BREAKING NEWS
Search

ប្រធានគណបក្សប្រជាជនខេត្តកំពត ជំរុញដល់មន្ត្រីបក្សខិតខំដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ខេត្តកំពត៖ លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីបង្គោលគណបក្សប្រជាជននិងមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំ ក្នុងស្រុកបន្ទាយមាស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានជំរុញឲ្យ មន្ត្រីគណបក្ស ជំនាញពាក់ព័ន្ធអាជ្ញាធរ គ្រប់ថ្នាក់ បន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចដឹកនាំ គ្រប់គ្រងទាំងរចនាសម្ព័ន្ធក្នុងបក្ស និងបង្កើន វិធានការដោះស្រាយរាល់សំណូមពរការលំបាក បញ្ហាប្រឈមតម្រូវការនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ និងគណបក្សឲ្យបានសម្រេចលទ្ធផលកាន់តែល្អប្រសើរឡើងថែមទៀត។

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបន្តលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលតែងតែមានភាពស្មោះសរ រួមសុខរួមទុក្ខនៅជាប់ជាមួយប្រជាជន និងដោះស្រាយរាល់ការលំបាកសំណូមពរ បញ្ហាប្រឈម បញ្ហាធំៗ ក្នុងដំណើរការកសាងការការពារនិងកិច្ចអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យជូនប្រជាជននិងប្រទេសជាតិគ្រប់កាលៈទេសៈកន្លងមក។

ប្រធានគណបក្សប្រជាជនខេត្ត ក៏បានបន្តទៀតថា នៅពេលខាងមុខនេះ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ គឺជាការងារសំខាន់ចាំបាច់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្ដើម ឈានយកភាពជោគជ័យបន្តទៀត ក្នុងការដឹកនាំ និងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា និងការបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែមានភាពប្រសើរឡើងថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

ដូច្នេះដើម្បីភាពជោគជ័យលើគោលដៅនេះគណបក្សប្រជាជន តែងបានចុះជាប់ជាមួយប្រជាជន និងមន្ត្រីគណបក្ស អាជ្ញាធរ ជារៀងរហូតមកនៅក្នុងមូលដ្ឋាននីមួយៗ។ ជាក់ស្ដែង ថ្នាក់ដឹកនាំគណបក្សខេត្ត បានមកជួបមន្ត្រីបង្គោលគណបក្សពេលនេះគឺដើម្បី ស្វែងយល់និងក្ដាប់ឲ្យជាប់នូវសភាពការណ៍រួមទូទៅ បញ្ហាប្រឈម សំណូមពរ តម្រូវការ ដែលបានលើកឡើងដោយមន្ត្រីមូលដ្ឋានដើម្បីបន្តវិធានការដោះស្រាយឲ្យមានប្រសិទ្ធភាពនិងឆាប់រហ័ស បម្រើប្រយោជន៍សាធារណៈនិងប្រជាពលរដ្ឋមូលដ្ឋាន។

ជាមួយនេះ លោក ជាវ តាយ ក៏បាន ក្រើនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំគណបក្ស អាជ្ញាធរ ជំនាញពាក់ព័ន្ធ ចាប់ពីពេលនេះតទៅនៅចំពោះមុខនេះត្រូវបង្កើនការយកចិត្តទុកដាក់សហការ លើកកម្ពស់ អំពើល្អ និងគុណភាពសេវាសាធារណៈ បង្កើនការទប់ស្កាត់បទល្មើសនានាពិសេស បទល្មើសគ្រឿងញៀន និងបង្កើនការដោះស្រាយបញ្ហាប្រឈមនានាក៏ដូចបញ្ហាខ្វះខាតជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលបច្ចុប្បន្នជំងឺឆ្លងដ៏កាចសាហាវនេះនៅមិនទាន់បានធូរស្បើយនៅឡើយ។

ទន្ទឹមនឹងនោះក៏ត្រូវបង្កើនស្មារតីគិតគូរផលប្រយោជន៍របស់ប្រជាជន និងបក្ស ពង្រឹងគុណភាពមន្ត្រីគណបក្ស ឲ្យបានកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដោយសមាជិក ម្នាក់ៗត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាជន លើកកម្ពស់ការចូលរួមពង្រឹងសមត្ថភាពនិងអនុវត្តការងារប្រកបដោយគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិនិងគណបក្ស។

ក្នុងឱកាសនោះ លោក ជាវ តាយក៏បានឧបត្ថម្ភដល់សមាជិក សមាជិកាគណបក្សចំនួន៥៦នាក់ ក្នុងម្នាក់ៗថវិកា៥ ម៉ឺនរៀលនឹងឧបត្ថម្ភគណបក្សស្រុកចំនួន១លានរៀលផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ