BREAKING NEWS
Search

ប្រកាស​ផ្លាស់ប្តូរ​មុខតំណែង​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប

សៀមរាប ៖ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ត្រូវបានធ្វើ​ការប្រកាស​ផ្លាស់ប្តូរ​មុខដំណែង ប្រព្រឹត្ត ឡើង​ក្រោម​វត្តមាន លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការចូលរួម​ពី​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ថ្នាក់ដឹកនាំ និង​មន្ត្រី​អប់រំ ជាច្រើនរូប​ផងដែរ ។

សូម​ជម្រាប​ជូន​ថា លោក លី ប៊ុន​ណា ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​ថ្មី ជំនួស​លោក សយ ទិ​ត្យា​វង្ស ដែល​ត្រូវបាន​ចូលនិវត្តន៍​។

នាឱកាស​នោះ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ដល់​អនុសាសន៍​ផ្ដាំ​ផ្ញើជូន​ប្រធាន​មន្ទីរអប់រំ​ថ្មី ពិសេស​ពាក់ព័ន្ធ​នឹង​ការងារ​វិស័យ​អប់រំ​ក្នុង​អំឡុង​នៃ​វិបត្តិ នៃ​ជំងឺ កូ​វីដ​-១៩ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​លោក សយ ទិ​ត្យា​វង្ស ប្រធាន​មន្ទីរអប់រំ​ចាស់ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​បំពេញការងារ វិស័យ​អប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​មនសិការ​វិជ្ជា​ជីវៈ​ខ្ពស់​។

លោក លី ប៊ុន​ណា ដែល​ត្រូវ​បាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​ថ្មី បាន​ធ្វើ​ការ​ប្តេជ្ញាចិត្ត​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​អប់រំ​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្ត ស្របតាម​កំណែទម្រង់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​កំពុង​ដាក់​គោលដៅ​ឆ្ពោះទៅរក​ការអប់រំ​បែប​ឌីជីថល៕
​រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114