BREAKING NEWS
Search

លោក​ឃួ​ង ស្រេង ណែនាំ​ឲ្យ មន្ត្រី​ថ្នាក់​មូលដ្ឋាន​ពិនិត្យ ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​មុននឹង​ចាត់ទុកថា ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវតែ​ពិនិត្យ ពិចារណា​ឲ្យ​បាន​ច្បាស់​មុននឹង​ផ្ដល់​អំណោយ​ជូន​ទៅ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ដោយសារ​ថា ការ​ផ្ដល់​អំណោយ មិន​ចំ​គោលដៅ មិន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ វា​នឹង​ខាតបង់ បង្កើត​ឲ្យ​មាន​ការ​ឈ្នានីស​។

លោក​បញ្ជាក់​ថា អ្នក​ដែល​វិនិច្ឆ័យ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​មិន​ក្រីក្រ វា​ជា​ការ​សម្រេច​ចិត្ត​របស់​អស់លោក​ជា​ប្រធាន​ភូមិ លោក​ចៅសង្កាត់​និង​ក្រុមការងារ​នៅ​ថ្នាក់មូលដ្ឋាន​នេះ​ហើយ​។​ ដូច្នេះ​ត្រូវ​ពិនិត្យមើល​បញ្ហា​នេះ ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង ការ​ដាក់​សាច់ឈាម សាច់ញាតិ​ខ្លួនឯង ជា​ប្រជាពលរដ្ឋ​ក្រីក្រ ខណៈ​ដែល​ពួកគាត់ មាន​ជីវភាព​សមរម្យ​ហើយ​នោះ​។

លោក​ឃួ​ង ស្រេង ថា វា​មិន​ចំណេញ​ប៉ុន្មាន​ទេ បាន​លុយ​៥០០​ទៅ​៦០០​ដុល្លារ នា​រដូវ​កូ​វីដ​-១៩​នេះ តែ​វា​បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​និង​ថ្នាក់លើ​ថែមទៀត ហើយ​ពិសេស​ថែមទៀត​នោះ គឺ​បាត់​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង។

ការបញ្ជាក់​និង​ណែនាំ​របស់លោក​ឃួ​ង ស្រេង​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​។

ក្នុង​ឱកាស​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ការផ្សព្វផ្សាយ​ជុំវិញ​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ ទៅតាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល​។​

លោក​សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រៃ​ព្នៅ បាន​លើកឡើង​ថា ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ព្រៃ​ព្នៅ បានធ្វើ​សកម្មភាព​យ៉ាងច្រើន​នៅក្នុង​ខែមីនា​ឆ្នាំ​២០២០​កន្លង​មក​នេះ ដោយ​បាន​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ជាពិសេស​សកម្មភាព​ក្នុង​ការ​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការ​ចុះជួយ​ដល់​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រងគ្រោះ​ដែល​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​-១៩ ។

លោក​បន្ត​ថា លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ បាន​ជួយ​ស្ថាបនា​ផ្លូវ​ចំនួន​១២​ខ្សែ នៅ​សង្កា​ត់ព​ន្សាំ​ង​ចំនួន​០៩​ខ្សែ មាន​ប្រវែង ៩៩៣៤ ម៉ែត្រ អស់​ថវិកា​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក នៅ​សង្កាត់​ពញ្ញា​ពន់​មាន​ចំនួន​៣​ខ្សែ​ប្រវែង​២២២៧ ម៉ែត្រ​អស់​ថវិកា​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ​។

បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​១០​តោន ដល់​ខណ្ឌ​ព្រែក​ព្នៅ​សម្រាប់​ទុក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ការលំបាក​នៅក្នុង​ខណ្ឌ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​សាងសង់​ទីស្នាក់ការ​គណបក្ស​សង្កា​ត់​គោក​រកា បាន​ឧបត្ថម្ភ​អាច​ដី​ចំនួន​១០០០​ឡាន​ដល់​សង្កាត់​សំរោង សម្រាប់​ចាក់​បំពេញ​ទីធ្លា​សាលាសង្កាត់ ​និង​ផ្លូវ​ជាប់​សាលាសង្កាត់ បាន​នាំ​យក​ទាន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ព្រមទាំង​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ទាំង​១៨​វត្ត ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​វត្ត​ជេដ្ឋា​ឧ​ត្ត​ម​ហៅ​វត្ត​គ្រួស​និង​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114