BREAKING NEWS
Search

អាជ្ញាធរ​ ត្រៀម​ចុះ​ណែនាំ​ដល់​ម្ចាស់​ទូកដ ​និង​អ្នកនេសាទ ​ឲ្យ​ត្រៀម​ការពារ​សុវត្ថិភាព ​នៅ​រដូវ​ទឹក​ជំនន់​ខែក្រោយ

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ​បាន​និង​កំពុង​ត្រៀម​ណែនាំ​ដល់​ម្ចាស់​ទូកដ ​ក៏​ដូចជា​ទូក​នេសាទ​ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទូក ​ឲ្យ​ត្រៀម​ការពារ​សុវត្ថិភាព​នា​រដូវ​ទឹក​ជំនន់​ ដែល​អាច​នឹង​ឡើង​នា​ខែក្រោយ​នេះ​។​

យោង​តាម​ប្រភព​ពី​ លោក​គុយ គឹម​ហ៊ាង​ ប្រធានការិយាល័យ​សាធារណការ​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុជា​ថ្មី​ជា​រៀងរាល់​ឆ្នាំ​ នា​រដូវវស្សា ​ក្នុងនោះ​ពេល​ទឹកទន្លេ​ហក់​ឡើង​លឿន​នោះ​ គឺ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​ទូកដ​ចម្លង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​។​ ក្នុងនោះ​ គឺ​រួមមាន​បំពាក់​អាវ​ពោង​ដល់​អ្នកដំណើរ​គ្រប់ៗ​គ្នា​ ពេល​ទូក​ចេញពី​ច្រាំង​។​

ត្រូវ​ដាក់​ភ្លើង​បំភ្លឺ​តាម​ទូ​ក ខណៈ​ពេលដែល​ត្រូវ​ចម្លង​អ្នកដំណើរ​ពេលយប់​ ក្នុងនោះ​ក៏​ត្រូវ​មាន​ស៊ីផ្លេ ​ឬ​មេក្រូ​ចាំ​ស្រែក​ប្រកាស​ពេល​មាន​អាសន្ន​។​

លោក​ប្រធាន​បន្ត​ទៀត​ថា​ នៅពេល​មាន​ខ្យល់​ ឬ​មេឃ​កំពុង​ធ្លាក់​ខ្លាំង ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ចម្លង​ឡើយ​។​

លោក​ គុយ គឹម​ហ៊ាង បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ ​គឺមាន​ទូកដ​ចំនួន​៣​កន្លែង​គឺ​នៅ​សង្កាត់​ព្រែក​ឯង​ចំនួន​១​កន្លែង​ សង្កាត់​ក្បាលកោះ​២​កន្លែង ​និង​សង្កាត់​ព្រែក​ថ្មី​១​កន្លែង​ទៀត​ផង​។​ ចំពោះ​ទូក​អ្នកនេសាទ​ គឺមាន​គ្រប់​សង្កាត់​ទាំង​៨​ ដោយសារ​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ​ មាន​ទីតាំង​ស្រប​មាត់ទន្លេ​មេគង្គ​ក្រោម ​និង​ទន្លេបាសាក់​។​

បើទោះជា​យ៉ាងណា ​ក៏​អាជ្ញាធរ​បាន​ធ្វើ​ការណែនាំ​ដល់​អ្នកនេសាទ​ដែល​មក​ចត​ទូក​តាម​មា​ត់​ច្រាំង​ទន្លេ​ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនតូចៗ​ដែល​តែង​លេង​លើ​ទូក​ពេល​ឪពុកម្ដាយ​ជាប់រវល់​នេសាទ ​ព្រោះ​ពេល​ធ្លាក់​ទៅក្នុង​ទន្លេ​ មិន​ងាយ​នឹង​ស្រង់​មក​សង្គ្រោះ​ជីវិត​ទាន់​ពេល​ឡើយ​។

​ទន្ទឹម​នឹង​ការណែនាំ​ពី​ការ​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​ អាជ្ញាធរ​ ក៏បាន​ណែនាំ​ដល់​អ្នក​រស់​តាម​ទូក​សូម​រក្សា​បរិស្ថាន​ ដោយ​កុំ​បោះ​សំរាម​ចោល​ក្នុង​ទឹក​ និង​បន្ទោបង់​ដាក់​ក្នុង​ទឹក​ទៀត​ឲ្យ​សោះ​។ ​ព្រោះ​ទឹក​ទន្លេ​មាន​សារៈសំខាន់​ក្នុង​ការ​ប្រើប្រាស់​រួម ​តាមរយៈ​ទឹកស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​របស់​រដ្ឋ​៕
អត្ថបទ ៖ ​ន​រា​

សូមចុចអាន ៖ ថៃ​ ចាប់​ពលករ​ខ្មែរ​១០៧​នាក់ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114