BREAKING NEWS
Search

ពលរដ្ឋ​ងាយ​រងគ្រោះ​៥៨​គ្រួសារ ​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម

ស្វាយរៀង ​៖ ​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០​នេះ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង និង​សហការី​បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ផ្តល់ជូន​ជន​ងាយ​រងគ្រោះ (​ចាស់ជរា ២៣ គ្រួសារ ជនពិកា ៣ នាក់ ស្ត្រី​មេម៉ាយ ១៤ គ្រួសារ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១៨ គ្រួសារ​) សរុប ៥៨ គ្រួសារ ក្នុងស្រុក​ស្វាយទាប មកពី​ឃុំ​រមាំង​ថ្កោល ១៥ គ្រួសារ ស្វាយ​រំពារ ១៤ គ្រួសារ គគី​សោម ១៥ គ្រួសារ និង​ឃុំ​ព្រៃ​តា​អី ១៤ គ្រួសារ ។

លោក ម៉ែន វិបុល មានប្រសាសន៍ បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។ ជាពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិពល​ជំងឺ​កូ​វីដ​-១៩ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ក្នុងការ​ប្រកប​របរ​ទ​ទួល​ទាន​ប្រចាំថ្ងៃ។

លោក​ប្រធាន​គណៈកម្មាធិការ​សាខា​ក៏បាន​បញ្ជាក់​ដែរ​ថា អំណោយ​មនុស្សធម៌​ទាំងអស់​នេះ គ្រាន់តែ​អាច​ជួយ​សម្រួល​ការ​ខ្វះខាត​របស់​បងប្អូន​បាន​មួយ​រយៈពេល​ប៉ុណ្ណោះ ហើយ​រដូវវស្សា​បាន​ឈានចូល​មកដល់​ហើយ ត្រូវ​រួសរាន់​ត្រៀមលក្ខណៈ​បង្កបង្កើនផល ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ។

​លោក​ក៏បាន​ក្រើន​រម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ ១៩ ដែល​ជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេល​នេះឡើយ បើទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ត្រូវធ្វើ​អនាម័យ​សុខភាព​ឱ្យបាន​ជាប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ក្រុមគ្រួសារ​កុំឱ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ ១៩ នេះ​ឱ្យសោះ​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​យើង។

លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្ត​ឱ្យបាន​ជាប្រចាំ​នូវ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​គឺ ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស នៅពេល​ក្អក ឬ​កណ្តាស នៅក្នុង​ចំណោម​ក្រុមមនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា ម្យ៉ាងវិញទៀត​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ សំខាន់​កាត់បន្ថយ​ឱ្យបាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើការ​អប់រំ​កូនចៅ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ខិតខំ​ប្រកបមុខរបរ​បង្ក​បន្ថែ​ម ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ ទាំង ៥៨ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ២៥ គ​.​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ក្រមា ១ សាប៊ូ ២ ដុំ អាវយឺត ២ ម៉ាស់ ១ ថវិកា ៤០,០០០ រៀល​ផងដែរ​៕
គឹម​សេង

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114