BREAKING NEWS
Search

ក្នុង​ឆ្នាំ​២០២០​នេះ​ ស្រូវ​សរីរាង្គ​កសិករ​នៅ​ខេត្តព្រះវិហារ​៦​ពាន់​តោន ត្រូវ​​ក្រុមហ៊ុន​ក្នុងស្រុក​ចុះ​កិច្ច​សន្យា​ប្រមូល​ទិញ

​ភ្នំពេញ ៖ ស្រូវ​សរីរាង្គ​របស់​កសិករ​នៅ​ខេត្តព្រះវិហារ ដែល​ជា​ខេត្ត​ផលិត​បាន​ស្រូវ​សរីរាង្គ​ដ៏​ធំ​ជាង​គេ ត្រូវបាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ បន្ដ​ទទួល​ទិញស្រូវ​សរីរាង្គ​ពី​សហគមន៍​កសិកម្ម​ចំនួន​០៨ នៅក្នុង​ខេត្តព្រះវិហារ ចំនួន​៦,០០០​តោន សម្រាប់​រដូវ​កាល​ឆ្នាំ ២០២០ និង​ឆ្នាំ​២០២១ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ​។

ក្នុង​កិច្ចព្រមព្រៀង​ទទួល​ទិញស្រូវ​សរីរាង្គ​នេះ ធ្វើឡើង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា និង​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្តីពី​ការផលិត និង​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ រវាង​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ ខេត្តព្រះវិហារ និង​ក្រុមហ៊ុន ហ្គោល​ដិ​ន​រ៉ា​យស៍ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ពឹង ទ្រី​ដា បាន​ថ្លែងថា ស្រូវ​នៅ​ខេត្តព្រះវិហារ មានតម្លៃ​ខ្ពស់ជាង​បណ្តា​ខេត្ត ផ្សេងៗ តាមរយៈ​ការចាប់​ដៃគូ​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ ក្នុង​ក្របខ័ណ្ឌ​កសិកម្ម តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​។

លោក​ថា ចាប់ពី​ថ្ងៃនេះ​ទៅ​ស្រូវ​មាន​ម្ចាស់​ហើយ ដូចនេះ​កសិករ​ផលិត​ទាំងអស់ ត្រូវ​គោរព​ទៅតាម​គោលការណ៍​កិច្ចសន្យា ដោយមាន​ភាព​ស្មោះត្រង់ មិន​ក្លែងបន្លំ ជៀសវាង​ការ​លក់​ស្រូវ​ឲ្យ​អ្នក​ផ្សេង ជាពិសេស​ត្រូវ​រក្សា​កេរ្តិ៍ឈ្មោះ​សហគមន៍​របស់​ខ្លួន​ឲ្យ​បាន​ល្អ ជាមួយនឹង​ក្រុមហ៊ុន​ដៃគូ គឺ​ធ្វើយ៉ាងណា​ត្រូវ​បង្កើន​នូវ​ផលិតផល​ប្រកបដោយ​គុណភាព ឆ្ពោះទៅកាន់​ទីផ្សារ ដើម្បី​បង្កើន​នូវ​ប្រាក់ចំណូល​ខ្ពស់​។

ចំណែក​លោក​ឧកញ៉ា សុខ ហាច អគ្គនាយក​ក្រុមហ៊ុន​ហ្គោល​ដិ​ន​រ៉ា​យស៍ បានលើកឡើង​ដែរ​ថា ដោយសារតែ​ខេត្តព្រះវិហារ ពោរពេញ​ទៅដោយ​សក្តានុពល​ផ្នែក​កសិកម្ម និង​មាន​លក្ខណៈ​សរីរា​ង្គ ទើប​ក្រុមហ៊ុន​បានសម្រេច​ចិត្ត​ចូលរួម​វិនិយោគ​ជាមួយ​កសិករ​នៅ​ខេត្តព្រះវិហារ​នេះ ក្នុងការ​ទទួល​ទិញ​នូវ​ស្រូវ​សរីរាង្គ ក្នុង​តម្លៃ​ខ្ពស់​សមរម្យ​។

លោក​បន្ដ​ថា ​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ ក្រុមហ៊ុន​បាន​ចុះ​កិច្ច​សន្យា​បញ្ជា​ទិញ​លើ​បរិមាណ​តែ​ជាង ៣​ពាន់​តោន​ប៉ុណ្ណោះ តែ​ដោយឡែក​ក្នុង​រដូវ កាល​ឆ្នាំ​២០២០-២០២១​នេះ ក្រុមហ៊ុន​ព្រម​បន្ដ​ទទួល​ទិញ​ស្រូវ​សរីរាង្គ​ពី​សហគមន៍ រហូតដល់ ៦​ពាន់​តោន ហើយ​នៅ​ឆ្នាំក្រោយៗ​ទៀត លោ​កថា​បរិ​មាណនៃ​ការប្រមូលទិញ​និង​កើន​ឡើងជា​បន្ដបន្ទាប់​ទៀត​។ តែ​ទោះ​បែបនេះ​ក្ដី​លោក​ក៏បាន​ស្នើ​ដល់​សមាជិក​សហគមន៍​ទាំងអស់ ត្រូវគោរព​ទៅតាម​គោលការណ៍​កិច្ចសន្យា ពិសេស​គឺ​ស្ដង់ដា​សរីរាង្គ​។​
​លោក​បន្ដទៀតថា ក្រុមហ៊ុន​ហ្គោល​ដិ​ន​រ៉ា​យស៍ នៅ​ឆ្នាំ​ខាងមុខៗ​ទៀត មិន​ត្រឹមតែ​ទិញស្រូវ​ស្រូវ​សរីរាង្គ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​ទិញ​ផលិតផល​ផ្សេងៗ​ទៀត​ពី​កសិករ​នៅ​ខេត្តព្រះវិហារ មានដូចជា ម្រេច និង​ដំឡូង​មី​សរីរាង្គ​ជាដើម ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​ភាព​រីកចម្រើន និង​ជួយ​ដល់​កសិករ​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន​។​

​ដោយឡែក​លោក​មុត ភិ​សិទ្ធិ​នា អភិបាលរង​ខេត្តព្រះវិហារ បានលើកឡើង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គិតគូរ​ពី​បញ្ហា​ទីផ្សារ​កសិកម្ម សម្រាប់​កសិករ ដើម្បីឱ្យ​កសិករ​មាន​ជីវ​ភាពល្អ​ប្រសើរឡើង​, ដូចជា​ថ្ងៃនេះ​ក្នុង​ក្របខ័ណ្ឌ​កសិកម្ម​តាម​កិច្ចសន្យា ពិត​ជាមាន​អត្ថប្រយោជន៍​ខ្លាំងណាស់​សម្រាប់​គ្រប់ភាគី ចំណែក​ភាគី​កសិករ​មិន​បារ​ម្មណ៍​លើ​បញ្ហា​កង្វះ​ទីផ្សារ​ទៀតឡើយ ដោយសារ​ទីផ្សារ​បានមក​ដល់ផ្ទះរ​បស់បង​ប្អូន​ប្រជាកសិករ​។​

​ទន្ទឹមនឹង​គ្នា​នេះដែរ​អភិបាលរង​ខេត្តព្រះវិហារ ក៏បាន​ធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ វិស័យ​ឯកជន និង​សហគមន៍​ដែល​បាន​សហការគ្នា​យ៉ាង​ល្អប្រសើរ​ក្នុងការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម និង​ជីវភាព​គ្រួសារ​របស់​ប្រជាកសិករ​បាន​យ៉ាង​ល្អ​៕
ឧ​ត្ត​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114