BREAKING NEWS
Search

រុស្ស៊ីនិងអាមេរិកប្រជែងគ្នាលក់អាវុធទៅឲ្យឥណ្ឌាចំពេលមានភាពតានតឹងជាមួយចិននៅព្រំដែន

ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកកំពុងប្រជែងគ្នាលក់អាវុធទៅឲ្យប្រទេសឥណ្ឌាខណៈទីក្រុងញូវដែលីព្យាយាមបង្កើនការផ្គត់ផ្គង់អាវុធដោយសារតែភាពតានតឹងយោធាកាន់តែខ្លាំងឡើង​ជាមួយទីក្រុងប៉េកាំង។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលឥណ្ឌាបានប្រញាប់ប្រញាល់អនុម័តសំណើដើម្បីទិញយន្ត​ហោះចម្បាំងថ្មីរបស់រុស្ស៊ីចំនួន៣៣គ្រឿងក្នុងតម្លៃ២.៤ពាន់លានដុល្លារនិងបង្កើនសមត្ថភាព៥៩គ្រឿងបន្ថែមទៀត។ នេះជាការបន្ថែមទៅលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់៥.៤៣ពាន់លានដុល្លារអាមេរិកសម្រាប់ប្រព័ន្ធមីស៊ីលការពារអាកាស S-400 បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួ​យកងទ័ពចិននៅព្រំដែនដែលមានជម្លោះកាលពីខែមុន។

ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងជិតស្និទ្ធរបស់រុស្ស៊ីជាមួយចិនត្រូវបានប្រជាជនឥណ្ឌាចោទជាសំណួរអំពីភាពអាចទុកចិត្តបានរបស់ទីក្រុងមូស្គូខណៈសហរដ្ឋអាមេរិកដែលកំពុងបង្កើនទំនាក់ទំនងជាមួយទីក្រុងញូដែលីតាមរយៈយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងជំរុញឲ្យមាន​ការលក់អាវុធទៅឲ្យឥណ្ឌា។

ឥណ្ឌាជាអ្នកទិញធំជាងគេនៅក្នុងទីផ្សារអាវុធអន្តរជាតិដោយបានទិញក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ឥណ្ឌាបានចំណាយប្រាក់ច្រើនទៅលើអាវុធ​បរទេសជាងប្រទេសណាណាទាំងអស់នៅលើពិភពលោក។

រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ឥណ្ឌាចាប់តាំងពីសម័យសូវៀតមក។ ចាប់តាំងពីឆ្នាំ២០០០​មក រុស្ស៊ីបានលក់អាវុធក្នុងតម្លៃប្រហែល៣៥ពាន់លានដុល្លារអាមេរិកដែលស្មើនឹងជាង២ភាគ​៣នៃការផ្គត់ផ្គង់អាវុធរបស់ឥណ្ឌាដែលមានទំហំទឹកប្រាក់៥១ពាន់លានដុល្លារ។

ភាគច្រើននៃអាវុធយុទ្ធសាស្រ្តរបស់ឥណ្ឌាដូចជានាវាផ្ទុកយន្តហោះ INS Vikramaditya, យន្ត​ហោះចម្បាំង MiG-29 និង Ka-31, នាវាមុជទឹកពិឃាដ Chakra II, រថក្រោះចម្បាំង T-90 និង T-72 គឺមកពីប្រទេសរុស្ស៊ី។ លើសពីនេះទៀត ប្រទេសរុស្ស៊ីបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន​ឥណ្ឌា HAL ឲ្យផលិតយន្តហោះចម្បាំង Su-30 MKI ដែលជាប្រភេទយន្តហោះចម្បាំងដ៏សំខា​ន់សម្រាប់កងទ័ពអាកាសឥណ្ឌានិងបានចូលរួមចំណែកក្នុងការជួយដល់ការផលិតមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង BrahMos។

បើប្រៀបធៀបទៅ កិច្ចព្រមព្រៀងសព្វាវុធជាមួយសហរដ្ឋអាមេរិកមានចំនួនសរុបត្រឹមតែ៣.៩ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះប៉ុន្តែអាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១០មករហូតដល់ក្លាយទៅជាអ្នកផ្គត់ផ្គង់លំដាប់ទី២របស់ឥណ្ឌាដោយឈរពីលើប្រទេសអ៊ីស្រាអែលនិងបារាំង។

ប្រទេសឥណ្ឌាបានបំពាក់ឲ្យយោធារបស់ខ្លួនជាមួយនឹងយន្ដហោះ Boeing ប្រភេទ C-17 និង C-130J។ កាលពីដើមឆ្នាំនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានសន្យាជាមួយ​ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការទិញគ្រឿងបរិក្ខារអាមេរិកដែលមានតម្លៃ​៣ពាន់លានដុល្លាររួមទាំងឧទ្ធម្ភាគចក្រផងដែរខណៈប្រទេសទាំងពីររួមគ្នាដើម្បីទប់ទល់នឹងប្រទេសចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

កិច្ចខិតខំប្រឹងប្រែងផ្សេងទៀតរួមមានការពិភាក្សាកាលពីដើមឆ្នាំនេះដែលក្នុងនោះ សហរដ្ឋអាមេរិកបានស្នើអភិវឌ្ឍន៍យន្តហោះទំនើប F-16 សម្រាប់ប្រទេសឥណ្ឌាហើយថែមទាំងផ្ទេរខ្សែ​សង្វាក់ផលិតកម្មទៅឥណ្ឌាតាមការចង់បានរបស់រដ្ឋាភិបាលលោក Modi ក៏ដូចជាមីស៊ីលការពារដែនអាកាសផ្សេងទៀតជំនួស S-400 ផងដែរ៕

សហរដ្ឋអាមេរិកបានប្រគល់ឧទ្ធម្ភាគចក្រ Apache និង Chinook ដែលឥឡូវនេះត្រូវបានដាក់​ពង្រាយនៅតំបន់ Ladakh ក្នុងប្រទេសឥណ្ឌា៕ SCMP

ដោយ៖ វណ្ណវណ្ណ