BREAKING NEWS
Search

កសិករ​នៅ​នៅ​ឃុំ​ល្វៀង​ នាំគ្នា​ត្បាញ​កម្រាល​ជូត​ជើង​លក់​នៅតាម​បណ្តា​ផ្សារ​ក្នុង​រាជធានី​

​ភ្នំ​ពេ​ញ ៖ កសិករ​នៅ​ឃុំ​ល្វៀង​ស្រុក​សំរោង​ខេត្តតាកែវ​នាំគ្នា​ត្បាញ​កម្រាល​ជូត​ជើង​លក់​នៅតាម​បណ្តា​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទទួល​ការពេញនិយម​ពី​អ្នកប្រើប្រាស់​ទៀតផង​។

តាម​ប្រភពពី​បងស្រី​កែវ លី អាយុ​៤៥​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​គុក​តារៀ ឃុំ​ល្វៀង​ ស្រុក​សំរោង​ខេត្តតាកែវ​បាន​ប្រាប់​កម្ពុជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា​នេះ​ថា​ សព្វថ្ងៃ​នេះ​បងស្រី​បាន​ដើរ​ប្រមូល​ទិញ​កម្រាល​ជូត​ជើង​ពី​តាម​បណ្តា​ភូមិ​ក្នុងស្រុក​សំរោង​យក​មក​លក់​នៅ​តាម​បណ្តា​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុងនោះ​គឺ​ផ្សារ​ច្បារអំពៅ​តែម្តង​។

បងស្រី​បន្ត​ថា ​ក្នុង​កម្រាល​ជូត​ជើង​១​គឺ​ទទួល​ទិញ​ពី​កន្លែង​តម្បាញ​មានតម្លៃ​១១០០​រៀល​ហើយ​យកមក​បោះ​ឲ្យ​ម៉ូយ​ដែល​ដាក់​លក់​តាម​តូប​បាន​ថ្លៃ​១៤០០​រៀល​ ឬ​១៥០០​រៀល​។​ ចំណែក​អ្នកលក់​ទៅតាម​ផ្ទះ​អាច​បាន​រហូតដល់​២០០០​រៀល​ឯណោះ​។

បងស្រី កែវ លី បន្តថា​ក្រណាត់​ដែល​កសិករ​យើង​យកមក​ត្បាញ​ធ្វើជា​កម្រាល​មក​លក់​នេះ​គឺ​ទិញ​ពី​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​គេ​និយម​ហៅ​កំទេច​ក្រណាត់​នោះ​ដែល​ក្នុង​១​គីឡូក្រាម​ថ្លៃ​១០០០​រៀល​។

ដូច្នេះ​កសិករ​ដែល​ទិញ​យក​មក​ត្បាញ​លក់​គឺ​កំទេច​ក្រណាត់​១​គីឡូក្រាម​អាច​យក​មក​ត្បាញ​បាន​២​កម្រាល​។ ​ចំពោះ​មុខរបរ​របស់​អ្នក​រស់​នៅ​ក្នុងស្រុក​សំរោង​ខេត្តតាកែវ​គឺ​ភាគច្រើន​គេ​ចាប់​យក​អាជីព​ត្បាញ​កម្រាល​ជើង​លក់​ដោយ​បាន​ប្រាក់ចំណូល​ជា​រៀងរាល់ថ្ងៃ​។ ក៏ដូចជា​បងស្រី​នេះ​ស្រាប់​គឺ​ទទួល​ទិញ​តាម​ផ្ទះ​រួច​ដឹក​យក​មក​លក់​នៅ​ភ្នំពេញ​ក្នុង​មួយ​ជើង​បាន​ចំណេញ​២០.០០០​រៀល​ទៀតផង​។

ក្នុង​នោះ​កសិករ​នៅ​ស្រុក​សំរោង​បាន​សំដែង​នូវ​ការ​ដឹងគុណ​ដល់​អ្នក​ភ្នំពេញ​ដែល​ជួយ​ទិញ​កម្រាល​ជូត​ជើង​ធ្វើ​ឲ្យ​ពួកគាត់​មាន​ប្រាក់ចំណូល​ជា​ហូរហែ​មក​៕
ន​រា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114