BREAKING NEWS
Search

និស្សិតកម្ពុជា ចំនួន៨០នាក់ សិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត បានមកដល់កម្ពុជាវិញ

ភ្នំពេញ ៖ និស្សិតកម្ពុជា ចំនួន៨០នាក់ក្នុងចំណោម១៧៤ ដែលសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើដំណើមកដល់កម្ពុជាវិញ នាព្រលប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ តាមជើងយន្តហោះពាណិជ្ជកម្មពិសេស លេខ MH762។

និស្សិតដែលទើបវិលត្រឡប់មកវិញ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ថា “ដោយមានកិច្ចសហការល្អ និងសម្រប សម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប និងស្ថានទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី និស្សិតកម្ពុជាចំនួន៨០ នាក់ ក្នុងចំណោមនិស្សិតសរុបចំនួន១៧៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពាណិជ្ជកម្មពិសេស លេខ MH762 ។លោកថា យន្តហោះនេះ បានចាកចេញពីទីក្រុងកូឡាឡាំពួរ កាលពីវេលាម៉ោង១៦ និង៣០ នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយបានមកដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង១៧ និង២៥ នាទី ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ពលរដ្ឋខ្មែរចំនួន៨៦នាក់ បានធ្វើដំណើរមកដល់កម្ពុជាផងដែរ តាមជើងយន្តហោះពាណិជ្ជកម្ម លេខ AK538 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ក្នុងនោះ មានអ្នកដំណើរសរុបចំនួន៩០នាក់ ពលរដ្ឋខ្មែរចំនួន៨៦នាក់ និងជនបរទេសចំនួន៤នាក់។

បើតាមលោក កុយ គួង ជើងយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលបានដឹកអ្នកដំណើរឆ្ពោះកាន់ទីក្រុងភ្នំពេញនេះ គឺជាជើងហោះហើរពាណិជ្ជកម្មធម្មតាលើកទី០១ របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ចាប់តាំងការបិទជើងហោះហើររបស់ខ្លួនក្នុងខែមីនា ឆ្នាំ២០២០មក ហើយការចាប់ផ្តើមហោះហើរនេះ ដោយមានមាន ការជួយសម្របសម្រួលបន្ថែមពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។ បើតាមអ្នកនាំពាក្យរូបនោះ ក្នុងអំឡុង ពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ពលករ-ពលការនី សិស្ស-និស្សិតកម្ពុជា បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ តាមរយៈជើងយន្តហោះពាណិជ្ជកម្មធម្មតា និងជើងយន្តហោះពាណិជ្ជកម្មពិសេស ក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ Air Asia បានចំនួន៤លើក ដែលមានពលរដ្ឋខ្មែរសរុបចំនួន៥១៧នាក់ (រួមទាំងអ្នកដំណើរឆ្លងកាត់ជនជាតិខ្មែរផងដែរ)។

បច្ចុប្បន្នស្ថានទូត កំពុងបន្តជួយសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ដែលធ្វើប្រតិបត្តិការហោះហើររវាងកម្ពុជា-ម៉ាឡេស៊ី អាចចាប់ផ្តើមបើកដំណើរការជើងហោះហើររបស់ខ្លួនជាប្រក្រតីឡើងវិញបានឆាប់៕

ចុចអាន ៖ មន្រ្តីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រីច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរីលើករណីការប្រព្រឹត្តអំពើអនាចាររបស់សង្ឃ លួន សុវ៉ាត