BREAKING NEWS
Search

ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាអះអាងថាក្រសួងអប់រំនឹងអនុញ្ញាតឲ្យសាលាអន្តរជាតិធំៗជាង១០បើកដំណើរការនៅខែសីហាខាងមុខ

ភ្នំពេញ៖លោក ហេង វ៉ាន់ដា ប្រធានប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី១២ ខែកក្កដានេះថា ក្រសួងអប់រំយុវជននិងកីឡានឹងអនុញ្ញាតសាលាអន្តរជាតិធំៗ ប្រមាណជាង១០ ដែលមានស្តង់ដារខ្ពស់បើកដំណើរការឡើងវិញនៅ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។
លោកបានបន្តថា«ក្រសួងបើកសាលានៅខែ៨បើតាមខ្ញុំដឹងមានជាង១០សាលាអន្តរជាតិធំៗដែលគេមានស្តង់ដាអនាម័យកំរិតខ្ពស់អីចឹងក្រសួងអប់រំឲ្យ

ដំណើរការមុនដើម្បីឲ្យសិស្សចូលរៀនសាកល្បងមើលហើយនៅខែ៩ទើបមានបើកច្រើនពោលគឺសាលាដែលមានអនាម័យធន់កណ្តាល»។ លោកបានបន្ថែមថា«ការបើកលើកទី១នេះដែលមានស្តង់ដាអនាម័យខ្ពស់មិនសូវមានសាលាណាចង់បើកទេដោយសាររត់ថ្លៃដើមមិនរួចលុះដល់ខែ៩ដែលមានអនាម័យធន់កណ្តាលដែលអាចដាក់សិស្សក្នុង១ថ្នាក់២៥ទៅ៣០អាចមានសាលាបើកច្រើន»។

យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាគាំទ្រចំពោះក្រសួងអប់រំយុវជននិងកីឡាដែលមានផែនការបើកសាលារៀនឡើងវិញបណ្តើរៗជាដំណាក់កាលៗ។ លោករស់សុវាចាអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានអោយដឹងថាក្រសួងអប់រំនឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតអោយដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០។

លោកបានបន្តថា ក្រសួងអប់រំបានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។ យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមានគ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជាការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស។ ល។

គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី រៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។ គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស។-គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។

លោករស់សុវាចាបានបញ្ជាក់ថាក្រសួងអប់រំនឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។
លោកបានឲ្យដឹងទៀតថាផ្អែកតា មបទពិសាធន៏ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕

អត្ថបទ៖ សំអឿន

ចុចអាន៖ ច្រកទ្វារអន្តរជាតិ គីឡូ១៣(ច្រកភ្នំដី) ភាគីថៃត្រៀមនឹងបើកឱ្យដំណើរការឡើងវិញ ក្នុងរយះពេលខ្លីខាងមុខនេះ