BREAKING NEWS
Search

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ ៖ ចាប់ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២០ កម្ពុជា​លក់​ឥណទាន​កាបូន​បាន​ចំនួន​១១,៦​លាន​ដុល្លារ​អាមេរិក

ភ្នំពេញ​ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​២០១៦ មកដល់​ឆ្នាំ​២០២០ កម្ពុជា​លក់​ឥណទាន​កាបូន​បាន​ថវិកា​ចំនួន​១១,៦ លាន​ដុល្លារ​អាមេរិក ហើយ​កម្ពុជា​បាននឹងកំពុង​ស្វះ​ស្វែងរក​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​បន្ត​ទិញ​ឥណទាន​កាបូន​នេះ​បន្ថែមទៀត ខណៈ​កាបូន​ដែល​បាន​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅតាម​តំបន់ការពារធម្មជាតិ​នានា នៅ​សេសសល់​បរិមាណ​ច្រើន​។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ទៀត​ថា ការ​រក្សា​ឈើ ដើម្បី​លក់​តួនាទី​នៃ​ព្រៃឈើ ដើម្បី​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី បង្ហាញ​ពី​ការ​ធានា​បាន​នូវ​ការការពារ​ធនធានធម្មជាតិ ពី​ការ​កាប់បំផ្លាញ និង​ទន្ទ្រាន​កាន់​កាប​ដី​ព្រៃ​ក្នុង​កម្រិត​ខ្ពស់​បំផុត​។

លោក​បញ្ជាក់​ថា កម្ពុជា​បាន និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​បន្ត​ទិញ​ឥណទាន​កាបូន​នេះ​បន្ថែមទៀត ខណៈ​កាបូន ដែល​បាន​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា ដែល​កម្ពុ​ជាមាន នៅ​សេសសល់​បរិមាណ​ច្រើន​។ ទីតាំង​៣​កន្លែង ដែល​កម្ពុជា​លក់​កាបូន​បាន ក្នុងនោះ​ក៏មាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ​។

ក្រុមហ៊ុន​ដែល​បាន​ទិញ​ឥណទាន ការ​បូ​ន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​មាន​ក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និង​ក្រុមហ៊ុន Gucci​។ រហូតមកដល់​ពេលនេះ​មានតែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ ក្នុងចំណោម​ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ​។ មុននឹង​ទិញ​ឥណទាន កាបូន​នេះ មានការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព​នៃ​ការផលិត​កាបូន និង​យន្តការ​ផ្សេងៗ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត ដើម្បី​ធានា​ការពារ និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​តំបន់ការពារធម្មជាតិ ដែល​សម្បូណ៌​ដោយ​ព្រៃឈើ សត្វព្រៃ​និង​ជីវៈចម្រុះ​ផ្សេងៗ​ទៀត​។ ការសម្រេច​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា គឺ​បាន​បង្ហាញថា កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​បាន​នូវ​ធនធានធម្មជាតិ​នៅក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវបាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​។

បើ​តាម​លោក នេត្រ ភក្ត្រា អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បាន​ល្អ​ប្រសើរ ក្រសួងបរិស្ថាន​មាន​សុទិដ្ឋិនិយម​ថា​ កម្ពុជា​នឹង​អាច​លក់​ឥណទាន​កាបូន បាន​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ថែរក្សា​ឈើ​ឈរ ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរ​តួនាទី​សំខាន់​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី តាមរយៈ​ការ​លក់ ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​ហើយ​ថវិកា ដែល​បានមកពី​ការ​លក់​ឥណទាន​កាបូន​ត្រូវបាន​យក​ទៅ​ប្រើប្រាស់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការបង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅក្នុង​តំបន់​នោះ​។ ក្រុម​មន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម ដើម្បី​លក់​កាបូន​ក្នុង ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផងដែរ​។

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូប​នោះ អះអាង​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​គេទទួលស្គាល់​ថា មាន​ធនធានធម្មជាតិ និង​ជីវៈ​ចម្រុះ​ដ៏​សំបូរ​បែប​។ ព្រៃឈើ​គ្រប​ដណ្តប់​ប្រមាណ​៥០​ភាគរយ នៃ​ផ្ទៃ​ប្រទេស ដែល​ជា​អត្រា​ខ្ពស់​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មកទល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ​៤១​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ​៧,៣ លាន ហិកតា​ដែល​ក្នុងនោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​សរុប​ចំនួន​៦៩ កន្លែង និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​១២៦០​នាក់​ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​នានា បាននឹងកំពុង​ឈរជើង​ការពារ​៕
កោះ​កែវ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114