BREAKING NEWS
Search

តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​ប៉ារីស នឹង​បញ្ជូន​សំណុំរឿង​សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​ទណ្ឌិត សម រង្ស៉ី ទៅ​ជំនុំជម្រះ​នាពេល​ឆាប់ៗ​ខាងមុខ​

ភ្នំពេញ ​៖ លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន FN នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា នេះ​ថា ពាក្យបណ្ដឹង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្តឹង​ទណ្ឌិត សម រ​ង្ស៉ី នៅ​ប្រទេស​បារាំង​នោះ ត្រូវបាន​ព្រះរាជអាជ្ញា​ទីក្រុង​ប៉ារីស សម្រេច​ឯកភាព​ដាក់​ក្រោម​ការត្រួតពិនិត្យ​ចោទប្រកាន់​ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​” ហើយនឹង​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ នាពេល​ឆាប់ៗ​ខាងមុខ​។

លោក គី តិច លើកឡើង​ទៀត​ថា នៅ​ពេល​នេះ​លោក សម រ​ង្ស៉ី បាន​ស្វះ​ស្វែងរក​មេធាវី​២​រូប​ការពារ​ខ្លួន​ក្នុង​រឿងក្តី​នេះ បើ​តាម​នីតិវិធី​មេធាវី​របស់ សម រង្សី មាន​រយៈ​ពេល​៣​ខែ សម្រាប់​ដាក់​សារ​ណា​ការពារ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ ពោល​គឺ​គិត​ពី​ថ្ងៃ​ចៅក្រម​ស៊ើបសួរ​ធ្វើការ​ចោទប្រកាន់​លើ សម រង្ស៊ី​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០ តុលាការ​ព្រហ្មទណ្ឌ នៃ​ទីក្រុង​ប៉ារីស បានសម្រេច​ដាក់​ទណ្ឌិត សម រ​ង្ស៉ី មេដឹកនាំ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​បាន​សំងំ​លាក់ខ្លួន​នៅក្នុង​ប្រទេស​បារាំង ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​” តាម​បណ្តឹង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា​។ ការចោទប្រកាន់​នេះ ត្រូវ​បាន​ធ្វើ​ចំពោះ​គ្រប់​ពាក្យសម្ដី​ចោទប្រកាន់​ទាំងអស់​ដែល​បានលើកឡើង​នៅក្នុង​ពាក្យបណ្ដឹង​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។ ចៅក្រម​ស៊ើបសួរ​បារាំង​បាន​កត់សម្គាល់ថា មាន​តម្រុយ និង​ភស្តុតាង​គ្រប់គ្រាន់ និង​ស៊ីសង្វាក់​ដែល​អាច​បញ្ជាក់ថា បុគ្គល សម រង្ស៉ី បាន​ប្រព្រឹត្ត​បទល្មើស​ដូចដែល​បាន ចោទប្រកាន់​ខាងលើ​។ បុគ្គល សម រ​ង្ស៉ី ពុំ​មាន​មូលដ្ឋាន​ផ្លូវច្បាប់ ដែល​អាច​ប្រកែក​ដោះ​បន្ទុក ឬ​ធ្វើការ​ជំទាស់​ទៅនឹង​ពាក្យសម្ដី​របស់ខ្លួន ដែល​ត្រូវបាន​ចោទប្រកាន់​នោះទេ​។

កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា និង​មេធាវី​បារាំង បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ជា​ផ្លូវការ ប្តឹង​ទណ្ឌិត សម រ​ង្ស៉ី ពី​បទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​” ទៅកាន់​តុលាការ​ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114