BREAKING NEWS
Search

មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ​រៀបចំ​ដាំ​កូនឈើ​ចម្រុះ​ប្រមាណ​ជាង​២០០០​ដើម ​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​ភ្នំ​គូលែន​

សៀមរាប​ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បានរៀបចំ​ការដាំ​ដើមឈើ ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ដើម្បី​ស្តារ​គម្រប​បៃតង និង​គម្រប​ព្រៃឈើ​ឡើងវិញ​ឲ្យ​មាន​ភាព​បៃតង និង​រក្សាបាន​នូវ​ប្រភពទឹក​ក្រោម​ដី សម្រាប់​ទ្រ​ង​ទ្រង់​គ្រឹះ​ប្រាសាទ​នានា​នៅក្នុង​ខេត្តសៀមរាប​។ ក្រោម​អធិបតីភាព​ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព ស្ថាប័ន អង្គការ​ដៃគូ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន យុវជន សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់​។

លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​មាន​ប្រសា​ន៍​ថា ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​ភ្នំ​គូ​លេន ត្រូវបាន​បង្កើតឡើង​ដោយ ព្រះរាជ​ក្រិ​ត្យ​ចុះ​ថ្ងៃទី​០១ ខែ​វិច្ចិកា ឆ្នាំ​២៩៩៨ ដែលមាន​ផ្ទៃក្រឡា ៣៧៥០០​ហិតា ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំនួន​០៤ គឺ​ស្រុក​ស្វាយ​លើ ស្រុក​បន្ទាយស្រី ស្រុក​វ៉ារិន និង​ស្រុក​សូទ្រនិគម ហើយ​បច្ចុបន្ននេះ មន្ទីរ​បាននិងកំពុង អនុវត្តន៍​ការងារ​ចំបងៗ ដែល​បាន​កំណត់ដោយ​ក្រសួងបរិស្ថាន​ផងដែរ​។

មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​បង្ហាញថា ការដាំ​ដើមឈើ​ឡើងវិញ​នេះ ពិត​ជាមាន​សារៈប្រយោជន៍ សម្រាប់​បំ​ផុស​ស្មារតី​ប្រជាពលរដ្ឋ​យើង​ឲ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ និង​ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។ សរុបមក​ពិធី​ដាំ​កូនឈើ​នៅថ្ងៃនេះ និង​ការចូលរួម​យ៉ាងច្រើន​កុះករ បាន​នឹង​កំពុង​ឆ្លុះបញ្ចាំង​នូវ ការ​ភ្ញាក់រលឹក​របស់​សហគម​ន៍​យើង​ទាំងមូល ក្នុងការ​ប្រឈមមុខ​ដោះស្រាយ​ចំពោះ​ការបាត់បង់​ព្រៃឈើ និង​ជា​ស្មារតី​ម្ចាស់ការ​ក្នុងការ​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ អនាគត​ភូមិ ឃុំ និង​ជា​ជោគវាសនា​នៃ​មាតុភូមិ​យើង ជាពិសេស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​ខេត្តសៀមរាប​របស់​យើង​រក្សា​បាន​នូវ​គម្រប​បៃតង​ស្រស់ ហើយ​វា​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ថែរក្សា​លំនឹង​នៃ​ការប្រែប្រួល​អាកាសធាតុ ដែល​ព្រៃឈើ នឹង​បរិស្ថាន​ធម្មជាតិ តាមរយៈ​ការ​ជួយ​ធ្វើ​និយ័តកម្ម​អាកាសធាតុ ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ទប់​ទល់នឹង​គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ។​ល​។

លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា ការ​ដាំ​កូនឈើ​ឡើងវិញ​នៅក្នុង ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​នេះ គឺជា​ការគិតគូ​របស់​ក្រសួង​អំពី​និរន្ត​ភាព​បរិស្ថាន​និង​សេវាកម្ម អេកូឡូស៊ី​ជាពិសេស​គឺ​ស្ថានភាព​ទឹក​។ ដោយសារ​បច្ចុប្បន្ន​នេះ ស្ថានភាព​ទឹក​ក្រោម​ដី​មានការ​ប្រែប្រួល​ច្រើន ដោយ​បរិមាណ​ទឹក មានការ ថយចុះ ឬ​រីង​ហួត​មុន​កាលកំណត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម និង​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាំងនោះ​។

លោក​បាន​បន្ត​ទៀត​ថា ទន្ទឹម​នឹង​នោះ​ព្រៃឈើ ក៏​ផ្តល់​នូវ​សេវាកម្ម​គាំពារ​បរិស្ថាន​ជាច្រើន​ទៀត ដូចជា​ការ​ការពារ​ទី​ជម្រាល ការទប់ស្កាត់​ការ​ហូរ​ច្រោះ​ដី ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​គុណភាព​ដី និង​ផ្តល់នូវ ផល​-​អនុផល​ព្រៃឈើ​ជាច្រើន​អនេក​ដល់​ប្រជាពលរដ្ឋ ជាពិសេស​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​សហគម​ន៍​នៅ​ជនបទ​ផងដែរ​។

គួរ​រំលឹក​ផងដែរ​ថា ការដាំ​កូនឈើ ដើម្បី​ស្តារ​ព្រៃឈើ​ចម្រុះ​នៅលើ​ខ្នងភ្នំ​គូលែន​នេះ មាន​កូនឈើ​ប្រមាណ​២០០០​ដើម ដោយ​ធ្វើ​ការដាំដុះ​លើ​ផ្ទៃដី​ចំនួន​ជាង​២​ហិតា​បន្ថែមទៀត​៕
គឿន​វេត

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114