BREAKING NEWS
Search

ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​១០ ​ខែកក្កដា ​រក​ឃើញ​មធ្យោបាយ​ល្មើស​១៩០៧​គ្រឿង

ភ្នំពេញ ៖ ការ​រឹត​បន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រកឃើញ​មធ្យោបាយ​ល្មើស​ប្រមាណ ១៩០៧​គ្រឿង នេះ​បើ​យោងតាម​របាយការណ៍ ដែល​កាសែត​កម្ពុ​ជាថ្មី ទទួលបាន​ពី​នាយកដ្ឋាន​នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់​សាធារណ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

ក្នុងចំណោម​មធ្យោបាយ​ដែល​ល្មើសច្បាប់​ចរាចរណ៍​ទាំង ១៩០៧​គ្រឿង​នេះ ក្នុងនោះ​មាន​ម៉ូតូ ចំនួន ៧៩២​គ្រឿង និង​យានយន្ត​ផ្សេងៗ​ទៀត រួម​ទាំង​រថយន្ត ១១១៥​គ្រឿង។ សម្រាប់​រយៈពេល ១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ លទ្ធផល នៃ​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រកឃើញ​មធ្យោបាយ​ល្មើសច្បាប់ សរុប ប្រមាណ ២០៨១៨​គ្រឿង​នេះ ក្នុងនោះ​មាន ម៉ូតូ ចំនួន ៨៧៩៨​គ្រឿង និង​យានយន្ត​ផ្សេងៗ​ទៀត រួម​ទាំង​រថយន្ត សរុប ចំនួន ១២០២០​គ្រឿង។

សូម​ជម្រាប​ជូន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​សុក្រ ១០​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ តទៅ កម្លាំង​នគរបាល​ចរាចរណ៍​នឹង​អនុវត្ត​ការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ .​ប​.​ក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្តីពី​ការ​កែសម្រួល​អនុក្រឹត្យ​លេខ ៤៤ អនក្រ .​ប​.​ក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពី ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ដំឡើង​កម្រិត​ទឹកប្រាក់​ពិន័យ​ក្នុង​ចំនួន​ពី ៣ ( បី ) ទៅ ៥ ( ប្រាំ ) ដង។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ប្រកបដោយ​ឆន្ទៈ​ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​សង្គម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114