BREAKING NEWS
Search

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពតចុះសួរសុខទុក្ខស្វែងយល់ពីជីវភាព និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចេក ឃុំទូកមាសខាងលិច

(ខេត្តកំពត)÷ ដោយសារក្ដីកង្វល់ពីរបបទឹកភ្លៀងមានភាពរាំងស្ងួតអូសបន្លាយយូរ ដែលបញ្ហានេះអាចនាំឲ្យប៉ះពាល់លើការងារបង្កបង្កើនផល ពិសេសលើដំណាំស្រូវរបស់ប្រជាពលរដ្ឋ លោក ជាវ តាយ អភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០​ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខពីជីវភាព រស់នៅនិងស្វែងយល់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

មានប្រសាសន៍សំណេះសំណាល លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន តែងបានអនុវត្តនូវនយោបាយទឹក សម្រាប់ក្នុងវិស័យកសិកម្មជាអាទិភាពចម្បង ក្នុងនោះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត មានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌទូទំាងប្រទេស ដោយឡែកសម្រាប់ខេត្តកំពត ក៏បាននឹងកំពុងកសាងប្រព័ន្ធធារាសាស្ត្រ នៅក្នុងមូលដ្ឋានមួយចំនួន មានការរីកចម្រើនជាបន្តបន្ទាប់។ជាក់ស្ដែងប្រព័ន្ធធារាសាស្រ្តទ្វារទាក់ទឹកព្រែកទូកមាសនដែលក្រសួងធនធានទឹកនិងឧត្តុនិយមបាននិងកំពុងដំណើរការសាងសង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះតែម្ដង។

លោកអភិបាលខេត្តក៏បានបន្តទៀតថា ដោយផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា នៅក្នុងរយៈពេលពាក់កណ្ដាលខែកក្កដានេះ ទឹកភ្លៀងអាចមានភាពរាំងស្ងួតអូសបន្លាយយូរ ដែលបញ្ហានេះអាចធ្វើឱ្យប្រជាកសិករជួបការបញ្ហាការខ្វះខាតទឹកដែលនាំឱ្យប៉ះពាល់ ស្រូវវស្សារឬដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ។

ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាប្រភពទឹកអោយបានល្អ ហើយបើមានជួបប្រទះបញ្ហាប៉ះពាល់លើដំណាំស្រូវ ដោយសារការខ្វះខាតទឹក នឹងមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់បូមជួយសង្គ្រោះដំណាំស្រូវបាន សូមបងប្អូនរាយការណ៍ឲ្យបានជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តបានដឹងដើម្បី ចាត់វិធានការចុះជួយអន្តរាគមន៍បូមទឹកឲ្យបានទាន់ពេលវេលា ដោយមិនត្រូវព្រងើយកន្តើយ ទុកចោលឲ្យមានការប៉ះពាល់ខូចខាតធ្ងន់ធ្ងរលើដំណាំស្រូវ របស់បងប្អូនបានឡើយ។

ជាមួយឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ស្នើឲ្យប្រជាពលរដ្ឋ នៅពេលមានទឹកគ្រប់គ្រាន់ ត្រូវបង្កើនការសាបព្រោះដកស្ទូងស្រូវនិងដាំដុះដំណាំរួមផ្សំឲ្យអស់លទ្ធភាពផ្ទៃដីដែលមាន ហើយបើមាន បញ្ហាកង្វល់ បញ្ហាប្រឈម ឬតម្រូវការផ្សេងៗ ក៏សូមឲ្យប្រញាប់រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញពាក់ព័ន្ធ ដើម្បីសហការគ្នាចូលរួមជួយដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សជាបន្ទាន់ផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ក៏បានជូនក្រមា និងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋ កម្មករកងកម្លាំង ដែលបានចូលរួមប្រមាណជាង១០០ នាក់ និងបានបន្ត ចុះស្វែងយល់សំណង់ស្ទាក់ទឹកព្រែកទូកមាស នៅក្នុងភូមិព្រៃចេកឃុំទូកមាសខាងលិចនេះ ដែលបាននិងកំពុងដំណើរការសាងសង់ប្រមាណ ៧០ ភាគរយផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធិ