BREAKING NEWS
Search

កំពុង​ភ្ជួរ​ដីចម្ការ​​ក្រោយ​ផ្ទះ​ ប្រទះឃើញ​គ្រាប់បែក​១​គ្រាប់ ​ក៏​ទាញ​ទូរសព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​

បាត់ដំបង ៖ គ្រាប់បែកដៃ​០១​គ្រាប់ ​ដែល​អ្នកភូមិ​សង្ស័យថា​នៅ​មាន​ឥទ្ធិពល​អាច​ប្រល័យ​ជីវិត​មនុស្ស​បាន​ ត្រូវ​ប្រជាពលរដ្ឋ​​ម្នាក់​ប្រទះឃើញ ​ខណៈ​​កសិករ​វ័យ​៦៥​ឆ្នាំ​រូប​នោះ ​កំពុងតែ​ភ្ជួរ​រាស់​ដី​ចម្ការ​ក្រោយ​ផ្ទះ​របស់​ខ្លួន​។ ក្នុងនោះ ក៏​ស្រាប់តែ​គ្រាប់បែក​នេះ​ បាន​រសាត់​តាម​អាចម៍​ដី​តែម្ដង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ការ​ប្រទះឃើញ​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃទី​១១ ​ខែ​មិថុនា ​ឆ្នាំ​២០២០​នេះ ​វេលា​ម៉ោង​០៨​និង​១០​​នាទី ​ចំណុច​ក្រុមទី​០៨ ​ភូមិ​ចុង​ព្រែក​ សង្កាត់​ក្តុល​ដូនទាវ ​ក្រុង​បាត់ដំបង​។​

ក្រោយពី​សមត្ថកិច្ច​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ កម្លាំង​នគរបាល​ជំនាញ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ និង​ជាតិពុល ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ បាន​ចូលរួម​ជាមួយ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្តុល​ដូនទាវ ចុះ​ធ្វើការ​ពិនិត្យ​គ្រាប់​UXO​ ប្រភេទ​គ្រាប់បែកដៃ​(​ក្រឡា​ទាប​)​ចំនួន​០១​គ្រាប់​ ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​។​

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ត​ថា​ គ្រាប់បែក​០១​គ្រាប់​ខាងលើ ​ត្រូវបាន​គេ​កប់​ចោល​នៅ​នឹង​ដីចម្ការ​ក្រោយ​ផ្ទះ​របស់​ ឈ្មោះ​ស៊ុន​ រិ​ន​ ភេទ​ប្រុស ​អាយុ​៦៥​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុមទី​០៨ ​ភូមិ​ចុង​ព្រែក​សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​។​ ទើបតែ​ម្ចាស់​ដី​បាន​ភ្ជួរ​រាស់​ប្រកប​របរ​កសិកម្ម​ ក៏​ប្រទះឃើញ​តែម្តង​ សំណាង​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​យក​មក​រក្សាទុក​ដោយ​មិន​យក​ទៅ​កែច្នៃ​ដែលនាំឲ្យ​គ្រោះ​ថ្នាក់​។​

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​គ្រាប់បែក​នេះ ​បាន​សន្និដ្ឋានថា ​នៅ​មាន​ឥទ្ធិពល​ដែល​បង្ក​ឲ្យ​មនុស្ស​រងគ្រោះ ​ឬ​បាត់បង់​ជីវិត​បាន ​បើសិនជា​ពលរដ្ឋ​នោះ​យក​វា​ទៅ​កែច្នៃ​ធ្វើ​អ្វីមួយ​។

​បច្ចុប្បន្ន​ សមត្ថកិច្ច​ បា​ន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ដើម្បី​ទុក​ប្រគល់​ជូន​ទៅ​អង្គភាព​ស៊ីម៉ាក់​​កម្ទេច​ចោល​តាម​បច្ចេកទេស​ជំនាញ​៕​
អត្ថបទ ៖ សៅ សារិទ្ធ​

សូមចុចអាន ៖ កម្ពុជា​ បង្កើត​សំរាម​ប្រមាណ​ជិត​៤​លាន​តោន ​ក្នុង​១​ឆ្នាំ ក្នុង​នោះ​សំណល់​ប្លាស្ទិក​មាន​ប្រមាណ​៣៥ %



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114