BREAKING NEWS
Search

ចាប់ពី​ដើមឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​បាន​ចំនួន​៣៧.៤៣៦​ច្បាប់ ក្នុងនោះ​វៀតណាម​ច្រើនជាងគេ

ភ្នំពេញ ​៖ ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ដើមឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ក្រុមការងារ​បាន​ធ្វើ​ការ​ដក​ហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុង​កាន់​កាប់​បាន​ចំនួន​៣៧.៤៣៦​ច្បាប់ ក្នុង​នោះ​វៀតណាម​ចំនួន​១៩.៩៦៧​គ្រួសារ មនុស្ស​ចំនួន​៦៩.៧៨៧​នាក់ ហើយ​ក្នុងនោះ មាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត​បាន​ដាក់​ពាក្យ​ស្នើសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​សុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន​១១​សញ្ជាតិ​។

ការ​បញ្ជាក់​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ឡើង​តាមរយៈ​លិខិត​មួយ​ច្បាប់​លេខ​១៩៩០ សជណ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។ ក្រសួង​បាន​បញ្ជាក់​ថា ជាទូទៅ​ជនបរទេស​ត្រូវ​បាន​ចែកជា​ពីរ​ប្រភេទ គឺ​ជនបរទេស​មិនមែន​អន្តោប្រវេសន្ត និង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​។ ជនបរទេស​មិនមែន​អន្តោប្រវេសន៍​សន្ត គឺជា​ជន​ដែល​ចូល​មក​ក្នុង​ប្រទេស ដើម្បី​ស្នាក់នៅ​បណ្ដោះអាសន្ន​រយៈ​ពេល​ខ្លី​។ ឯ​ជនបរទេស​អន្តោ​ប្រវេ​សន្ត គឺជា​ជនបរទេស​ដែល​ចូល​មក​ស្នាក់នៅ​រយៈពេល​យូរ របៀប​ជា​ការ​តាំងទី​លំនៅ​ជា​ក្រុម​គ្រួសារ​។ ជនបរទេស​អន្តោ​ប្រវេ​សន្ត​មាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បន្តបន្ទាប់​តាំងពី​ជំនាន់​អាណានិគមនិយម​បារាំង និង​បាន​កើនឡើង​ច្រើន​នៅក្នុង​ទសវត្សរ៍​ទី​៥០ និង​៦០​។ ហេតុ​ដូច​នេះ​ហើយ ទើប​មាន​ព្រះរាជក្រម​ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៩៥៦ ដែល​ត្រូវបាន​ឡាយព្រះហស្តលេខា ដោយ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ប្រកាស​ឱ្យប្រើ​ច្បាប់​ស្ដីពី​ចូលមក​រស់នៅ ឬ​មកសុំ​ស្នាក់នៅ​ប្រទេស​កម្ពុជា​នៃ​ជនបរទេស​។

ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ច្បាប់​ស្ដីពី​ចូល​មក​រស់នៅ ឬ​មក​សុំ​ស្នាក់នៅ​ប្រទេស​កម្ពុជា នៃ​ជនបរទេស​ត្រូវបាន​ផ្អាក​ឈប់​អនុវត្ត​។ បន្ទាប់ពី​បានធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​របបរាជានិយម​បង្កើត​របប​សាធារណរដ្ឋ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ លោក​សេនាប្រមុខ លន់ នល់ បាន​ប្រើ​កម្លាំង​អាជ្ញាសឹក ដើម្បី​ដោះស្រាយ​បញ្ហា​ជនបរទេស ដោយ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស ច្បាប់​ជាតិ និង​អន្តរជាតិ​។ នៅក្នុង​របប​ប្រល័យពូជសាសន៍ ដែល​ហៅថា កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ទន្ទឹមនឹង​ការកាប់សម្លាប់​រង្គាល​ប្រជាជន​អស់​ជាង​២ លាន​នាក់ ជនបរទេស​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ត្រូវបាន​កាប់សំលាប់​មិន​រើសមុខ ដោយ​មិន​គិតគូរ​ពី​ច្បាប់ទម្លាប់ ឬ​សិទ្ធិ​ក្នុងការ​រស់រៀនមានជីវិត​អ្វី​ឡើយ​។

បន្ទាប់ពី​ការបោះឆ្នោតជាតិ​លើកទីមួយ​ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការងារ​គ្រប់គ្រង​ជនបរទេស​ជា​កិច្ចការ​អាទិភាព​ចម្បង ហេតុនេះហើយ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ត្រូវបាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៩៤​។ ផ្ដើម​ពី​នោះ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងមហាផ្ទៃ​ជា​សេនាធិការ បាន​យកចិត្តទុកដាក់​ដឹកនាំ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ រួមទាំង​ការកសាង​បទដ្ឋាន​គតិយុត្តិ​នានា និង​ការចាត់តាំង​អនុវត្ត​ការគ្រប់គ្រង​ជនបរទេស​ចេញចូល​តាម​ច្រកព្រំដែន និង​ការ​ស្នាក់នៅ​ក្នុង​ប្រទេស​។

ដោយឡែក​ចំពោះ​ជនបរទេស​អន្តោប្រវេសន្ត ការដោះស្រាយ​ត្រូវបាន​អូសបន្លាយ និង​រាំងស្ទះ​ដោយសារតែ​ហត់​ហេតុផល​នយោបាយ​។ ទោះជា​យ៉ាងណា​ក្រសួងមហាផ្ទៃ បាន​ចាត់ចែង​ធ្វើ​ជំរឿន ស្ថិតិ​ជនបរទេស ដើម្បី​គ្រប់គ្រង​ម្តង​នា​ឆ្នាំ​៩៩៥ ហើយ​ម្តងទៀត​នៅ​ឆ្នាំ​២០១២​។

ដោយ​ពិនិត្យ​ឃើញ​ថា មិនអាច​ទុក​ឲ្យ​បញ្ហា​អន្តោ​ប្រវេ​សន្ត បន្ត​ស្ថិតនៅ​ជា​គ្រោះ​ហានិភ័យ​ចំពោះ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​ស្នើសុំ​គោលការណ៍​ដឹកនាំ និង​បាន​ទទួល​នូវ​ការគាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដោះស្រាយ​កិច្ចការ​នេះ​ប្រកបដោយ​ការ​បេ្ត​ជ្ញា​ចិត្ត និង​ការទទួលខុសត្រូវ​ចំពោះ​ផលប្រយោជន៍​ជាតិ​។

ក្រោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល គណៈកម្មការ​អន្តរក្រសួង​មួយ និង​ក្រុមការងារ​ប្រតិបត្តិ​ជាច្រើន​ត្រូវ​បាន​បង្កើតឡើង ដើម្បី​ចុះ​ធ្វើ​ជំរឿន ស្ថិតិ​ជនបរទេស​អន្តោ​ប្រវេ​សន្ត ឡើងវិញ​ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ដើម្បី​វាយតម្លៃ​ចងក្រង ជាតា​រាង​ឧបសម្ពន្ធ​ផ្លូវការ​បម្រើ​ឲ្យ​ការកំណត់​ក្របខ័ណ្ឌ គ្រប់គ្រង​និង​ដោះស្រាយ​។

បន្ថែម​លើស​ពី​នេះ ក្រោយពេល​បិទ​ឱសានវាទ​នៃ​យុទ្ធនាការ​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមក គឺមាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​ទូទាំង​ប្រទេស​បានដាក់​ពាក្យ​ស្នើសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​សុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ចំនួន ៨៩.៧៨៦​នាក់ ស្មើនឹង​២៨.៩៤៥ គ្រួសារ មាន​១១​សញ្ជាតិ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ចំនួន​៨៩.៤៧១​នាក់ (​ស្រី​៤២.៨៣៦) ថៃ​ចំនួន​១១៧​នាក់ (​ស្រី​១៥​នាក់ ) ឡាវ​ចំនួន​១៥១​នាក់ (​ស្រី​៥២​នាក់ )​ចិន​២២​នាក់ (​ស្រី​១៣​នាក់​) ភូមា​១៤​នាក់ (​ស្រី​០៥​នាក់​) ឥណ្ឌូនេស៊ី​០៣​នាក់ (​ស្រី​០២​នាក់​) ម៉ាឡេស៊ី ចំនួន​០៣​នាក់ (​ស្រី​០១​នាក់​) ណេ​ប៉ាល់​ចំនួន​០២ (​ស្រី​០​នាក់​) បង់​ក្លា​ដេ​ស​០១​នាក់​(​ស្រី​០​នាក់​) តង់​ហ្សា​នី​០១​នាក់ (​ស្រី​០​នាក់​) និង​អាឡឺម៉ង​ចំនួន ០១​នាក់ (​ស្រី​០​នាក់ )​។

ជាមួយគ្នា​នោះ​ដែរ ក្រសួងមហាផ្ទៃ​កត់សម្គាល់​ឃើញថា ក្នុង​ដំណើរការ​ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ​ក្រុមការងារ​បានធ្វើ​ការ​ដក​ហូត ឯកសារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​កាន់​កាប់​ចាប់តាំងពី​ដើមឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចំនួន​៣៧.៤៣៦​ច្បាប់ ពី​ជនបរទេស​ចំនួន​២០.១០៧​គ្រួសារ ដែលមាន​មនុស្ស​សរុប​ចំនួន​៦៩.៩៥៧ ស្មើរ​នឹង​១១​សញ្ជាតិ ក្នុងនោះ​សញ្ជាតិ​វៀតណាម​ចំនួន​១៩.៩៦៧​គ្រួសារ មនុស្ស​ចំនួន ៦៩.៧៨៧​នាក់​។

បន្ថែម​លើសពី​នេះ​ផង​ដែរ បច្ចុប្បន្ន​ជនបរទេស ដែលមាន​ចំនួន​ដូច​បាន​រៀបរាប់​ខាងលើ កំពុង​ត្រូវបាន​ក្រសួងមហាផ្ទៃ ផ្តល់ជូន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ (​សុពលភាព​០២​ឆ្នាំ​ម្តង​) ជា​បន្តបន្ទាប់ ដើម្បី​ដាក់​ពួកគេ​ឱ្យ​ស្ថិតនៅក្រោម​គន្លង​ច្បាប់ និង​អនុវត្ត​កាតព្វកិច្ច​នានា តាម​ការកំណត់​៕
កោះ​កែវ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114