​និង​ផែនការ​ថ្នាក់លើ ដែល​បាន​ដាក់ចេញ ។​

​សូមបញ្ជាក់ថា រាជធានី​ភ្នំពេញ​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ឱ្យដឹងថា​ក្នុង​រយៈពេល​០២​ខែ​ចុងក្រោយ​គឺ​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឱ្យ​មនុស្ស​ស្លាប់​៣៣​នាក់ ទទួលរង​របួសធ្ងន់​ស្រាល​១៨៣​នាក់ ។ សេចក្តីរាយការណ៍​ឱ្យដឹងទៀតថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បើ​ប្រៀបធៀប​ឆ្នាំ​២០១៩​នៅ​គ្រា​ដូចគ្នានេះដែរ គឺ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​បាន​ថយចុះ និង​កាត់បន្ថយ​អ្នកស្លាប់ អ្នករងរបួស​ផងដែរ ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ